អានតួអត្ថបទ
អូស្ត្រាលី-អាមេរិក

អូស្ត្រាលី​ពិចារណា​ឲ្យ​កោះ​មួយ​​ទៅ​អាមេរិក​ដើម្បី​តាំង​សំចត​យន្តហោះ​ស៊ើបការណ៍​សម្ងាត់​Drone

នៅក្នុង​អំឡុង​ទស្សនកិច្ច​នៅប្រទេស​អូស្ត្រាលី កាលពី​ខែ​វិច្ឆិកា កន្លងទៅ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​យុទ្ធសាស្ត្រ​យោធា​របស់​អាមេរិក នៅ​អាស៊ីប៉ាស៊ីហ្វិក នោះគឺ​ការបញ្ជូន​កងទ័ព​ម៉ារីន​អាមេរិក​ប្រមាណ​២៥០០​នាក់​ទៅ​ដាក់​​នៅ​មូលដ្ឋាន​ទ័ព ទីក្រុង​Darwin។ នៅថ្ងៃ​ពុធនេះ រដ្ឋមន្រ្តី​ការពារ​ជាតិ​អូស្រ្តាលី​បាន​បញ្ជាក់ ថា កងទ័ព​ម៉ារីន​អាមេរិក​២៥០​នាក់​នឹង​ទៅដល់​អូស្ត្រាលី នៅ​ពាក់កណ្តាល​ខែ​មេសា​ខាងមុខ។ ជាមួយ​គ្នានេះ មាន​ព័ត៌មាន​ថា អូស្រ្តាលី​ក៏​កំពុង​គិតគូរ​ផ្តល់​កោះមួយ ដើម្បី​ឲ្យ​អាមេរិក​យកធ្វើ​ជា​មូលដ្ឋាន​សំចត​យន្តហោះ​គ្មាន​មនុស្ស​បើក Drone។

យន្តហោះ​Drone អាមេរិកាំង​ដែល​មាន​សមត្ថភាព​ស៊ើបការណ៍​សម្ងាត់ និង​ផ្ទុកគ្រាប់មីស៊ីល​
យន្តហោះ​Drone អាមេរិកាំង​ដែល​មាន​សមត្ថភាព​ស៊ើបការណ៍​សម្ងាត់ និង​ផ្ទុកគ្រាប់មីស៊ីល​ ©Reuters
ផ្សាយពាណិជ្ជកម្ម

កោះ​ដែល​អូស្រ្តាលី​ចង់​ប្រគល់​ឲ្យ​អាមេរិក​ដើម្បី​ធ្វើ​ជាទីតាំង​សំចត​យន្តហោះ​Drone ឈ្មោះ​Cocos ស្ថិតនៅ​ប៉ែក​ពាយ័ព្យ​​ប្រទេស​អូស្ត្រាលី។ ប្រព័ន្ធផ្សព្វផ្សាយ​អូស្ត្រាលី​ដែល​បាន​ដកស្រង់​ព័ត៌មាន​ពី​កាសែត​Washington post បាន​លើកឡើងថា តាមគម្រោង អាមេរិក​ចង់យក​កោះ​ Cocos​មក​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​ដើម្បី​សំចត​យន្តហោះ​គ្មាន​មនុស្ស​បើក Drone គឺ​ជំនួស​មូលដ្ឋាន​ទ័ព​អាមេរិក​បច្ចុប្បន្ន​នៅ​កោះ Diego Garcia ដែល​អាមេរិក​បាន​ជួល​ពី​ប្រទេស​អង់គ្លេស និង​ត្រូវ​ផុត​អាណត្តិជួល នៅ​ឆ្នាំ ២០១៦​ខាងមុខ។

 
លោក Stephen Smith​រដ្ឋមន្រ្តី​ការពារ​ជាតិ​អូស្រ្តាលី​បាន​បញ្ជាក់​ថា ​អូស្រ្តាលី​កំពុង​ពិចារណា​ពី​គម្រោង​នេះ ដែល​ដោយពិតទៅ ស្ថិតនៅ​ក្នុង​ផែនការ​សហប្រតិបត្តិការ​យោធា​យូរអង្វែង​របស់​អាមេរិក និង​អូស្រ្តាលី។ រដ្ឋមន្រ្តី​ការពារ​ជាតិ​អូស្ត្រាលី​និយាយ​ថា កោះ​ Cocos អាច​ជា​ជម្រើសមួយ ប៉ុន្តែ គេ​មិនទាន់​អាច​សម្រេច​ភ្លាមៗ​បាន ព្រោះ កោះនេះ​នៅមាន​បញ្ហា​ចោទ​ទាក់ទង​នឹង​ទីតាំង ដែល​មិន​ទាន់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់​ដើម្បី​ទទួល​យន្តហោះ ចុះចត។ ដើម្បី​សាងសង់​ទីលាន​ចុះចត​យន្តហោះ​Drone គេ​ត្រូវការ​លុយ​ប្រមាណ ពី​៧៥ ទៅ ១០០​លាន​ដុល្លារ​អូស្ត្រាលី។

ផែនការ​យក​កោះ​Cocos ធ្វើ​ជាទីតាំង​សំចត​យន្តហោះ​Droneជាផ្នែកមួយ​នៃ​ការពង្រីក​វត្តមាន​របស់​អាមេរិក នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ធ្វើ​ឲ្យ​ប្រទេសនៅ​​អាស៊ី ដូចជា​ចិន និង​ឥណ្ឌូណេស៊ី ជា​ដើម​តវ៉ា​ប្រឆាំង។ កោះ​Cocos​របស់​អូស្ត្រាលី​ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង ៦០០​នាក់ ស្ថិតទៅ​ក្បែរ​ប្រទេស​ឥណ្ឌូណេស៊ី និង​ខិតទៅ​រក​តំបន់​សមុទ្រ​ចិន​ខាងត្បូង។

ចិន​បារម្ភ​ចំពោះ​ការលូកដៃ​របស់អាមេរិក ព្រោះថា ដោយបើក​មូលដ្ឋាន​ទ័ព​នៅកោះ​នេះ អាមេរិក​នឹង​អាច​ប្រើ​យន្តហោះ ស៊ើបការណ៍សម្ងាត់​Drone ដើម្បី​ហោះឆ្វែល​នៅក្នុង​តំបន់​ទឹក​សមុទ្រ​ចិន ភាគខាងត្បូង ដែល​រហូតមកដល់​ពេលនេះ ចិន និង​បណ្តាប្រទេស​អាស៊ី​ផ្សេងទៀត​កំពុង​ឈ្លោះ ដណ្តើមគ្នា​គ្រប់គ្រង​ប្រជុំកោះ​Paracels និងSpratley។

មួយវិញ​ទៀត ក្នុង​កិច្ចព្រមព្រៀង​លើ​សហប្រតិបត្តិការ​យោធា ក្រៅតែ​បញ្ជូនកងទ័ព​ម៉ារីន​​ជាង ២៥០០​នាក់​ទៅ​មូលដ្ឋាន​ទ័ព​Darwin អូស្ត្រាលី​បាន​យល់ព្រម​ផងដែរ ឲ្យ​អាមេរិក​ប្រើប្រាស់​កំពង់ផែ​នៅ​ទីក្រុង​Perth (នៅប៉ែក​និរតី​អូស្ត្រាលី) ធ្វើ​ជា​មូលដ្ឋានទ័ព​សម្រាប់​នាវាផ្ទុក​យន្តហោះ​ចម្បាំង និង​នាវាមុជទឹក​ចូលចត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ