អានតួអត្ថបទ
ចិន-ទីបេ

រដ្ឋាភិបាល​ចិន​ចោទ​សកម្មជន​ទីបេ​ថា​បំផ្លើស​ការពិត​ជុំវិញ​រឿង​បង្រ្កាប​បាតុកម្ម​ទីបេ

កាលពីថ្ងៃ​ចន្ទ ម្សិលមិញ​នេះ បាតុកម្ម​របស់​ជនជាតិ​ទីបេ នៅ​ក្នុង​ខេត្ត​ស៊ីឈ័ន (Sichuan) ត្រូវ​​ទទួលរង​នូវ​ការ​បង្រ្កាប​ពី​សំណាក់​​​ប៉ូលិស​ចិន។ ​រដ្ឋាភិបាល​និរទេស​ទីបេ និង​អង្គការ​សិទ្ធិមនុស្ស​ខ្លះ​បាន​អះអាង​ថា បាតុករ​ ៦នាក់ បាន​បាត់បង់​ជីវិត​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​នេះ។ ក៏ប៉ុ​ន្តែ នៅថ្ងៃ​អង្គារ​នេះ រដ្ឋាភិបាល​ចិន​បាន​ធ្វើការ​បំភ្លឺ​ថា ការ​អះអាង​ខាងលើ​នេះ គឺ​ជា​ការ​បំផ្លើស​ការពិត ក្នុង​គោលដៅ​បង្ខូច​ឈ្មោះ​អាជ្ញាធរ​ចិន។

ព្រះសង្ឃ​ទីបេ នៅ​ក្នុង​ខេត្ត​ស៊ីឈ័ន ប្រទេស​ចិន
ព្រះសង្ឃ​ទីបេ នៅ​ក្នុង​ខេត្ត​ស៊ីឈ័ន ប្រទេស​ចិន រូបថត​ឯកសារ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ បាន​ចុះផ្សាយ​ នៅថ្ងៃ​អង្គារ​នេះ ដោយ​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ដែល​បាន​លើក​ឡើង​ថា ការប៉ុនប៉ង​បង្ខូច​ឈ្មោះ​រដ្ឋាភិបាល​ចិន ពី​សំណាក់​ក្រុម​សកម្មជន​ទាមទារ​បំបែក​ទឹកដី​ទីបេ​ នឹង​មិនអាច​ទទួល​បាន​ជោគជ័យ​នោះទេ។

ក្រុម​អង្គការ​ការពារសិទ្ធិមនុស្ស​បាន​អះអាង​ផ្សេងៗ​គ្នា អំពី​ចំនួន​អ្នកស្លាប់ ក្នុង​ការ​បង្រ្កាប​បាតុកម្ម កាល​ពី​ម្សិលមិញ។ ចំណែក​រដ្ឋាភិបាល​និរទេស​ទីបេ ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ បាន​អះអាង​ថា បាតុករ​ដែល​ស្លាប់ មាន​​ចំនួន ៦នាក់។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​វិញ​បាន​អះអាង​ថា មាន​បាតុករ​​ស្លាប់​តែ​ម្នាក់​ប៉ុណ្ណោះ។ ចំណែក​អ្នក​របួស គឺ​មាន ៩នាក់ ក្នុងនោះ ក៏​មាន​ប៉ូលិស​ ៥នាក់​ផងដែរ។ ហើយ​អ្នក​របួស​ទាំងអស់​នេះ​សុទ្ធតែ​ទទួល​បាន​នូវការ​ព្យាបាល​ត្រឹមត្រូវ​។

គួរ​បញ្ជាក់ថា ហេតុការណ៍ កាលពី​ម្សិលមិញ​នេះ បាន​កើតឡើង នៅ​ក្នុង​ខេត្ត​ស៊ីឈ័ន ជាប់​នឹង​ព្រំដែន​តំបន់​ស្វយ័ត​ទីបេ។ គឺ​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ជនជាតិ​ទីបេ​រស់នៅ។

យោងតាម​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស បាតុករ​ទីបេ ដែល​រួមមាន​ទាំង​ព្រះសង្ឃ​ផង បាន​នាំគ្នា​​ចេញ​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​​សកម្មជន​ទីបេ ដែល​អាជ្ញាធរ​ចាប់ខ្លួន ជុំវិញ​ការ​បាច​ខិត្តប័ណ្ណ​ទាមទារ​សិទ្ធិសេរីភាព​ក្នុង​តំបន់​ទីបេ។

រដ្ឋាភិបាល​ចិន​វិញ​បាន​អះអាង​ថា អ្នក​ដែល​បង្ក​ហេតុ ម្សិលមិញ​នេះ មិនមែន​ជា​ក្រុម​បាតុករ​ទាមទារ​សិទ្ធិសេរីភាព​នោះទេ ប៉ុន្តែ គឺ​ជា​ក្រុម​ជនពាល ដែល​​​ប្រដាប់​ដោយ​កាំបិត ហើយ​​នាំគ្នា​គប់​ដុំថ្ម​ទៅលើ​ប៉ូលិស ព្រម​ទាំង​បាន​បំផ្លិចបំផ្លាញ​ឡាន​ប៉ូលិស និង​ឡាន​សង្រ្គោះ​បន្ទាន់​ជាច្រើន​គ្រឿង​ទៀតផង។

ក៏ប៉ុន្តែ មិនមាន​ប្រភព​ឯករាជ្យ​ណាមួយ​អាច​បញ្ជាក់​អំពី​ព័ត៌មាន ជុំវិញ​ហេតុការណ៍​ កាល​ពី​ម្សិលមិញ​នេះ​បានទេ។ អ្នក​កាសែត​បរទេស​ក៏​មិន​អាច​ចូល​ទៅ​យក​ព័ត៌មាន​នៅ​ទីនោះ​បាន​ដែរ ព្រោះ​​​អាជ្ញាធរ​ចិន​​ដាក់​បម្រាម​មិន​​ឲ្យ​អ្នក​កាសែត​បរទេស​​ធ្វើ​ដំណើរ​ទៅកាន់​តំបន់នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ