អានតួអត្ថបទ
ចិន-ទីបេ

តើ​អ្វី​ទៅ​ដែល​កំពុង​កើត​ឡើង​នៅ​ស៊ីឈ័ន រវាង​បាតុករ​ទីបេ​និង​ប៉ូលិស​ចិន?

តាំង​ពី​ថ្ងៃ​ចន្ទ​ទី​២៣​មករា​មក​ទល់​ថ្ងៃ​ពុធ​ទី​២៥​មករា​នេះ ប៉ូលិស​ចិន​និង​ពួក​បាតុករ​ទីបេ​បាន​និង​កំពុង​បន្ត​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ខេត្ត​ស៊ីឈ័ន(Sichuan) ដែល​នៅ​ជាប់​នឹង​ព្រំដែន​នៃ​តំបន់​ស្វយ័ត​ទីបេ។ មក​ទល់​ពេល​នេះ គ្មាន​ប្រភព​ឯករាជ្យ​ណា​មួយ​អាច​បញ្ជាក់​ច្បាស់​លាស់​ពី​មូលហេតុ​នៃ​បាតុកម្ម​របស់​ជនជាតិ​ទីបេ​និង​ពី​ចំនួន​អ្នក​រងគ្រោះ​ពិត​ប្រាកដ​ទេ។ ក៏​ប៉ុន្តែ បាតុកម្ម​របស់​ជនជាតិ​ទីបេ​និង​ការ​វាយ​បង្ក្រាប​ពី​សំណាក់​ប៉ូលិស​ចិន​នៅ​ស៊ីឈ័ន​លើក​នេះ គឺ​ជា​ព្រឹត្តិការណ៍​មួយ​ធ្ងន់ធ្ងរ​ជាង​គេ​បង្អស់ តាំង​ពី​ឆ្នាំ​២០០៨​មក។ កាល​នោះ នៅ​ទីក្រុង​ឡាសា(Lhassa) ក្នុង​ដែនដី​ទីបេ ការ​ប៉ះទង្គិច​គ្នា​រវាង​ជនជាតិ​ទីបេ​ម្ចាស់​ស្រុក និង​ប៉ូលិស​ចិន​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ជិត​២០០​នាក់។

ដូនជី​ទីបេ កំពុង​ដុត​សម្លាប់​ខ្លួន នៅ​ស៊ីឈ័ន
ដូនជី​ទីបេ កំពុង​ដុត​សម្លាប់​ខ្លួន នៅ​ស៊ីឈ័ន ©រក្សាសិទ្ធិ
ផ្សាយពាណិជ្ជកម្ម

គេ​មិន​ទាន់​ដឹង​ទេ​ថា​តើ​បាតុកម្ម​នៅ​ស៊ីឈ័ន​ធំ​ប៉ុន​ណា ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ដែរ​ទេ​ថា ការ​វាយ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ចិន​សហាវ​ប៉ុន​ណា។ តែ មាន​សញ្ញា​មួយ​ចំនួន​ដែល​ស្តែង​ឲ្យ​ឃើញ​ថា អ្វី​ដែល​កំពុង​បន្ត​ប្រព្រឹត្ត​ទៅ​នៅ​ស៊ីឈ័ន​អាច​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ និង​ជា​ចលនា​បាតុកម្ម​ទីបេ​ប្រឆាំង​នឹង​អាជ្ញាធរ​ចិន​ធំ​ជាង​គេ តាំង​ពី​ឆ្នាំ​២០០៨​មក។ សញ្ញា​ទី​មួយ គឺ​ទីក្រុង​ប៉េកាំង​ត្រូវ​បង្ខំ​ចិត្ត​ចេញ​មុខ​ប្រតិកម្ម នៅ​ក្នុង​ពេល​មួយ​ដែល​ប្រទេស​ចិន​ទាំង​មូល កំពុង​ចូល​ឆ្នាំ​ថ្មី។ សញ្ញា​ទី​ពីរ គឺ​សេចក្តី​អំពាវនាវ​របស់​នាយក​រដ្ឋមន្រ្តី​និរទេស​ទីបេ​ពី​ប្រទេស ឥណ្ឌា​ទទូច​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​អន្តរាគមន៍ ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នៅ​ស៊ីឈ័ន។

 
នៅ​ត្រង់​នេះ គេ​ត្រូវ​ប្រយ័ត្ន​បន្តិច ពីព្រោះ​នៅ​ជួន​ចំ​ពេល​មួយ​ដែល​បដិវត្តន៍​កំពុង​បន្ត​នៅ​ក្នុង​ពិភព​អារ៉ាប់ រដ្ឋាភិបាល​និរទេស​ទីបេ​អាច​និយាយ​ឃោសនា​បំផ្លើស ដើម្បី​ញ៉ាំង​ឲ្យ​មតិ​អន្តរជាតិ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ជោគវាសនា​នៃ​ជនជាតិ​ទីបេ​ដែល​កំពុង​ឋិត​នៅ​ក្រោម​នឹម​អាណានិគម​ចិន។ រី​ឯ​សញ្ញា​ទី​បី​ដែល​អាច​បញ្ជាក់​ថា ជា​ចលនា​បាតុកម្ម​ទីបេ​មួយ​ធំដុំ គឺ​ទី​កន្លែង​នៃ​ការ​កើត​ហេតុ ពោល​គឺ​ខេត្ត​ស៊ីឈ័ន ដែល​នៅ​ជាប់​នឹង​តំបន់​ស្វយ័ត​ទីបេ និង​ដែល​ជា​ទី​រស់​នៅ​របស់​ជនជាតិ​ទីបេ​មួយ​ភាគ​ធំ។ ចូរ​កុំ​ភ្លេច​ទៀត​ថា គឺ​នៅ​ក្នុង​ខេត្ត​ស៊ីឈ័ន​នេះ​ហើយ ដែល​តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១១​មក ព្រះសង្ឃ​និង​ដូនជី​ទីបេ​យ៉ាង​តិច​១៦​អង្គ បាន​ដុត​ខ្លួន​ឬ​ប៉ុនប៉ង​ដុត​សម្លាប់​ខ្លួន​ឯង ដើម្បី​ប្រឆាំង​នឹង​អាជ្ញាធរ​ចិន។
រដ្ឋាភិបាល​ចិន​ក៏​ដូច​រដ្ឋាភិបាល​និរទេស​ទីបេ​ដែរ នាំ​គ្នា​និយាយ​យក​ត្រូវ​រៀងៗ​ខ្លួន។ អាជ្ញាធរ​ចិន​បាន​និយាយ​កាល​ពី​ម្សិលមិញ​និង​បាន​បន្ត​អះអាង​នៅ​ថ្ងៃ​នេះ​ថា ពួក​អ្នក​ដែល​បង្ក​ហេតុ​សុទ្ធសឹង​ជា​ក្រុម​ជន​ពាល​ប្រដាប់​ដោយ​ពូថៅ កាំបិត​និង​ដុំ​ថ្ម និង​ថា​ពួក​ជន​ពាល​ទាំង​នោះ បាន​វាយ​បំផ្លេចបំផ្លាញ​ស្នង​ការដ្ឋាន​ប៉ូលិស​មួយ​ក្នុង​ទីក្រុង​សេដា(Seda)។ រី​ឯ​សម្រាប់​រដ្ឋាភិបាល​និរទេស​ទីបេ​និង​អង្គការ​ផ្សេងៗ​របស់​ជនជាតិ​ទីបេ​នៅ​បរទេស​វិញ ដើមហេតុ​គឺ​មក​អំពី​អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​សកម្មជន​ទីបេ​ម្នាក់​ដែល​បាន​បាច​ខិត្តប័ណ្ណ​ទាមទារ​សេរីភាព​ឲ្យ​ទីបេ ជាហេតុ​បាន​បង្កើត​ឲ្យ​មាន​បាតុកម្ម​ដែល​ចូលរួម​ដោយ​ព្រះសង្ឃ​ផង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ទីបេ​រូប​នោះ​វិញ និង​ជាហេតុ​បាន​ជំរុញ​ឲ្យ​ប៉ូលិស​ចិន​បាញ់​រះ​ទៅ​លើ​ពួក​បាតុករ​ទីបេ។ រហូត​មក​ទល់​ពេល​នេះ បើ​យោង​ទៅ​តាម​ប្រភព​ពួក​ទីបេ​នៅ​បរទេស ការ​វាយ​បង្រ្កាប​ពី​សំណាក់​ប៉ូលិស​ចិន​បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​១០​នាក់​យ៉ាង​តិច​និង​របួស​ជាង​៤០​នាក់។ នៅ​ខាង​អាជ្ញាធរ​ចិន​វិញ គេ​ព្រម​ទទួល​ស្គាល់​ថា មាន​ស្លាប់​បាតុករ​តែ​ម្នាក់​ប៉ុណ្ណោះ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​អាច​ដឹង​ពិត​ប្រាកដ​ឡើយ ពី​អ្វីៗ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ស៊ីឈ័ន ពីព្រោះ​គ្មាន​អ្នក​កាសែត​បរទេស​ណា​ម្នាក់​អាច​ចូល​ទៅ​យក​ព័ត៌មាន​នៅ​ទីនោះ​បាន​ទេ ហើយ​គ្រប់​ខ្សែ​ទូរស័ព្ទ​នៅ​ស៊ីឈ័ន​ត្រូវ​បាន​កាត់​ផ្តាច់​ទៀត តាំង​ពី​ម្សិលមិញ​មក។

បើ​សិន​ជា​នៅ​ទី​បំផុត ប៉ូលិស​ចិន​គង់​តែ​ក្តាប់​បាន​វិញ​សភាពការណ៍​នៅ​ស៊ីឈ័ន​ក៏​ដោយ ក៏​មិន​យូរ​មិន​ឆាប់ បាតុកម្ម​ឬ​ការ​ងើប​បះបោរ​របស់​ប្រជាជន​ទីបេ​នឹង​គង់​តែ​កើត​ឡើង​វិញ​ដដែល​ទៀត ពីព្រោះ​នេះ​ជា​ផលវិបាក​នៃ​ការ​លេប​យក​ទឹក​ដី​ទីបេ​ដោយ​របប​ចិន​កុម្មុយនិស្ត។
កងទ័ព​ចិន​បាន​ឈ្លានពាន​យក​ដែន​ដី​ទីបេ​នៅ​ឆ្នាំ​១៩៥១។ តាំង​ពី​ពេល​នោះ​មក ចិន​បាន​អនុវត្ត​នូវ​អ្វី​ដែល​ប្រជាជន​ទីបេ​ហៅ​ថា នយោបាយ​ប្រល័យ​វប្បធម៌​ទីបេ តាម​រយៈ​ការ​បញ្ជូន​ជនជាតិ​ចិន គឺ​ពួក​ហាន(Han)ច្រើន​ឡើងៗ​ទៅ​រស់​នៅ​ក្នុង​ទឹក​ដី​ទីបេ និង​តាម​រយៈ​ការ​ហាម​មិន​ឲ្យ​រៀន​និង​មិន​ឲ្យ​និយាយ​ភាសា​ទីបេ។ ទន្ទឹម​នេះ នៅ​ចំពោះមុខ​បាតុកម្ម ឬ​ការ​ងើប​បះ​បោរ​ពី​សំណាក់​ជនជាតិ​ទីបេ ថ្នាក់​ដឹក​នាំ​ចិន​ហាក់​ដូច​ជា​គ្មាន​នយោបាយ​អ្វី ក្រៅ​ពី​វាយ​បង្ក្រាប​ឥត​ត្រា​ប្រណី ពីព្រោះ​ថ្នាក់​ដឹក​នាំ​ចិន​នៅ​តែ​ជឿ​ជាក់​ថា ការ​វាយ​បង្ក្រាប​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​មាន​ប្រសិទ្ធិភាព​ខ្ពស់។ គោលដៅ​របស់​ទីក្រុង​ប៉េកាំង គឺ​ធ្វើ​ឲ្យ​ក្មេង​ទីបេ​ជំនាន់​ក្រោយ​ភ័យ​បាក់​ស្បាត និង​បំភ្លេច​អតីតកាល​របស់​ពួក​គេ។ ហើយ​ដើម្បី​ធ្វើ​ឲ្យ​ក្មេង​ទីបេ​ជំនាន់​ក្រោយ​ភ្លេច​អតីតកាល អាជ្ញាធរ​ចិន​បាន​និង​កំពុង​បន្ត​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ស្វយ័ត​ទីបេ។ ក៏​ប៉ុន្តែ ជាង​៥០​ឆ្នាំ​ក្រោយ​មក គេ​កត់​សម្គាល់​ឃើញ​ថា​របប​ចិន​កុម្មុយនិស្ត​នៅ​តែ​ផ្សាំង​ប្រជាជន​ទីបេ​មិន​បាន​សម្រេច​ដូច​គោល​បំណង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ