អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

អំណាច​​​ផ្តាច់ការ​​និង​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​នៅ​​​អាស៊ី​​​អាគ្នេយ៍​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃនេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ ​សូម​បន្ត​ចាប់​អារម្មណ៍​ទៅ ​លើ​ភូមិសាស្ត្រ​ នយោបាយ​នៃ​ភូមិភាគ​ អាស៊ី​​អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​អំណាច​ផ្តាច់ការ​និង​​លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​​ក្នុង​​ភូមិភាគ​​អាស៊ី​អាគ្នេយ៍។​ លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាប់​​ផ្តើម​ចាក់​ឫស​ នៅ​អាស៊ី​អាគ្នេយ៍​ នៅ​​ពាក់​​​កណ្តាល​ទសវត្សរ៍​ទី​៨០ ​និង​បាន​គ្រប​ដណ្តប់​ខ្លាំង​ ទៅ​លើ​ភូមិភាគ​នេះ​ នៅ​ក្នុង​ទសវត្សរ៍​​ទី​​៩០​​ ដោយសារតែ​ការ​រលត់​រលាយ​ទៅ​នៃ​សង្គ្រាម​ត្រជាក់​ និង​ដោយសារ​តែ​កំណើន​​និង​​សន្ទុះ​​សេដ្ឋកិច្ច​​ក្លៀវក្លា​នៃប្រទេសមួយចំនួននៅក្នុងតំបន់។

បាតុកម្ម​ប្រឆាំង​នឹង​របប​របស់​ស៊ូហារ​តូ​នៅ​ទីក្រុង​ហ្សាការតា​ខែ​ឧសភា​ឆ្នាំ​១៩៩៨​
បាតុកម្ម​ប្រឆាំង​នឹង​របប​របស់​ស៊ូហារ​តូ​នៅ​ទីក្រុង​ហ្សាការតា​ខែ​ឧសភា​ឆ្នាំ​១៩៩៨​ RFI
ផ្សាយពាណិជ្ជកម្ម

មុនពេលមកដល់របស់បណ្តាប្រទេសអឺរ៉ុបអាណានិគមនិយមក្នុងសតវត្សរ៍ទី១៩នៅអាស៊ីអាគ្នេយ៍ មានសុទ្ធតែរបបរាជានិយមចាស់គំរិល។ ក្រោយ​ពេល​ដែល​បណ្តាប្រទេស​អាណានិគមនិយម​ទាំង​នេះ បានចាកចេញពីអាស៊ីអាគ្នេយ៍ សឹងអស់ទៅវិញ នៅចុងទសវត្សរ៍​ទី៤០​និងដើម​ទសវត្សរ៍​ទី៥០ ប្រទេសទាំងអស់នៅក្នុងភូមិភាគនេះ បានទទួលរងខ្លាំងឬតិច ចំហាយ​នៃ​សង្គ្រាម ​ត្រជាក់។ នៅក្នុងកាលៈទេសៈបែបនេះ ប្រទេសខ្លះបានក្លាយជារបប ផ្តាច់ការរណប​សហរដ្ឋអាមេរិក​ដូច ជា​ថៃ ហ្វីលីពីន សិង្ហបុរី រីឯប្រទេសខ្លះ​ទៀតបាន​ក្លាយ​ជារបប​ផ្តាច់ការ​កុម្មុយនិស្ត​រណប​សហ​ភាព​សូវៀត ឬរណបប្រទេសចិនប្រជាមានិត ដូចជាវៀតណាម ឡាវ និង​កម្ពុជា។

គេត្រូវរង់ចាំរហូតដល់ទសវត្សរ៍ទី៨០ ទើបឃើញប្រទេស អាស៊ីអាគ្នេយ៍មួយ នោះគឺហ្វីលីពីន ឈានជើងមុនគេ ទៅរកលទ្ធិប្រជាធិបតេយ្យ។ កាលនោះ គឺនៅខែ​កុម្ភៈ​ឆ្នាំ​១៩៨៦​ ហ្វៀកឌីណង់​ ម៉ាកកុស(Ferdinand Marcos) បុរសខ្លាំងនៃ របបផ្តាច់ការហ្វីលីពីន ត្រូវ​បាន​អាមេរិកបង្ខំឲ្យរៀបចំការបោះឆ្នោតសេរីនិងប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត​ដែល​ជោគជ័យ​បាន​ទៅ​លោកស្រីកូរី អាគីណូ(Cory Aquino) ភរិយារបស់មេដឹកនាំបក្សប្រឆាំងលោកបេនីញ៉ូ អាគីណូ​​(Benigno Aquino) ដែលត្រូវបានគេធ្វើឃាត នៅឆ្នាំ១៩៨៣។

នេះ​គឺ​ជា​រលក​ប្រជាធិបតេយ្យ​​ទីមួយ។ រលកប្រជាធិបតេយ្យទីពីរ ដែលបាន​គ្រប​ដណ្តប់​ទៅ​លើ​អាស៊ីអាគ្នេយ៍ បាន​ប្រព្រឹត្តទៅនៅ ក្នុងទសវត្សរ៍ទី៩០ ឧទាហរណ៍ដូចជានៅសិង្ហបុរី នៅថៃ នៅកម្ពុជា និង​នៅ​ឥណ្ឌូណេស៊ី​ជាដើម។

មានមូលហេតុច្រើនយ៉ាង ដែលអាចពន្យល់ប្រជាធិបតេយ្យូបនីយកម្ម នៅអាស៊ីអាគ្នេយ៍ ក្នុង​ទសវត្សរ៍ទី៨០និងទី៩០។ មូលហេតុទីមួយ គឺការរលត់រលាយទៅនៃសង្រ្គាមត្រជាក់។ នៅ​ក្នុង​សម័យ​សង្គ្រាមត្រជាក់ របបផ្តាច់ការមួយចំនួន ដូចជានៅថៃឬនៅឥណ្ឌូណេស៊ីបាន​ពង្រឹង​អំណាច​​របស់ខ្លួន ដោយមានការចូលដៃពីសំណាក់សហរដ្ឋអាមេរិក ដើម្បី​ប្រឆាំង​នឹង​មនោគម​វិជ្ជា​​កុម្មុយនិស្ត។ ក្រោយសម័យសង្គ្រាមត្រជាក់ របបផ្តាច់ការ​អស់​ទាំង​នេះ​ដែល​ភាគ​ច្រើន​ជា​របប​សឹក អស់មានលេស ដើម្បីពង្រឹង និងបង្កើនអំណាចរបស់ខ្លួនទៀតហើយ។ អ៊ីចឹងហើយ បានជាសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ អាចផ្តើមចាក់ឫសគល់ នៅក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍​​បាន។
 

មូលហេតុទីពីរដែលអាចពន្យល់ប្រជាធិបតេយ្យូបនីយកម្មនៅអាស៊ីអាគ្នេយ៍ គឺកំណើន
សេដ្ឋកិច្ច​​ដ៏ខ្លាំងក្លារបស់ប្រទេសនាគអាស៊ី ដូចជាសិង្ហបុរី និងក្រោយមកទៀត របស់​ប្រទេស​ខ្លា​អាស៊ី ដូចជាម៉ាឡេស៊ី និងថៃ ពីទសវត្សរ៍ទី៨០ ដល់ឆ្នាំ១៩៩៧ ឆ្នាំដែល​វិបត្តិ​សេដ្ឋកិច្ច​បាន​រាតត្បាត​ទៅលើទ្វីបអាស៊ី។ កំណើនសេដ្ឋកិច្ចដ៏វិសេសវិសាលនេះ បានធ្វើ​ឲ្យ​ពួក​អ្នក​វណ្ណៈ​កណ្តាល​​ដែលចេះដឹងជាងមុននិងធូរធាជាងមុន កើនចំនួនលឿនរហ័ស និងហ៊ាន​ចេញមុខ​ទាមទារ​សេរីភាព។

*

គឺនៅក្នុងបរិបទនៃការរលត់រលាយទៅនៃសង្គ្រាមត្រជាក់ បរិបទ​នៃកំណើន​សេដ្ឋកិច្ច​ក្លៀវក្លា​បែប​នេះហើយ ដែលគេឃើញសង្គមស៊ីវិលមួយលេចត្រដែតឡើង និងចេញ​មុខទាមទារ​សេរីភាព​​នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ សហជីព ជាអ្នកនាំមុខគេ នៅក្នុង​ចលនា​បាតុកម្ម​ប្រឆាំងនឹងរដ្ឋាភិបាល។ ក្រោយមកទៀត មាននិស្សិត និស្សិត​ដែល​ចាប់​ពី​ពាក់​កណ្តាល​ទសវត្សរ៍ទី៨០ទៅ បានចុះធ្វើបាតុកម្មនៅតាមដងផ្លូវ ក្នុងប្រទេសថៃ ហ្វីលីពីន ភូមា និងដប់ឆ្នាំក្រោយមកទៀត ក្នុងប្រទេសឥណ្ឌូនេស៊ី។ ចូរកុំភ្លេចថា របបផ្តាច់ការ​របស់​ស៊ូហារតូ​(Suharto) នៅឥណ្ឌូណេស៊ីបានដួលរលំ នៅឆ្នាំ១៩៩៨ ដោយហេតុតែ មានមហាបាតុកម្ម ក្នុង​ទូទាំង​ប្រទេស របស់សហជីពនិងរបស់ចលនានិស្សិត។
 

ក្រៅពីសហជីពនិងនិសិ្សត សាសនាក៏បានដើរតួនាទីមួយសំខាន់ដែរ នៅក្នុង​អភិក្រម​នៃការ​ប្រឆាំង​នឹងរបបផ្តាច់ការ។ ឧទាហរណ៍ជាក់ស្តែង នៅឆ្នាំ១៩៨៦ក្នុងប្រទេសហ្វីលីពីន ព្រះវិហារ​កាតូលីកបានចេញមុខគាំទ្រលោកស្រីប្រមុខបក្សជំទាស់កូរី អាគីណូ(Cory Aquino) ប្រឆាំង​នឹង​របបផ្តាច់ការរបស់ហ្វៀកឌីណង់ ម៉ាកកុស(Ferdinand Marcos)។ ដូចគ្នាអ៊ីចឹងដែរ នៅ​ប្រទេស​ភូមា ព្រះសង្ឃបានជួយលាក់ខ្លួននៅក្នុងវត្ត ពួកនិស្សិតដែល​បាន​ចូល​រួម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹងរបបផ្តាច់ការរបស់ណេ វីន(Ne Win) ក្នុងឆ្នាំ១៩៨៨។
 

គេក៏មិនអាចបំភ្លេចបានដែរ តួនាទីរបស់បណ្តាអង្គការមិនមែនរដ្ឋាភិបាល ដែលជា​សសរ​គ្រឹះ​មួយ​ដ៏មាំនៃសង្គមស៊ីវិល មុននិងក្រោយពេលដែលអំណាចផ្តាច់ការខ្លះនៅ អាស៊ីអាគ្នេយ៍​ដួល​រលំ​ហើយ។

គេក៍ត្រូវឲ្យតម្លៃផងដែរដល់បច្ចេកវិជ្ជាថ្មីៗ ដូចជាទូរស័ព្ទដៃ និងអ៊ីទ័រណែត ដែលបានបើក
លទ្ធភាពឲ្យមានការផ្សព្វផ្សាយពត៌មានលឿនរហ័ស និងការទាក់ទងគ្នាទាន់ពេលវេលារវាង
មតិសាធារណជនក្នុងស្រុកនិងមតិអន្តរជាតិ។
 

យ៉ាងណាមិញ សព្វថ្ងៃនេះ អាស៊ីអាគ្នេយ៍ នៅតែជាទី ដែលលទ្ធិ​ប្រជាធិបតេយ្យ​ពិបាក​ងើប​ក្បាល​ និងពិបាកដំណើរការ។ ពិបាកដំណើរការ ដោយហេតុតែវត្តមានដ៏រឹងមាំ និងចា​ស់​ដុះ​ស្លែ​ នៃអំណាចផ្តាច់ការមួយចំនួននៅក្នុងតំបន់ ដោយហេតុតែ​មាន​ការ​បំផុស​បំផុល​ឡើង​នូវ​ទ្រឹស្តី​គោលការណ៍អាស៊ី ដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យបែបបស្ចិមលោក និងដោយ​ហេតុ​តែវត្តមានរបស់មហាយក្សចិន ដែលអាចជាហ្រ្វាំងនៃប្រជាធិបតេយ្យូបនីយកម្ម នៅ​អាស៊ី​អាគ្នេយ៍៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ