អានតួអត្ថបទ
កម្ពុជា-ថៃ

លោក សុខ អាន៖​ កិច្ចប្រជុំ​នៅយូណេស្កូ​គ្មានលទ្ធផល​តែមាន​អត្ថន័យ​ជ្រាលជ្រៅ​

លោក​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​វិល​ត្រឡប់​ទៅ​ដល់​ ភ្នំពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៩​ឧសភា​នេះ​បន្ទាប់​ពី​បាន​ចូលរួម​ប្រជុំ ​នៅ​ទីស្នាក់ការ​ធំ​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​ប៉ារីស​ស្តីពី​ការ​ខូចខាត​ ប្រាសាទ​ព្រះវិហារ។​លោក​បាន​និយាយប្រាប់​អ្នកកាសែត​ថា ​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉ារីស​មិន​ទទួល​បាន​លទ្ធផល​ជាក់ស្តែង​អ្វី​ទេ ប៉ុន្តែ ​វា​គឺជា​កិច្ចប្រជុំ​ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​ដោយ​ហេតុ​ថា ​តាម​រយៈ​កិច្ចប្រជុំ​នេះ ​អង្គការ​យូណេស្កូ​បាន​ឃើញ​ច្បាស់​អំពី​មហិច្ឆតា​របស់​ថៃ​ក្នុង​ការ​បិទបាំង​កំហុស​ឆ្គង​របស់​ខ្លួន​។

ស្លាកសញ្ញាដែលគេឃើញ​នៅក្រោមទង់ជាតិ កម្ពុជានិង​អង្គការ UNESCO នៅ"ប្រាសាទព្រះវិហារ"ក្នុង​សតវត្សទី១១នៅព្រំដែន​កម្ពុជា-ថៃ
ស្លាកសញ្ញាដែលគេឃើញ​នៅក្រោមទង់ជាតិ កម្ពុជានិង​អង្គការ UNESCO នៅ"ប្រាសាទព្រះវិហារ"ក្នុង​សតវត្សទី១១នៅព្រំដែន​កម្ពុជា-ថៃ © Reuters
ផ្សាយពាណិជ្ជកម្ម

ទោះ​បី​ជា​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​ព្រះវិហារ​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ជាក់ស្តែង​ក៏​ពិត​មែន​តែ​កិច្ចប្រជុំ​នេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ។ ​អត្ថន័យ​របស់​វា​នៅ​ត្រង់​ថា ​អង្គការ​យូណេស្កូ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​ល្បិច​កល​របស់​ថៃ​ក្នុង​ការ​បិទ​បាំង​កំហុស​ឆ្គង​របស់​ខ្លួន។ ​នេះ​គឺជា​សារៈ​សំខាន់​ដែល​លោក​សុខ អាន​ ប្រធាន​គណៈប្រតិភូ​កម្ពុជា​បាន​ប្រកាស​ជូន​បណ្តាញ​សារព័ត៌មាន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទន្ទឹង​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​កិច្ចប្រជុំ​នៅ​ទីស្នាក់ការ​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​ប៉ារីស​ស្តីពី​ប្រាសាទ​ព្រះវិហារ។

 
នៅ​ពេល​ចុះ​ពី​លើ​យន្តហោះ​នៅ​ព្រឹក​មិញ​ លោក​សុខ អាន​ រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា ​ថៃ​បាន​ទទួល​បរាជ័យ​ទាំង​អស់​ក្នុង​សំណើ​បី​ចំណុច​របស់​ខ្លួន៖
-បរាជ័យ​ទី១​គឺ​ ថៃ​បាន​ព្យាយាម​ទប់ស្កាត់​មិន​ឲ្យ​យូណេស្កូ​បញ្ជូន​អ្នកជំនាញការ​មក​សិក្សា​ពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ ប៉ុន្តែ ​កម្ពុជា​បាន​ស្នើ​ឲ្យ​អ្នក​ជំនាញការ​យូណេស្កូ​មក​ឲ្យ​បាន​ឆាប់​បំផុត​ហើយ​សេចក្តី​សម្រេច​ស្តីពី​បញ្ហា​នេះ​នឹង​ត្រូវ​ធ្វើ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​ពី​ថ្ងៃ​ទី​១៩​ដល់​២៩​មិថុនា​ខាង​មុខ​នេះ​នៅ​ទីក្រុង​ប៉ារីស។

-បរាជ័យ​ទី២គឺ​ ផែនការ​របស់​ថៃ​ដែល​ចង់​ឲ្យ​គម្រោង​អភិវឌ្ឍន៍​និង​គ្រប់គ្រង​ប្រាសាទ​ព្រះវិហារ​ ត្រូវ​ដក​ចេញ​ពី​បញ្ជី​របស់​យូណេស្កូ ​ប៉ុន្តែ ​អង្គការ​យូណេស្កូ​បាន​បដិសេធ​។

-រីឯ​បរាជ័យ​ទី​៣ គឺ​ថៃ​ចង់​ឲ្យ​មាន​ការ​ចរចា​ទ្វេភាគី​ដោយ​គ្មាន​វត្តមាន​របស់​យូណេស្កូ​ ប៉ុន្តែ ​ទីបំផុត​កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​របស់​អគ្គលេខាធិការ​អង្គការ​យូណេស្កូ​។​ លើស​ពីនេះ​ថៃ​បាន​បដិសេធ​ថា​ទាហាន​របស់​ខ្លួន​មិន​បាន​បាញ់​គ្រាប់ផ្លោង​ចូល​ប្រាសាទ​ព្រះវិហារ​ទេ ​ខណៈ​ដែល​កម្ពុជា​បាន​បង្ហាញ​ភស្តុតាង​យ៉ាង​ច្បាស់​ក្រឡែត​អំពី​ការ​ខូចខាត​ប្រាសាទ​យ៉ាង​ធ្ងន់ធ្ងរ។​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នឹង​ត្រូវ​លើក​ទៅ​ពិភាក្សា​ម្តងទៀត​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​ប៉ារីស​នា​ខែ​ក្រោយ​នេះ​។

នៅឯ​ទីក្រុង​បាងកក ​គណៈប្រតិភូ​ថៃ​ក៏​បាន​អួត​ពី​ជោគជ័យ​របស់​ខ្លួន​ដែរ​ ដោយ​អះអាង​ថា អង្គការ​យូណេស្កូ​បាន​យល់​ព្រម​តាម​សំណើ​របស់​ខ្លួន​ក្នុង​ការ​ពន្យារ​ពេល​កិច្ច​ពិភាក្សា​អំពី​គំរោង​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ។ ​ប៉ុន្តែ ​ភាគី​កម្ពុជា​អះអាង​ថា​មិន​ពិត។​ ក្រៅពី​កិច្ចប្រជុំ​នៅ​ប៉ារីស​មិន​បាន​លទ្ធផល ​ឥឡូវ​នេះ ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​ទន្ទឹង​រង់ចាំ​ស្តាប់​លទ្ធផល​នៃ​សវនាការ​តុលាការ​ទីក្រុង​ឡាអេ​ស្តីពី​ចំណាត់ការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​វិញម្តង។ ​សវនាការ​ដែល​នឹង​បើក​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ