អានតួអត្ថបទ
សហរដ្ឋអាមេរិក-អូស្ត្រាលី

លោកអូបាម៉ា​ទៅអូស្ត្រាលី​ដើម្បីរឹត​ចំណង​សហប្រតិបត្តិការ​យោធា​ប្រឈម​ទល់នឹង​ប្រទេស​ចិន​

លោក​បារ៉ាក់​អូបាម៉ា​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ថ្ងៃពុធ​ទី១៦​វិច្ឆិកា​ឆ្នាំ២០១១។​ ជាលើក​ទីមួយ​ហើយ​ក្នុង​អាណត្តិ​ប្រធានាធិបតី​របស់លោក​ដែល​លោក​អូបាម៉ា​អញ្ជើញ​ទៅ​ប្រទេស​អូស្ត្រាលី។​ អូស្ត្រាលី​គឺជា​សម្ព័ន្ធមិត្ត​ដែល​លោក​អូបាម៉ា​ចង់​រឹត​ចំណង​សហប្រតិបត្តិការ​យោធា​បន្ថែមទៀត​ដើម្បី​ធ្វើការ​ប្រឈម​ទល់នឹង​មហិច្ឆតា​តំបន់​របស់​ប្រទេសចិន។​ ទស្សនកិច្ច​នេះ​ក៏​ចង់គូស​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ខួប​ឆ្នាំទី៦០​នៃ​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំងពីរ​ ​ ហើយក៏​ជា​ឱកាស​សម្រាប់​ប្រកាស​ឲ្យ​ដឹង​ពី​ការពង្រឹង​វត្តមាន​យោធា​អាមេរិក​នៅ​ប្រទេស​អូស្ត្រាលី​ដែរ។

លោក​ Obama ​នៅលើ​​យន្តហោះ​​ Air Force ​ធ្វើដំណើរ​​ទៅប្រទេស​​អូស្ត្រាលី​​នៅ​ថ្ងៃទី​​១៥​​វិច្ឆិកា​​ឆ្នាំ២០១១​2011.
លោក​ Obama ​នៅលើ​​យន្តហោះ​​ Air Force ​ធ្វើដំណើរ​​ទៅប្រទេស​​អូស្ត្រាលី​​នៅ​ថ្ងៃទី​​១៥​​វិច្ឆិកា​​ឆ្នាំ២០១១​2011. Reuters/Jason Reed
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់​អូបាម៉ា​ដែលតែង​ស្រឡាញ់​ទីក្រុង​ Sydney ​កាលលោក​នៅ​មាន​វ័យក្មេង។​ លើកនេះ​ លោក​គ្មាន​ពេលវេលា​នឹង​អញ្ជើញ​ទៅ​ទីក្រុង​ Sydney​ ឡើយ។​ ដោយហេតុថា​ ​ ក្រោយពី​រដ្ឋធានី​ Canberra ​លោក​អូបាម៉ា​ត្រូវ​អញ្ជើញ​ទៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​ដើម្បី​ថ្លែង​ទៅកាន់​កងទ័ព​អូស្ត្រាលីថា​ សហរដ្ឋ​អាមេរិក​និង​ប្រទេស​អូស្ត្រាលី​ត្រូវ​ពង្រឹង​ពង្រីក​សហប្រតិបត្តិការ​យោធា​ ​ ដែល​នឹង​អនុញ្ញាត​ឲ្យកងទ័ព​អាមេរិកាំង​យក​មូលដ្ឋាន​យោធា​នៅ​ Darwin ​ធ្វើជា​មជ្ឈមណ្ឌល​សម្រាប់​បង្ហាត់​ហ្វឹកហ្វឺន​។

 
ប្រទេស​អូស្ត្រាលី​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ហើយក៏ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ប្រទេសចិន​ផងដែរ។​ ក៏​ប៉ុន្តែ​ សំណួរមួយ​ចោទសួរថា​ ​ “​តើទីក្រុង​ប៉េកាំង​ចាត់ទុក​មជ្ឈមណ្ឌល​សម្រាប់​បង្ហាត់​ហ្វឹកហ្វឺន​នៅ​ Darwin ​ថាជា​ចំណែកមួយ​នៃ​យុទ្ធសាស្ត្រ​របស់​អាមេរិក​សម្រាប់​ឡោមព័ទ្ធ​ប្រទេសចិន​ឬ​យ៉ាងណា​?”​។​ កាលពីមុន​ ទីក្រុង​ប៉េកាំង​ធ្លាប់បាន​កាត់បន្ថយ​ទំនាក់​ទំនង​សេដ្ឋកិច្ច​នៅ​ពេល​ដែល​ចិន​ពុំ​សប្បាយ​ពេញចិត្ត។​ ប៉ុន្តែ​ លើកនេះ​ប្រទេស​ចិន​នៅរង់ចាំ​មើលថា​ ​ “​តើ​មូលដ្ឋាន​យោធា​នៅ​ Darwin ​គ្រាន់តែ​ជា​មជ្ឈមណ្ឌល​សម្រាប់​បង្ហាត់​ហ្វឹកហ្វឺន​ ឬ​ សម្រាប់​អាមេរិក​យក​គ្រឿង​សម្ភារៈ​មក​ស្តុកទុក​ប៉ុណ្ណោះ​ឬ​យ៉ាងណា?”​។

ក៏ប៉ុន្តែ​ ​ នាឱកាស​ទស្សនកិច្ច​របស់​លោក​អូបាម៉ា​ ​ នៅថ្ងៃ​ពុធ​នេះ​ ​ លោកស្រី​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​បាន​ប្រកាស​ប្រាប់​ថា​ ​ “​សហរដ្ឋ​អាមេរិក​នឹង​ដាក់​ពង្រាយ​ទាហាន​ម៉ារីន​ប្រមាណ​២៥០នាក់​នៅ​ប៉ែក​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​ចាប់​ពី​ពាក់កណ្តាល​ឆ្នាំ២០១២​ទៅ។

ទាំងនេះ​បាន​បណ្តាល​ឲ្យ​អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេសចិន​លោក​ ​Liu Weimin ​ថ្លែង​ប្រកាស​ថា ​ ​“​ការពង្រឹង​ពង្រីក​សម្ព័ន្ធ​យោធា​នៅ​ពេលនេះ​ពុំ​សមស្រប​នឹង​កាលទេសៈ​ឡើយ​ ​ ហើយ​វា​ក៏​ខុសផ្ទុយ​ពី​ផលប្រយោជន៍​របស់​តំបន់​ផងទៀត​”។

ភ្លាមភ្លែត​ ​ សហរដ្ឋ​អាមេរិក​ក៏​បាន​បដិសេធ​ប្រតិកម្ម​របស់​ទីក្រុង​ប៉េកាំង​នៅថ្ងៃពុធនេះ​ ​ ដោយបាន​ថ្លែងថា​ ​ “​ការពង្រឹង​វត្តមាន​យោធា​អាមេរិក​នៅ​អូស្ត្រាលី​គឺ​ជា​វិធានការ​ត្រឹមត្រូវ​សមស្រប​តាម​កាលទេសៈ​”។

គួរកត់​សម្គាល់ថា​ ​ ទាំងនេះ​ធ្លាក់​ចំពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​ដកទ័ព​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​អាហ្វហ្កានីស្ថាន​ ​ ហើយត្រូវ​ធ្វើការ​ប្រឈម​តទល់​នឹង​មហិច្ឆតា​យោធា​ដែល​កើន​កាន់តែ​ខ្លាំងឡើងៗ​របស់​ប្រទេសចិន។​ កត្តា​ទាំងនេះហើយ​ដែល​នាំឲ្យ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​បង្វែរ​នយោបាយ​សន្តិសុខ​អាមេរិកាំង​ងាកទៅ​រក​តំបន់​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ