អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ខ្មែរ​ក្រហម​៖ ពលរដ្ឋ​​ខ្មែរ​ចង់​បំភ្លេច​អតីត​កាល​ជាង​ការ​ប្រឈម​មុខ!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រហូត​​មក​​ទល់​​ពេល​​នេះ​ ​មាន​​ពលរដ្ឋ​ខ្មែរ​​មិន​​ច្រើន​​ទេ​​ដែល​​តាម​​ដាន​​សវនាការ​​នៅ​​ឯ​​សាលាក្តី​​ខ្មែរ​ក្រហម។​ ​ជាទូទៅ​ ​ពលរដ្ឋ​​ខ្មែរ​​ភាគ​ច្រើន​​បាន​​ជ្រើសរើស​​យក​​ការ​​បំភ្លេច​​អតីតកាល​​ដ៏​​ឈឺចាប់​​ជា​​ជាង​​ការ​​ប្រឈម​​មុខ។ ​យ៉ាងណា​​ក៏​ដោយ ​​អ្នក​​ដែល​​តាំង​​ចិត្ត​​ប្រឈម​​មុខ​​នឹង​​បញ្ហា​​នេះ​​នៅ​​ក្នុង​​តុលាការ​​ក្នុង​​នាម​​ជា​​ដើម​​បណ្តឹង​​រដ្ឋប្បវេណី​ ​ហាក់​​បាន​​សម្តែង​​ការ​​ខក​ចិត្ត​​កាន់តែ​​ខ្លាំង​​ និង​​បាន​​សម្លឹង​​មើល​​តុលាការ​​ប្រកប​​ដោយ​​ទុទ្ទិដ្ឋិនិយម​​ទៅ​វិញ។ ​តើ​​ហេតុអ្វី​​បាន​​ជា​​ដូច្នេះ?​​

លោក ខៀវ សំផន នៅ​តុលាការ​ ថ្ងៃ​ទី ៣០ មិថុនា ២០១១
លោក ខៀវ សំផន នៅ​តុលាការ​ ថ្ងៃ​ទី ៣០ មិថុនា ២០១១ © ម៉េងហួរ-RFI
ផ្សាយពាណិជ្ជកម្ម

សវនាការ​​សំណុំរឿង ​០០២​​ ដែល​​ជា​​រឿង​​ក្តី​​សំខាន់​​ជាង​​គេ​​បំផុត​​សម្រាប់​​យុត្តិធម៌​​ក្នុង​​របប​​ខ្មែរ​​ក្រហម​ ​បាន​​ដំណើរការ​ចូល​ដល់​ថ្ងៃ​ទី​៣​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ។ ​សវនាការ​សំណុំរឿង​ដ៏​សំខាន់​ជា​​ប្រវត្តិសាស្ត្រ​នេះ​គួរណាស់​តែ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​ពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​ភ្ញាក់​​​ផ្អើល​និង​តាម​ដាន​គ្រប់ៗ​គ្នា​ពីព្រោះ​ថា​ជនជាតិ​ខ្មែរ​ណា​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ក្តី​នេះ​ដែរ។ ​ប៉ុន្តែ​ សវនាការ​នេះ​បែរ​ជា​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពលរដ្ឋខ្មែរ​តិចតួច​ទៅ​វិញ។

ជាទូទៅ ​ចាប់តាំង​ពី​ដំណើរការ​តុលាការ​រហូត​មក​ទល់​បច្ចុប្បន្ន ​គេ​អាច​បែងចែក​ពលរដ្ឋ​ខ្មែរ​ជា​ពីរ​​ក្រុម​ផ្សេង​គ្នា​៖
ក្រុមទី១៖ ​ដែល​តំណាង​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​មិន​ចាប់​អារម្មណ៍​ឬ​ក៏​ចាប់​អារម្មណ៍​តិចតួច​ប៉ុណ្ណោះ​ចំពោះ​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំខ្មែរ​ក្រហម។ និន្នាការ​នេះ​បាន​ស្តែង​​កាន់​តែ​ច្បាស់​នៅ​ពេល​ដែល​សវនាការ​សំណុំរឿង​០០២​ឈាន​ចូល​មក​ដល់។
ក្រុមទី២ ៖ ​ជា​អ្នក​សកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ ​ជាពិសេស​គឺ​ក្រុម​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​តែម្តង។ ​ប៉ុន្តែ ​នៅ​ពេល​ដែល​ពួកគេ​សកម្ម​ចូល​រួម​ខ្លាំងពេក ​ពួកគេ​ហាក់​ដូច​ជា​កាន់តែ​ខកចិត្ត​ខ្លាំង​ទៅ​វិញ​រហូត​ដល់​សម្លឹង​មើល​តុលាការ​ដោយ​ទុទ្ទិដ្ឋិនិយម​យ៉ាង​ខ្លាំង។
 មាន​ហេតុផល​សត្យានុម័ត​ជាច្រើន​ដែល​អាច​លើក​យក​មក​ពន្យល់​ព្រឹត្តិការណ៍​នេះ​បាន ​ហើយ​ប្រសិន​បើ​ពិនិត្យ​មើល​ហេតុផល​ទាំងនោះ ​គេបា្រកដ​ជា​មិន​អាច​ស្តី​បន្ទោស​ក្រុម​ណាមួយ​បាន​ឡើយ។ ​

ហេតុ​ផល​សំខាន់​ទី១​គឺ​ពេល​វេលា ​ពោលគឺ ​សវនាការ​បាន​បើក​ធ្វើ​ជាង​៣០​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម។
​ហេតុផល​សំខាន់​ទី២​គឺ​ ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ពេក​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាទូទៅ។ ​ដូច្នេះ ​ជាចិត្តសាស្ត្រ ​គ្មាន​អ្នកណា​ចង់​រម្លឹក​បញ្ហា​នេះ​ឡើង​វិញ​ឡើយ ​ពីព្រោះ​ថា ​ការរម្លឹក​ដល់​បញ្ហា​ដ៏​ឈឺចាប់​នេះ ​គ្មាន​អ្វី​ក្រៅពី​ការ​បង្កើត​ការ​ឈឺ​ចាប់​ឲ្យ​ខ្លួន​ឯង​ឡើង​វិញ​នោះ​ឡើយ។ ​ម្យ៉ាងទៀត​ នៅ​ពេល​ដែល​គិត​ដល់​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ក្នុង​របប​ខ្មែរក្រហម ​ក៏​គ្មាន​អ្នកណា​ម្នាក់​ស្រមៃ ថា​អាច​នឹង​រក​យុត្តិធម៌​ឃើញ​ឡើយ។ ​ដូច្នេះ​ ការព្យាយាម​បំភ្លេច​រឿង​នេះ​ជា​ជម្រើស​​​​របស់​ពលរដ្ឋ​ខ្មែរ​ភាគច្រើន។

ក្រឡេក​មើល​ទៅ​ក្រុម​អ្នក​សកម្ម​ចូលរួម​ក្នុង​ដំណើរការ​នេះ​វិញ ​ជាពិសេស​ក្រុម​ដើមបណ្តឹង​រដ្ឋប្បវេណី ​​គេ​​ក៏​នឹង​ឃើញ​បញ្ហា​ដូច​គ្នា​ដែរ។ ​ដោយសារ​តែ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​ធំធេង​ពេក ​​ជនរងគ្រោះប្រាកដ​ជា​ខូច​ចិត្ត​ខ្លាំង​ដោយ​ចៀស​មិន​ផុត​នៅ​ពេល​បាន​ឃើញ​តុលាការ​ដំណើរ​​​​ការ​យឺតយ៉ាវ​មិន​ដូច​ចិត្ត​ដែល​ពួកគេ​ចង់​បាន។

ធ្ងន់ធ្ងរ​ជាង​នេះ​ ពួកគេ​កាន់​តែ​គ្រាំគ្រា​ចិត្ត​ថែម​​ទៀត​នៅ​ពេល​បាន​ឃើញ​អាកប្បកិរិយា​មិន​ទទួល​​​​ខុស​ត្រូវ​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម។ ​​ ​ភាព​អន្ទះសា​ ​ចង់​បាន​យុត្តិធម៌​និង​ដោយសារ​តែ​​ទំហំ​នៃ​ឧក្រិដ្ឋកម្ម​ធំធេង​ពេក ​បាន​ជំរុញ​ឲ្យ​ក្រុម​ដើមបណ្តឹង​រដ្ឋប្បវេណី​ មិន​អាច​ទ្រាំទ្រ​ឡើយ​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ឯ​តុលាការ។

ជាការ​ពិត​ណាស់ ​សោកនាដកម្ម​ដែល​បន្សល់​ទុក​ដោយ​របប​ខ្មែរក្រហម​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ហែល​ឆ្លង​កាត់​របប​៣​ឆ្នាំ៨​ខែ​និង​២០ថ្ងៃ។ ​អ្វី​ដែល​ធ្ងន់ធ្ងរ​បំផុត​គឺ​ មនុស្ស​ជាច្រើន​បាន​ឃើញ​ការ​សម្លាប់​កូនចៅ ​សាច់​ញាតិ​ជាទី​ស្រឡាញ់​របស់​ខ្លួន​នៅ​នឹង​ភ្នែកស្រស់ៗ។ ឈុត​ឆាក​ដ៏​មហា​រន្ធត់​ទាំងនេះបានដក់ជាប់​ក្នុង​អារម្មណ៍​របស់​ពួកគេ​មិន​ងាយ​រសាយ​បាន​ឡើយ។ ​ដូច្នេះ អាកប្បកិរិយា​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​បាន​បង្ហាញ​​​នៅ​ពេល​នេះ​មិន​ខុស​អ្វី​ពីការ​ចំអក​ឡកឡឺយ​ដល់​ជន​រងគ្រោះ​ឡើយ។

សរុប​មក​វិញ ​អ្នក​ដែល​អាច​ទទួល​យក​យុត្តិធម៌​នេះ​បាន​ដោយ​ស្ងប់​ចិត្ត​គឺ​មាន​តែ​ចំពោះ​អ្នក​ដែល​គិត​ត្រឹម​ថា​ តុលាការ​ខ្មែរក្រហម​គ្រាន់​តែ​ជា​និមិត្តរូប​នៃ​យុត្តិធម៌​តែ​ប៉ុណ្ណោះ ​ពីព្រោះ​គ្មាន​ឡើយ​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​សំណុំរឿង​ដ៏ធំនេះ។​ ប៉ុន្តែ ​តើ​មាន​មនុស្ស​ប៉ុន្មាននាក់​ដែល​គិត​បែប​នេះ? ដូច្នេះ ​នៅ​ពេល​ដែល​តុលាការ​ដំណើរការ​មិន​បាន​ដូច​ចិត្ត ​នៅ​ពេល​ដែល​ ភាព​គួរ​ឲ្យ​ជឿជាក់​របស់​តុលាការ​ស្ថិត​នៅ​ជា​សញ្ញា​សួរ​ នៅ​ពេល​ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម​បង្ហាញ​ភាព​ឡកឡឺយ ​និង​នៅ​ពេល​ដែល​រឿង​ខ្មែរក្រហម​ក្លាយ​ជា​អតីតកាល​ដ៏​យូរ​ទៅ​ហើយ​នោះ ​ជម្រើស​នៃ​ការ​បំភ្លេច​ចោល​ជារឿង​ដែល​ពិបាក​នឹង​ចៀស​វាង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ