អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ​​ចង់​​ឲ្យ​​ចេញ​​ច្បាប់​​ការពារ​​នាយករដ្ឋ​មន្ត្រី ​ខណៈ​លោក​ហ៊ុន សែន ​ថា​កុំ​សង​​សឹក​​ពេល​​លោក​​ចេញ​ពី​​តំណែង ​

នៅ​ចំពោះមុខ​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​លោក សម រង្ស៊ី ថា​កុំ​ឲ្យ​សងសឹក​ពេល​លោក​ចេញពី​តំណែង។ លោក ហ៊ុន សែន បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​ថា សូមកុំ​ឲ្យ​មានគំនិត​សងសឹក បន្ទាប់ពី​លោក​ចេញពី​តំណែង ហើយ​ជា​ឧទាហរណ៍ ក្រែងលោ លោក សម រង្ស៊ី ក្លាយជា​នាយករដ្ឋមន្ត្រី​វិញ​ម្តង នៅពេល​ខាងមុខ។ ទន្ទឹមនឹងនេះ អ្នកវិភាគ​និង​សង្គម​ស៊ីវិល ចង់​ឲ្យ​អនុម័ត​ច្បាប់​​ការពារ​សុវត្ថិភាព​របស់​នាយក​រដ្ឋមន្ត្រី​ពេល​ចុះ​ចេញពី​តំណែង។

លោកហ៊ុន សែន ​និង ​លោកសម រង្ស៊ី ​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី​
លោកហ៊ុន សែន ​និង ​លោកសម រង្ស៊ី ​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី​ @Mu Sochua
ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី បាន​ឈរ​និយាយ​ទៅកាន់​ពលរដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី ជិត៣០០នាក់ ហើយ​លោក​បាន​ហៅ​នាយករដ្ឋមន្ត្រី​ថា«សម្តេច»ពេញៗមាត់ ដែល​គេ​កម្រ​នឹង​បានឮ។ ទន្ទឹមនឹង​ការ​រម្លឹក​ពី​លទ្ធផល​នៃ​វប្បធម៌​សន្ទនា ប្រធាន​បក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា​វប្បធម៌​សន្ទនា​ដែល​លោក ហ៊ុន សែន និង​រូបលោក​ផ្ទាល់ បាន​រួមគ្នា​បង្កើតឡើង​នោះ  ក៏មាន​អន្តរជាតិ​ចង់យក​គំរូ​តាម​ទៀតផង។

ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ប្រាប់ថា​ឈឺ​ជើង លោក​ក៏បាន​អង្គុយ​ថ្លែង​ទៅកាន់​ពលរដ្ឋ​ខ្មែរ​និង​លោក សម រង្ស៊ី ថា កុំ​ឲ្យ​សងសឹក​ពេល​លោក​ចេញពី​តំណែង។ លោក ហ៊ុន សែន បាន​និយាយថា សូមកុំ​ឲ្យ​មានគំនិត​សងសឹក បន្ទាប់ពី​លោក​ចេញពី​តំណែង ហើយ​ជា​ឧទាហរណ៍ ក្រែងលោ លោក សម រង្ស៊ី ក្លាយជា​នាយករដ្ឋមន្ត្រី​វិញ​ម្តង នៅពេល​ខាងមុខ។

ទោះយ៉ាងណា​ក្តី នាយករដ្ឋមន្ត្រី​កម្ពុជា​ធ្លាប់មាន​ប្រសាសន៍ថា​លោក​នឹង​កាន់អំណាច​ឲ្យ​បាន១០ទៅ២០ឆ្នាំ​ទៀត និង​ថា​លោក​ក៏បាន​ប្រុងប្រៀប​ថែរក្សា​សុខភាព​ហើយ​ដែរ។

ចំពោះ​ការរៀបចំ​សន្តិសុខ​ឲ្យ​បុគ្គល​មានមុខ​ងារ​ជា​នាយករដ្ឋមន្ត្រី ពេល​ចុះចេញ​ឬ​លាលែង​ពី​តំណែង​ប្រកបដោយ​សុវត្ថិភាព  លោក កែម ឡី បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ដល់ពេល​ហើយ​ដែល​ត្រូវ​រៀបចំ​ច្បាប់​នេះ។

គួរ​រម្លឹក​ជូន​ថា កាលពី​មុនពេល​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣កន្លងទៅ អង្គការ​សង្គម​ស៊ីវិល​និង​អ្នកវិភាគ​សង្គម​មួយចំនួន ធ្លាប់បាន​រៀបចំ​គំនិត​ព្រាង​ច្បាប់​កិច្ច​គាំពារ​អ្នកដឹកនាំ​ជាន់ខ្ពស់ សម្រាប់​ស្នើ​ដាក់​ទៅ​ស្ថាប័នរដ្ឋ​ដែរ ក៏ប៉ុន្តែ​ពុំមាន​ការគាំទ្រ។ ចំណែក​នៅពេលនេះ លោក កែម ឡី លើកឡើងថា កាលៈទេសៈ​បច្ចុប្បន្ន គឺ​ដល់ពេល​ហើយ​គេ​ត្រូវតែ​គិតគូរ​រឿង​ច្បាប់​នេះ។ ​លោក​សង្កត់ធ្ងន់ថា ច្បាប់​កិច្ច​គាំពារ​អ្នកដឹកនាំ​ជាន់ខ្ពស់ គួរតែ​ត្រូវ​រៀបចំ​សម្រាប់តែ​បុគ្គលសំខាន់ៗមួយចំនួន​តែប៉ុណ្ណោះ ដូចជា​ដើម្បី​ការពារ​នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ព្រឹទ្ធសភា ជាដើម។ ចំណែក លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អះអាងថា ច្បាប់​ខាងលើនេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​មិនមាន​ព្រាង​អ្វី​នោះទេ ហើយ​លោក​ថា បើ​មាន គួរតែ​សម្រាប់​សមាជិក​ជាន់ខ្ពស់​ទាំងអស់​របស់​រដ្ឋាភិបាល​តែម្តង៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ