អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​​និងបេសក​កម្ម​​ដ៏ស្មុគស្មាញ​ក្នុងនាម​ប្រធាន​អាស៊ាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គ្រាមពាក្យសម្តី​បាន​ផ្ទុះឡើង​កាន់តែខ្លាំង​នៅក្នុង​ចំណោម​សមាជិក​អាស៊ាន​ជុំវិញ​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ជាពិសេស​រវាង​កម្ពុជា​ដែលជា​ប្រធាន​អាស៊ាន និង​ហ្វីលីពីន​ដែលជា​រដ្ឋ​សមាជិក​មួយ។ ទីក្រុង​ភ្នំពេញ​និង​ម៉ានីល​បាន​ឆ្លងឆ្លើយ​គ្នា​ដោយ​ពាក្យសម្តីធ្ងន់ៗ និង​រហូតដល់​មានការ​កោះហៅ​ឯកអគ្គរដ្ឋទូត​ទៅ​ស្តាប់​ការតវ៉ារៀងៗខ្លួន។ ភាព​តានតឹង​នេះ​ដែល​បាន​កើតឡើង​ខណៈពេលដែល​កម្ពុជា​កំពុង​ធ្វើ​ប្រធាន​ផ្លាស់​វេន​អាស៊ាន បាន​បង្កើតជា​វិញ្ញាសា​ដ៏​តឹងតែង​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ក្នុងការ​ដោះស្រាយ​បញ្ហា។

ទីប្រជុំកោះ​​​នៅសមុទ្រចិន​​ខាងត្បូង​​ដែលក្លាយ​ជា​​ជម្លោះ​​រវាង​​ប្រទេស​​សមាជិក​​អាស៊ាន​
ទីប្រជុំកោះ​​​នៅសមុទ្រចិន​​ខាងត្បូង​​ដែលក្លាយ​ជា​​ជម្លោះ​​រវាង​​ប្រទេស​​សមាជិក​​អាស៊ាន​ DR
ផ្សាយពាណិជ្ជកម្ម

 

ការបែកបាក់​ក្នុងចំណោម​សមាជិក​អាស៊ាន​ដោយសារតែ​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​មិន​ត្រឹមតែ​មិនទាន់​ចប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​បែរជា​ឡើង​កម្តៅ​ខ្លាំង​មួយ​កម្រិត​ទៀតផង។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ​សង្គ្រាម​ពាក្យសម្តី​បាន​ផ្ទុះ​ឡើងវិញ​បន្ទាប់ពី​មន្ត្រី​ការបរទេស​ហ្វីលីពីន​បាន​ស្តី​បន្ទោស​កម្ពុជា​ជា​សាធារណៈ​តាមរយៈ​ទំព័រ​កាសែត​ថា​ធ្វើ​ឲ្យ​ខកខាន​ក្នុង​ការចេញ​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី៤៥នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី៩​ដល់​១៣កក្កដា​កន្លងទៅ។

កា​រិះគន់​នេះ​បានធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ឆ្លើយតប​វិញ​ដោយ​ពាក្យសម្តី​ធ្ងន់ៗ​ដើម្បី​ការពារ​ខ្លួន។ ​ទីក្រុង​ភ្នំពេញ​មិន​ញញើត​នឹង​ប្រើពាក្យ​ថា ​ហ្វីលីពីន​ និង​វៀតណាម ​ចង់​ធ្វើ​វិទ្ធង្សនា ​និង​បាន​ប្លន់​យក​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ ។​ យ៉ាងណា​ក៏ដោយ​ ការអត្ថាធិប្បាយ​រិះគន់​តាមរយៈ​សារព័ត៌​មានបាន​រាលដាល​ពី​ម៉ានីល​ដល់​បាងកក ​និង​ចុង​ក្រោយនេះ​បាន​ទៅដល់​សារព័ត៌មាន​ជប៉ុន​នៅ​ទីក្រុង​តូក្យូ​ទៅហើយ។

ជាការ​ពិតណាស់​ ប្រសិនបើ​មើល​មួយ​ភ្លែត​ ជម្លោះ​នេះ​ហាក់ដូចជា​កើតឡើង​នៅ​ផ្ទៃក្នុង​របស់​អាស៊ាន​សុទ្ធសាធ។ ​ប៉ុន្តែ បើ​ពិនិត្យមើល​ឲ្យ​ស៊ីជម្រៅ​សមាជិក​អាស៊ាន​មួយចំនួន​ដែល​កំពុងតែ​ពាក់មុខយក្ស​ដាក់គ្នា​នៅពេលនេះ​គឺ​សុទ្ធតែ​បានទទួល​រង​(ទោះតិច​ឬ​ច្រើន ​និង​ទោះជា​ចេតនា​ឬ​អចេតនា​ក្តី) នូវ​ឥទ្ធិពល​នៃ​ការ​លូកដៃ​មក​ក្នុង​តំបន់​របស់​មហាអំណាច​ធំៗពីរ ​គឺ​ចិន និង​សហរដ្ឋ​អាមេរិក។ ​ជាក់ស្តែង សមាជិក​អាស៊ាន​មួយចំនួន ​ជាពិសេស​ហ្វីលីពីន​ និង​វៀតណាម​ដែលមាន​ទំនាស់​ក្តៅគគុក​ជាងគេ​ជាមួយ​ចិន ​និង​ដែល​បាន​រត់រក​សហរដ្ឋ​អាមេរិក​ជា​ខ្នងបង្អែក​រួចទៅហើយ​នោះ បាន​សម្លឹង​ឃើញ​កម្ពុជា​ថា​ជា​អ្នក​ស្និទ្ធ​ជាមួយ​ចិន។ ​ឥទ្ធិពល​មហាអំណាច​ដែល​លាក់​ពីក្រោយ​ខ្នង​រៀងៗខ្លួន ​បើទោះបីជា​រឿង​ពិត ​ឬ​អាច​គ្រាន់តែ​ជា​បុរេវិនិច្ឆ័យ​ក៏ដោយ​ចុះ ក៏​វា​បានផ្តល់​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​សមាគម​អាស៊ាន​រួច​ទៅហើយ។
ការ​បូញ​មាត់ ​បត់​ដុំដៃ ឬ​ដំឡើង​សរសៃក​ដាក់គ្នា​រវាង​សមាជិក​អាស៊ាន​នៅពេលនេះ​ត្រូវគេ​មើលឃើញថា គឺជា​ការខាតបង់​ធំធេង​សម្រាប់​សមាគម​ដែល​កំពុង​តែមាន​ឥទ្ធិពល​មួយ​នេះ។ ខាតបង់​ទី១ ​គឺ​ការ​ខូចប្រយោជន៍​របស់​អាស៊ាន​ដែល​កំពុង​ធ្វើដំណើរ​រូតរះ​ឆ្ពោះ​ទៅកាន់​គោលដៅ​សហគមន៍​តែមួយ​វាសនា​តែមួយ​នៅ​ឆ្នាំ២០១៥ ។​ ខាតបង់​ទី២​ គឺ​ការបែកបាក់​នេះ​រឹតតែ​បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដល់​មហាអំណាច​ខាងក្រៅ​ក្នុងការ​ដណ្តើម​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ាន។

សម្រាប់​ក្រសែភ្នែក​ក្រុមអ្នកវិភាគ​ សមាជិក​ទាំង​អស់នៃ​សមាគម​អាស៊ាន​ដែល​កម្ពុជា​កំពុងតែ​បំពេញ​តួនាទី​ជា​ប្រធាន​ផ្លាស់​វេន​នៅពេលនេះ ​គួរតែ​ផ្តោត​សារសំខាន់​ទៅលើ​ផលប្រយោជន៍​អាស៊ាន​ទាំងមូល​ជាជាង​ការយក​បញ្ហា​ដោយឡែកៗ​នៃ​ប្រទេស​នីមួយៗ​មក​ធ្វើជា​ត្រីមុខ។ ​មានន័យថា​ បញ្ហា​ហ្វីលីពីន ​ឬ​វៀតណាម​ជាមួយ​ចិន ​មិនគួរ​នឹង​ក្លាយជា​ឆ្អឹង​ទទឹងក​របស់​អាស៊ាន​ឡើយ ​ពីព្រោះ​ជម្លោះ​ដែនដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​រឿង​ថ្មីថ្មោង​ទេ ហើយ​វាក៏​មិនមែនជា​រឿង​ដែល​អាស៊ាន​ត្រូវ​អារកាត់​បាន​នោះដែរ។

ម្យ៉ាងទៀត ​សមាជិក​អាស៊ាន​គួរតែ​បង្ហាញ​ភាពស្មោះត្រង់​ជាមួយគ្នា​ក្នុង​មហា​គ្រួសារ​អាស៊ាន បើទោះបី​ជាមាន​ប្រទេស​ខ្លះ​ស្និទ្ធ​ជាមួយ​ចិន ​និង​ប្រទេស​ខ្លះ​ស្និទ្ធ​នឹង​អាមេរិក​ក៏ដោយចុះ។​ ចូរ​កុំភ្លេចថា​ អាស៊ាន​ត្រូវមាន​ឯករាជភាព​របស់ខ្លួន​ដោយ​មិនត្រូវ​ស្ថិតក្រោម​ឥទ្ធិពល​របស់​មហា​អំណាច​ណាមួយ​ឡើយ។ ​ប៉ុន្តែ បញ្ហា​ដែល​កំពុង​ញាំញី​អាស៊ាន​នៅពេលនេះ ហាក់​បាន​បង្ហាញថា សមាគម​នេះ​កំពុង​ត្រូវបាន​បែងចែក​ដោយ​មហាអំណាច​រួចទៅហើយ។
ដោយសារតែ​បញ្ហា​នេះ​បាន​កើតឡើង​ចំ​ពេលដែល​កម្ពុជា​កំពុង​ធ្វើ​ប្រធាន​អាស៊ាន ដូច្នេះ កម្ពុ​ជាមាន​តួនាទី​យ៉ាងសំខាន់​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា។ ដំណោះស្រាយ​បញ្ហា​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ប្រហែលជា​ទាមទារ​ឲ្យ​កម្ពុជា​ដើរតួនាទី​ជា​អ្នក​សម្រប​សម្រួល​ឲ្យ​បាន​ច្រើន​ជាជាង​ដើរតួ​ជា​ភាគី​ទំនាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ