អានតួអត្ថបទ
អ៊ុយក្រែន

សន្និសីទ​ឧទ្ទិស​ដល់​ខួប​២៥​ឆ្នាំ​នៃ​សោកនាដកម្ម​ឈែរណូប៊ីល(Tchernoby)l

សន្និសីទ ដែល​ថ្ងៃ​នេះ​ប្រព្រឹត្ត​ទៅ នៅ​រដ្ឋ អ៊ុយក្រែន​បើក​ដោយ​លោក​ប្រធាន​នៃ​គណៈកម្មការ​អឺរ៉ុប José Manuel Barroso។ បញ្ហា​មួយ​ដែល​សន្និសីទ លើក​យក​ទៅ​ជជែក​ពិភាក្សា គឺ​អំពី​ចំនួន​មនុស្ស ដែល​សុខភាព​គេ បាន​ត្រូវ​ប៉ះពាល់​ដោយ​រង​ធាតុ​វិទ្យុសកម្ម បណ្តាល​មក​ពី​ការ​ផ្ទុះឆេះ​​នៃ​ម៉ាស៊ីន​ប្រតិកម្ម​មួយ ពី​ក្នុង​ចំណោម​ម៉ាស៊ីនប្រតិកម្ម​៤ របស់ ស្ថានីយ​អគ្គិសនី​បរមាណូ​​ឈែរណូប៊ីល(Tchernobyl) កាលពី​២៥​ឆ្នាំ​មុន គឺ​កាលពី ខែ​មេសា​ឆ្នាំ​១៩៨៦។

លោក Jose manuel Barroso(រុបស្តាំ)ប្រធាននៃគណៈកម្មការអឺរ៉ុប​និងលោកប្រធានាធិបតី អ៊ុយក្រែននៅទីក្រុង Kievថ្ងៃ១៨មេសា២០១១
លោក Jose manuel Barroso(រុបស្តាំ)ប្រធាននៃគណៈកម្មការអឺរ៉ុប​និងលោកប្រធានាធិបតី អ៊ុយក្រែននៅទីក្រុង Kievថ្ងៃ១៨មេសា២០១១ © Reuters
ផ្សាយពាណិជ្ជកម្ម

 

02:21

សេចក្តី​រាយការណ៍​របស់ កែវ ឆាយាពីទីក្រុង ម៉ូស្គូ

កែវ ឆាយា

ទោះបី​កន្លង​ផុត​២៥​ឆ្នាំ​ក្តី ក៏​នៅ​តែ​គ្មាន​ទេ​តួលេខ​ពិត​ប្រាកដ នៃ​ចំនួន អ្នក​ធ្លាក់​ខ្លួន ស្លាប់ បណ្តាល​មក​ពី​ការ​រងធាតុ​វិទ្យុសកម្ម​នោះ។ ប៉ុន្តែ​ចំហាយ​ធាតុ​នេះ នៅតែ​បន្ត​ធ្វើ​ឲ្យ សរីរាង្គកាយ មនុស្ស​រាប់​លាន​នាក់ ទ្រាំទ្រ ការ​ឈឺចាប់​នៅ​ឡើយ។

តាម​ការ​ប្រមាណ​ឃើញ​នៃ អាជ្ញាធរ​អ៊ុយក្រែន​គិត​ជា​សរុប​ទៅ មាន​បណ្តាជន ប្រទេស​ខ្លួន និង​ប្រទេស​២​ជិត​ខាង​ទៀត​គឺ បេឡូរុស និង​រុស្ស៊ី ដល់​ទៅ​៥​លាន​នាក់ ដែល​បាន​រងទុក្ខ​នឹង​មហន្តរាយ​​នុយក្លេអ៊ែរ​នេះ។ ហើយ​ពួក​គេ​មួយ​ភាគ​ធំ នៅ​បន្ត​រស់​នៅ​ដដែល ​លើ​ដែនដី​បំពុល​ដោយ​ធាតុវិទ្យុសកម្ម។

តាម​តួលេខ​នៃ​អង្គការ​ការពារ​បរិស្ថាន Greenpeace ដោយ​មក​ពី​រង​ពិសពុល​វិទ្យុសកម្ម ហេតុ​ដែល​បង្ក​ជា​ជម្ងឺ​មហារីក ជម្ងឺ​បេះដូង ជម្ងឺ​នាំ​ឲ្យ​ខ្សោយ​ដល់​ប្រព័ន្ធ​ការពារ​ទល់​នឹង​មេរោគ មាន​អ្នក​ស្រុក នៅ​តាម អតីត​សាធារណរដ្ឋ​សូវៀត​ទាំង​៣​នោះ បាន​ធ្លាក់​ខ្លួន​ស្លាប់​អស់ ពី​១​សែន ដល់​៤​សែន​នាក់។

ប៉ុន្តែ​តួលេខ​ខាង​លើ គឺ​ខុស​ឆ្ងាយ ពីទិន្នន័យ​ជា​តុល្យាការ ផ្តល់​ដោយ​អង្គការសហប្រជាជាតិ ដែល​កាលពី​ឆ្នាំ​២០០៥ បាន​ប្រមាណ​ថា មាន​តែ​៤​ពាន់​នាក់​ប៉ុណ្ណោះ ដែល​បាន​ត្រូវ​ផ្តាច់​ជីវិត ដោយ​វិទ្យុសកម្ម​ឈែរណូប៊ីល(Tchernobyl)។

ចំណែក​”​គណៈកម្មាធិការ​វិទ្យាសាស្ត្រ​របស់​អ.ស.ប.ខាង​សិក្សា​អំពី​ឥទ្ធិពល​វិទ្យុសកម្ម “ ហៅកាត់​ថា UNSCEAR បាន​ទទួល​ស្គាល់​ថា ៖
-​មាន​ស្លាប់​តែ ៣១​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ពួក​អ្នក​លត់​ភ្លើង​ដែល​បាន​អន្តរាគម ភ្លាម​ភ្លែត ទៅ​លត់​ភ្លើង​ឆាបឆេះ​នៅ​នឹង​ស្ថានីយ ឈែរណូប៊ីល(Tchernobyl)​ក្រោយពី​ម៉ាស៊ីន​ប្រតិករ​ទី​៤​របស់​វា​ផ្ទុះ​ឆេះ​ហើយ​បង្ហុយ​ចេញ​មក​យ៉ាង​ក្រាស់ក្រែល ​នូវ​ធាតុ​វិទ្យុសកម្ម​ដែល​ជ្រួតជ្រាប​ពេញ​ទំហឹង​ទៅ​ក្នុង​ខ្លួន​ប្រាណ​គេ។
-​និង ១៩​នាក់​ទៀត ​ស្លាប់​តៗ​មក​ទៀត​​មក​ទល់​ឆ្នាំ​២០០៦ ក្នុង​ចំណោម ពួក​អ្នក​ពុះពារ​ជំនះ លើ​ផលវិបាក នៃ​ការ​ផ្ទុះ​នោះ ដើម្បី ទប់​ការ​សាយភាយ​ទៅ​នៃ​ធាតុ​វិទ្យុសកម្ម ,​ដើម្បី​ខា​ឃាំង​នៅ​មួយ​កន្លែង​កាក​សំណល់​ម៉ាស៊ីន​ប្រតិកម្ម​ដែល​ផ្ទុះ​ខូច​នោះ និង​ដើម្បី សំអាត​តំបន់​ក្នុង​រង្វង់​៣០​គ.ម.នៅ​ជុំវិញ​ស្ថានីយ។

គួរ​រំលឹក​ថា ពួក​អ្នក​ពុះពារ​ជំនះ​បែប​នេះ ដែល​ទៅ​ពី​គ្រប់​ច្រកល្ហក​នៃ​អតីត​សហភាព​សូវៀត បាន​មាន​ចំនួន​ដល់​៦​សែន​នាក់​ឯណោះ ក្រោយពី​មាន​ការ​ផ្ទុះ​ខូច​ទៅ នៃ ស្ថានីយអគ្គិសនី បរមាណូ កាលពី​ថ្ងៃ​២៦​មេសា​ឆ្នាំ​១៩៨៦ នៅ​ក្រុង​ឈែរណូប៊ីល(Tchernobyl) ប្រទេស​អ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ