អានតួអត្ថបទ
កម្ពុជា

ករណី​គ្រុន​ឈាម​កើន​ឡើង​៣០​ភាគរយ

ក្រសួង​សុខាភិបាល​ និង​ក្រសួង​អប់រំ​បាន​រួមគ្នា​រៀបចំ​ទិវា​កម្ចាត់​ជំងឺ​គ្រុនឈាម​ នៅថ្ងៃ​ចន្ទ​នេះ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​បង្ការ​ជំងឺ​ដ៏​គ្រោះថ្នាក់​សម្រាប់​កុមារ​មួយ​នេះ។ ទិវា​កំចាត់​ជំងឺ​គ្រុនឈាម​ត្រូវ​បាន​រៀបចំ​នៅក្នុង​វិទ្យាល័យ​បាក់ទូក​យ៉ាង​ឱឡារិក ក្នុង​អំឡុង​ពេល​រដូវភ្លៀង​ក៏​ចាប់​ផ្តើម​ដែរ។

កុមារ​កម្ពុជា​ចូល​រួម​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​នៅ​សាលា​រៀន​បាក់ទូក ថ្ងៃ​ទី​២០​មិថុនា ២០១១
កុមារ​កម្ពុជា​ចូល​រួម​ក្នុង​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​នៅ​សាលា​រៀន​បាក់ទូក ថ្ងៃ​ទី​២០​មិថុនា ២០១១ © ចាន់ណា-RFI
ផ្សាយពាណិជ្ជកម្ម

មាន​ករណី​ឆ្លង​ជំងឺ​គ្រុនឈាម​ចំនួន​១៩២៤​ករណី​កាល​ពី​ឆ្នាំ​២០១០ ហើយ​ក្នុង​ចំណោម​ករណី​ឆ្លង​ទាំងនោះ​ មាន​១១​ករណី​បាន​ស្លាប់។ ករណី​ឆ្លង​និង​អត្រា​ស្លាប់​បាន​កើន​លើស​ឆ្នាំ​២០០៩ ដែល​ពេល​នោះ ករណី​ឆ្លង​មាន​១៣៩៥​ករណី​និង​អត្រា​ស្លាប់​ដោយសារ​គ្រុនឈាម​មាន​ចំនួន​៧​ករណី។

 
ការ​កើនឡើង​នៃ​ករណី​ជំងឺ​គ្រុនឈាម​បានក្លាយ​ជា​ប្រធានបទ​នៃ​ទិវា​កម្ចាត់​ជំងឺ​គ្រុនឈាម​នៅ​ឆ្នាំ​នេះ។ ក្រសួង​សុខាភិបាល​និង​ក្រសួង​អប់រំ​បាន​រៀបចំ​ទិវា​ជាតិ​នេះ​រួមគ្នា​ដើម្បី​ផ្សព្វផ្សាយ និង​ពញ្ញាក់​អារម្មណ៍​ឪពុកម្តាយ​ទាំងឡាយ​អោយ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​កូនៗ​របស់​ពួកគេ។

លោក​ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅក្នុង​ពិធី​ដែល​ត្រូវ​បាន​រៀបចំ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​មិថុនា​នេះ​ថា ករណី​គ្រុនឈាម​បាន​កើនឡើង​៣០​ភាគរយ​កាល​ពី​ឆ្នាំ​២០១០ បើ​ធៀប​នឹង​ឆ្នាំ​២០០៩។

មន្ត្រី​ក្រសួង​សុខាភិបាល​ទទួល​បន្ទុក​ផ្នែក​មជ្ឈមណ្ឌល​ជំងឺ​គ្រុនឈាម​អះអាង​ថា នៅក្នុង​ប្រទេស​កម្ពុជា ជំងឺ​គ្រុនឈាម​បានកើតឡើង​ភាគ​ច្រើន​លើ​កុមារ​អាយុ​តិចជាង​១៥​ឆ្នាំ​ក្នុង​នោះ​កុមារ​ក្នុង​វ័យ​សិក្សា​ចន្លោះ​ពី​៥​ទៅ​៩​ឆ្នាំ​រង​គ្រោះ​​ច្រើន​ជាង​គេ។ ក៏ប៉ុន្តែ ករណី​បាត់បង់​ជីវិត​បាន​កើត​មាន​​យ៉ាង​ច្រើន​ចំពោះ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ។

ករណី​ជំងឺ​គ្រុនឈាម​បាន​កើន​ឡើង បើទោះជា​គេ​ឃើញ​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​តាម​វិទ្យុ​និង​ទូរទស្សន៍​ដល់​ប្រជាពលរដ្ឋ​ក៏​ដោយ។

កម្ពុជា​ធា្លប់​ជួប​បាតុភូត​នៃ​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ធំ​ជាង​គេ​កាល​ពី​ឆ្នាំ​២០០៧​ម្តង ដែល​ពេល​នោះ​មាន​ករណី​ឆ្លង​រហូត​ដល់​៤​ម៉ឺន​នាក់ ហើយ​អ្នក​ស្លាប់​មាន​រហូត​ដល់​ជាង​៤០០​នាក់​ឯណោះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ