អានតួអត្ថបទ
កម្ពុជា

លោកម៉ម សុ​ណង់​ដូ​ ចេញ​មុខ​​រិះគន់​​ពី​​ទំនាក់​ទំនង​​មេបក្ស​​ប្រឆាំង​​និង​​បក្ស​​កាន់​អំណាច​​នៅ​​សៀមរាប​

លោកម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ពុធ​នេះ បាន​សរសេរ​រិះគន់ លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានបង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​បើក​កម្មវិធី​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែល​បានរៀបចំ​ធ្វើឡើង​នៅឯ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។ លោកម៉ម សុ​ណង់​ដូ ដែល​ធ្លាប់​គាំទ្រ​បក្សប្រឆាំង​ក្នុងការ​បោះឆ្នោតជាតិ​កាលពី​ខែកក្កដា​ឆ្នាំ២០១៣ បាន​សរសេរ​នៅលើ​ទំព័រ Facebookថា “ដូរ ឬ​មិន​ដូរ ទៅជា​ស្អិតរ​មួ​ត ដូច​ក្រមួន​ទៅវិញ។

លោក ម៉ម សុណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ
លោក ម៉ម សុណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ
ផ្សាយពាណិជ្ជកម្ម

លោកម៉ម សុ​ណង់​ដូ ប្រធាន​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ​បាន​សរសេរ​រិះគន់​លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅលើ​ទំព័រ Facebook ផ្លូវការ​របស់លោក នៅ​ថ្ងៃ​ពុធ​ទី១៥ខែមេសា​នេះ ខណៈ​មនុស្ស​មួយចំនួន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​អ្នក​ខ្លះទៀត​កំពុងតែ​វិភាគ ពី​ឥរិយាបថ​របស់​មេបក្ស​ប្រឆាំង​និង​បក្ស​កាន់អំណាច​ដែល​មិន​គួរឱ្យ​ជឿ។ មិនគួរ​ឱ្យ​ជឿ ព្រោះតែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​បាន​បន្ទន់ឥរិយាបថ​យ៉ាងខ្លាំង ដោយ​បានទទួល​ស្វាគមន៍​លោក សម រង្ស៊ី និង​ភរិយា តាំងពី​នៅលើ​វេទិកា​បើក​អង្គរ​សង្ក្រាន្ត រហូតដល់​ការដើរ​ទស្សនា​ពិ​ព័រណ៍ និង​ផ្ទាំងទស្សនីយភាព​នានា រួមគ្នា ដែល​ត្រូវបាន​ដាក់តាំង​នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ។ រូបភាព​ទាំងនោះ ត្រូវបាន​ផ្សព្វផ្សាយ​គ្រប់​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក ដែល​គេ​មិនដែល​ឃើញ​សោះ ពី​វត្តមាន​របស់លោក សម រង្ស៊ី និង​ភរិយា នៅលើ​វេទិការ​រួមគ្នា ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ដែល​ធ្លាប់តែ​វាយប្រហារ​រិះគន់​គ្នា​ទៅវិញទៅមក ដើម្បី​ស្វែងរក​ឧត្តមភាព​ខាង​ផ្នែក​នយោបាយ​នាពេល​កន្លងមក។  

នៅក្នុង​ទិដ្ឋភាព​បែបនេះ លោកម៉ម សុ​ណង់​ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ផង​នោះ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​យប់​ថ្ងៃទី១៤មេសា​ថា "ដូរ ឬ​មិន​ដូរ ទៅជា​ស្អិតរ​មួ​ត ដូច​ក្រមួន​ទៅវិញ បើ​មិន​ខ្មេះ​ទេ ងាប់​ទៅជា​ខ្មោច​ល្អ​ជាង!"។ ជាមួយនឹង​ពាក្យរិះគន់ធ្ងន់ៗបែបនេះ លោក ម៉ម សុ​ណង់​ដូ ក៍បាន​ចែករំលែក​រូបភាព​រប​ស់លោក សម រង្ស៊ី និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​មិត្ត​ភ័​ក្រ​របស់លោក​បានឃើញ​ផងដែរ។

ជាការ​ពិត វា​ជា​រឿង​ដ៍​កំរ​មួយ ដែល​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ដែល​ធ្លាប់ជា​គូរ​សត្រូវ​ខាង​ផ្នែក​នយោបាយ​ដ៍​ជូ​ចត់ បែរ​មកជា​ត្រូវ​រូ​វ​គ្នា​ចាក់ទឹកមិនលិច​ទៅវិញ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​ថែមទាំង​បាន​ហៅ​លោក​សម រង្ស៊ី ថា ជា​សម​ភាគី និង​ជា​ដៃគូ​ដ៏​ល្អ​មួយ​របស់លោក។

ផ្ទុយ​ពី​ការរិះគន់​របស់លោក ម៉ម សុ​ណង់​ដូ ក្នុងនោះ ក៏មាន​អ្នកគាំទ្រ​តាម​ហ្វេ​ស​ប៊ុ​ក​ខ្លះ​បាន​សរសេរ​គាំទ្រ​ថា "វប្បធម៌​ថ្មី​ដ៏​វិជ្ជមាន កើត​ចំ​ថ្ងៃ​ស​ង្ក្រា​ន​ឆ្នាំមមែ សប្ត​សក្តិ ព.ស ២៥៥៩ ត្រូវ​នឹង​ថ្ងៃ​អង្គារ​ទី១៤ ខែមេសា ឆ្នាំ២០១៥ ចេញពី​ទឹកដី​ដ៏​ពិសិដ្ឋ​នៃ​កម្ពុជរដ្ឋ​ក្រុង​អង្គរ គឺ"វប្បធម៌​មាន​សែន មាន​ស៊ី" "វប្បធម៌​ខ្មែរ​តែមួយ វាសនា​តែមួយ" "គ្មាន​ខ្មែរ​ណា​ជាស​ត្រូវ" និង​ខ្លះ​ថា "ខ្មែរ​ត្រូវតែ និយាយ​គ្នា ទោះជា​អ្នកនយោបាយ​ជើងចាស់​ក៏ដោយ កូន​អ្នកនយោបាយ​ជើងចាស់​ក៏ដោយ អ្នកនយោបាយ ជើង​ថ្មី​ក៏ដោយ" ។ កាលពី​ថ្ងៃ​អង្គារ លោក សម រង្ស៊ី ជា​ប្រធាន​ក្រុមតំណាងរាស្ត្រ​មតិ​ភាគតិច​នៅ​រដ្ឋសភា​ផង​នោះ បាន​បញ្ជាក់ដែរថា វត្តមាន​របស់លោក​នៅ​លើ​វេទិការ​អង្គរ​សង្ក្រាន្ត​នេះ គឺជា​និមិត្តរូប នៃ​ការបង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ