អានតួអត្ថបទ
កម្ពុជា

កម្ពុជា និង​ថៃ​ប្រណាំង​គ្នា​ដើម្បី​បញ្ចុះបញ្ចូល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក

កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើកទី៣៥ ចាប់ផ្តើម​បើក​នៅថ្ងៃ ចន្ទ នៅទីស្នាក់ការ​កណ្តាល​របស់​អង្គការ​យូនេស្កូ នៅទីក្រុង​ប៉ារីស។ ការខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយសារ​ការវាយប្រហារ​ពី​ប្រទេស​ថៃ នឹង​ត្រូវ​គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោក​សុខ អាន រដ្ឋមន្រ្តី​ទីស្តីការ​គណៈរដ្ឋមន្រ្តី លើក​យក​ទៅ​និយាយ​នៅក្នុង​កិច្ចប្រជុំលើកនេះ។នៅក្នុង​កិច្ចប្រជុំ​ដែល​បើក​ពី​ថ្ងៃ​ទី ១៩ ដល់​ថ្ងៃ​ទី ២៩ មិថុនា ប្រទេស​សមាជិក​របស់​គណៈកម្មាធិការ​​ត្រូវ​ពិភាក្សា​គ្នា​ពី រមណីយដ្ឋាន​ថ្មី​ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ត្រួតពិនិត្យ​លើ​​ការអភិរក្ស​​រមណីយដ្ឋាន និង​សម្រេច​ថា តើ​រមណីយដ្ឋាន​ណា​ដែល​កំពុង​ស្ថិតនៅ​ក្នុង​គ្រោះថ្នាក់។

លោក​សុខ អាន​ប្រធាន​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក ជួប​និយាយ​ជាមួយ​លោក Kishore RAO​ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក។
លោក​សុខ អាន​ប្រធាន​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក ជួប​និយាយ​ជាមួយ​លោក Kishore RAO​ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក។ ©RFI
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​គណៈកម្មាធិការ លើកនេះ​ផ្តោតសំខាន់​ទៅ​លើ​ការអភិរក្ស​រមណីយដ្ឋាន ដែល​ស្ថិតនៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ នៅមុន​កិច្ចប្រជុំ​បើក​សម្ពោធ​ជា​ផ្លូវការ នៅម៉ោង ១០ព្រឹក នៅថ្ងៃចន្ទ គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្រ្តី សុខ អាន បាន​ផ្តើម​ការងារ ដោយ​ចូល​ជួបប្រជុំ​តទល់​មុខ ជាមួយ​លោក Kishore RAO​ប្រធាន​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក។

 
នៅក្រោយ​កិច្ចប្រជុំ លោក​សុខ អាន បាន​និយាយ​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ ថា លោក​បាន​ប្រាប់​ លោក Kishore RAO​ថា កម្ពុជា​មាន​ភស្តុតាង​គ្រប់គ្រាន់ ជា​ឯកសារ​ក្រដាស និង​រូបភាព​បង្ហាញ​ពី​ប្រាសាទ ព្រះវិហារ ខូចខាត​ដោយគ្រាប់កាំភ្លើងថៃ ហើយ ថា ប្រសិនបើ​គណៈកម្មាធិការ​មិន​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ជួសជុល​ទាន់ពេលវេលា​ទេ ប្រាសាទព្រះវិហារ នឹង​បាក់បែក​កាន់តែ​ធ្ងន់ធ្ងរ។

កម្ពុជា​ពេលនេះ ខំប្រឹង​ធ្វើសកម្មភាព​ពន្យល់​ដល់​មន្រ្តី​យូនេស្កូ និង​ជាពិសេស​ប្រទេស​សមាជិក​ដទៃ​ទៀត​របស់​គណៈកម្មាធិការ អំពី​ការខូចខាត​របស់​ប្រាសាទ​ព្រះវិហារ ដោយការវាយប្រហារ​គ្រាប់ផ្លោង​ជាង ៤០០​គ្រាប់​ពីសំណាក់​ភាគី​ថៃ។

បញ្ហា​កម្ពុជា និង​ថៃ ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ​នឹងអាច​ត្រូវ​គេ​លើក​យក​ទៅ​និយាយ នៅក្នុង​កិច្ចប្រជុំ​រួម​របស់​គណៈកម្មាធិការ នៅថ្ងៃ ព្រហស្បតិ៍​ទី ២៣ មិថុនា។ នេះ​បើតាម​ប្រភព​ព័ត៌មាន​ពី​ភាគីថៃ ប៉ុន្តែ ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក សុខ អាន បញ្ជាក់ថា ចាប់ពីថ្ងៃចន្ទ​ទី ២០ មិថុនា នេះ ​ថ្នាក់ដឹកនាំ​របស់​គណៈកម្មាធិការ បេតិកភណ្ឌ​ពិភពលោក​ត្រូវ​ជួបប្រជុំ​ច្រើនដង និង​ដាច់​ដោយឡែក ជាមួយ​ភាគី​កម្ពុជា និង​ថៃ ដើម្បី​ព្យាយាម​រកដំណោះស្រាយ​ឲ្យ​បាន​មុន គឺ​មិន​ឲ្យ​គេ​លើកយក​បញ្ហា​នេះ ទៅ​និយាយ​នៅក្នុង​អង្គប្រជុំ​ទាន់។

ភាគីថៃ វិញ ដែល​ជំទាស់​តាំងពី​ដើមទី​មិន​ឲ្យ​កម្ពុជា​ចុះប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​​ពិភពលោក នៅតែ​ទាមទារ ចង់​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក លើក​ពេល​ការពិភាក្សា​ស្តី​ពី​គម្រោង​ផែនការ​អភិវឌ្ឍន៍ និង​អភិរក្សរ៍​ប្រាសាទ​ព្រះវិហារ ទៅ​ឆ្នាំក្រោយ។ គួរ​បញ្ជាក់​ថា ការប្រជុំ​ស្តី​ពី​ផែនការ​សកម្មភាព​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​លើកពេល​ម្តងហើយ នៅក្នុង​ប្រទេស​ប្រេស៊ីល ទៅតាម​ការទាមទារ​របស់​ប្រទេស​ថៃ។

សមាជិកម្នាក់​របស់​គណៈប្រតិភូថៃ គឺ​លោក​Asda Jayanamaon បាន​និយាយ​ប្រាប់​កាសែត​បាងកក​ប៉ុស្ត​ថៃ ថា គម្រោង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​នឹង​មិន​អាច​ចេញទៅរួចទេ នៅពេល​ណា ប្រទេស​កម្ពុជា និង​ថៃ មិន​សហការគ្នា។ មួយវិញទៀត ថៃ​នឹង​មិន​ព្រម​ឲ្យ​កម្ពុជា ធ្វើ​​កម្មវិធី​អភិវឌ្ឍន៍​បានទេ ព្រោះ​ប្រាសាទ​ព្រះវិហារ​​ស្ថិតនៅ​លើ​ទឹកដីថៃ។

ចំណែក​ប្រធាន​គណៈប្រតិភូថៃ គឺ​រដ្ឋមន្រ្តី​បរិស្ថាន​ថៃ លោក​ស៊ូវីត ឃុនគីទី សន្យា​ថា នឹង​សុំ​ឲ្យ​យូនេស្កូ​សួរ​កម្ពុជា​ពី​រឿង ​កញ្ចប់ប្រាក់ ៥ម៉ឺន​ដុល្លារ​ដែល​អង្គការ​នេះ​បាន​ផ្តល់​ទៅ​ឲ្យ​កម្ពុជា ព្រោះថៃ​បាន​សំគាល់​ថា កម្ពុជា​បាន​យកប្រាក់នេះ​ទៅ​អភិវឌ្ឍន៍​ភូមិ​ជុំវិញប្រាសាទ ប៉ុន្តែ​មិន​មែន​ដើម្បី​ជួសជុល​ប្រាសាទ។

សំដី​របស់​មន្រ្តីថៃ ត្រូវ​បាន​ភាគីកម្ពុជា​ចាត់ទុក​ថា ជាការនិយាយ​ដោយ​គ្មាន​មូលដ្ឋាន ព្រោះ​ទាំង​គម្រោង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ និង​ទឹកដីជុំវិញ​ប្រាសាទ​ស្ថិតក្នុង​ដែនដីកម្ពុជា។ ម្យ៉ាងទៀត កម្ពុជា​បាន​ប្រើប្រាស់​ថវិកា​សមស្របទៅតាម​កម្មវិធី​របស់​យូនេស្កូ ដោយបាន​យកប្រាក់ទាំងនោះ​ទៅ​ជួលជុល​អាងទឹក​ប្រាសាទ និង​ជួសជុល​វត្ត​នៅក្បែរ​ប្រាសាទ។

បើទោះជាមាន​ការជំទាស់​ពី​ភាគី​ថៃ លោក ឧបនាយករដ្ឋមន្រ្តី​សុខ អាន ប្រធាន​គណៈប្រតិភូ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក​សង្ឃឹមថា បញ្ហា​ប្រាសាទ​ព្រះវិហារ​នឹង​ត្រូវ​គេ​ដោះស្រាយ​ឲ្យ​ចេញរួច នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ឆ្នាំ២០១១៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ