អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ីប៉ាស៊ីហ្វិក​ជា​ឆាក​នយោបាយ​ការបរទេស​សំខាន់​ជាង​គេ​របស់​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​អង្គារ​ទី​១១​តុលា ដើម​សប្តាហ៍​នេះ លោកស្រី​ប្រមុខ​ការ​ទូត​អាមេរិក បាន​ចុះ​ផ្សាយ​អត្ថបទ​ដ៏​វែង​អន្លាយ​មួយ​នៅ​ក្នុង​ទស្សនាវដ្តី​Foreign Policy។ នៅ​ក្នុង​អត្ថបទ​នោះ​ដែល​អាច​ជា​សសរ​ទ្រូង​នៃ​នយោបាយ​ការបរទេស​របស់​ទីក្រុង​វ៉ាស៊ីនតោន​នា​អនាគត​ខាង​មុខ លោក ស្រី​Hillary Clinton បាន​អះអាង​ថា ការ​ពង្រឹង​វត្តមាន​នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​គឺ​ជា​ការ​មួយ​ចាំបាច់​ដែល​នឹង​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​រក្សា​លំដាប់​ថ្នាក់​លេខ​មួយ​របស់​ខ្លួន​បាន​នៅ​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់ ការ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ចង់​បង្កើន​តួនាទី​របស់​ខ្លួន​បែប​នេះ នៅ​អាស៊ី​ប៉ាស៊ីហ្វិក នឹង​ច្បាស់​ជា​បណ្តាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​រវាង​ចិន​និង​អាមេរិក។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Hillary Clinton
លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Hillary Clinton Reuters
ផ្សាយពាណិជ្ជកម្ម

អាមេរិក​ដែល​កំពុង​ដក​ខ្លួន​ចេញ​ពី​អៀរ៉ាក់ ​និង​ពី​អាហ្វហ្កានីស្ថាន ត្រូវ​តែ​បែរ​ទៅ​រក​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ពង្រីក​និង​ពង្រឹង​វត្តមាន​របស់​ខ្លួន ពីព្រោះ​ភូមិភាគ​នេះ គឺ​ជា​សសរ​ទ្រូង​នៃ​ពិភពលោក​ក្នុង​សតវត្សរ៍​ទី​២១។ នេះ​គឺ​ជា​សារ​សំខាន់​នៃ​អត្ថបទ​ដ៏​វែង​អន្លាយ​មួយ​របស់​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកាំង ចុះ​ផ្សាយ​កាល​ពី​ដើម​សប្តាហ៍​ដោយ​ទស្សនាវដ្តី​Foreign Policy។

ការ​ដែល​លោក​ស្រី​Hillary Clinton បាន​ចុះ​ផ្សាយ​អត្ថបទ​នេះ មិនមែន​ជា​រឿង​មួយ​ចៃដន្យ​ទេ។ ម្យ៉ាង មួយ​ឆ្នាំ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង អត្ថបទ​នេះ​អាច​ជា​ការ​លាត​ត្រដាង​នយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា បើ​សិន​ជា​លោក​ជាប់​ឆ្នោត​ម្តង​ទៀត។ ម្យ៉ាង​ទៀត នៅ​ខែ​ក្រោយ​នេះ គឺ​ជា​លើក​ទី​មួយ​បង្អស់​ហើយ ដែល​លោក​អូបាម៉ា​នឹង​ចូលរួម​ក្នុង​ជំនួប​កំពូល​អាស៊ី​បូព៌ា នៅ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី ជំនួបកំពូល​ដែល​នឹង​ប្រមូល​ផ្តុំ​ប្រធានាធិបតី​និង​នាយក​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន នៃ​ប្រទេស​ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និង​នូវែលសេឡង់។

ម្ល៉ោះ​ហើយ​ពេល​នេះ​ជា​ឱកាស​ល្អ សម្រាប់​ឲ្យ​លោកស្រី​ប្រមុខ​ការទូត​អាមេរិកាំង​ប្រកាស​ជា​ឱឡារិក​ថា សហរដ្ឋអាមេរិក​ប្តេជ្ញា​ថា​នឹង​ដើរ​តួនាទី​នៅ​ក្នុង​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក ឲ្យ​បាន​ខ្លាំង​ក្លា ដូច​ដែល​ខ្លួន​បាន​ធ្វើ​នៅ​តំបន់​អឺរ៉ុប​អាត្លង់តិក ក្រោយ​សង្គ្រាម​លោក​លើក​ទី​២។

សម្រាប់​លោកស្រី​Hillary Clinton ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក ជាទី​ដែល​អាមេរិក​ត្រូវ​ពង្រីក​និង​ពង្រឹង​វត្តមាន​ទូត យុទ្ធសាស្រ្ត ភូមិសាស្រ្ត​នយោបាយ និង​សេដ្ឋកិច្ច លាត​សន្ធឹង​ពី​ឥណ្ឌា និង​សមុទ្រ​ឥណ្ឌា មក​ដល់​ឆ្នេរ​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៃ​សហរដ្ឋ​អាមេរិក ដោយ​ឆ្លង​កាត់ អាស៊ី​អាគ្នេយ៍ សមុទ្រ​ចិន អាស៊ី​បូព៌ា មហា​សមុទ្រ​អូសេអានី និង​អូស្រ្តាលី។

មែនទែន​ទៅ មាន​មូលហេតុ​ធំៗ​បី​ដែល​អាច​ពន្យល់​មហិច្ឆតា​របស់​អាមេរិក​នៅ​ក្នុង​តំបន់​ដ៏​ធំ​ល្វឹងល្វើយ​នេះ។ ទី​មួយ គឺ​មូលហេតុ​ភូមិសាស្រ្ត​និង​ប្រវត្តិសាស្រ្ត​ដែល​បាន​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក​ដើរ​តួនាទី ជា​មហាអំណាច​ប៉ាស៊ីហ្វិក តាំង​ពី​ចុង​សតវត្សរ៍​ទី​១៩​មក​ម្ល៉េះ។ ទីពីរ គឺ​មូលហេតុ​នយោបាយ​និង​ភូមិសាស្រ្ត​នយោបាយ បាន​ន័យ​ថា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​នេះ ដូច​ជា​ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អូស្រ្តាលី​ជា​ដើម ចង់​បាន​វត្តមាន​អាមេរិកាំង​នៅ​ទី​នោះ ដើម្បី​បន្ត​រក្សា​ស្ថិរភាព។ រី​ឯ​មូលហេតុ​ទី​បី​វិញ គឺ​ប្រយោជន៍​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ដែល​អាមេរិក​ទាញ​បាន ឬ​សង្ឃឹម​ថា​នឹង​ទាញ​បាន​ជា​បន្ថែម ពី​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​អាស៊ី​ប៉ាស៊ីហ្វិក។

គឺ​ចំណុច​ចុង​ក្រោយ​មួយ​នេះ​ហើយ ដែល​លោកស្រី​Hillary Clinton បាន​សង្កត់​ធ្ងន់​នៅ​ក្នុង​អត្ថបទ​របស់​លោក​ស្រី។ សម្រាប់​លោក​ស្រី​ប្រមុខ​ការទូត​អាមេរិកាំង គឺ​មាន​តែ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មួយ​ទេ ដែល​នឹង​អាច​ជួយ​សហរដ្ឋ​អាមេរិក​ឲ្យ​រក្សា​ត​ទៅ​មុខ​ទៀត​បាន​យូរ​នូវ​លំដាប់​ថ្នាក់​លេខ​មួយ​របស់​ខ្លួន នៅ​ក្នុង​ពិភពលោក។ ពីព្រោះ អាស៊ី​ប៉ាស៊ីហ្វិក គឺ​ជា​តំបន់​ដែល​សេដ្ឋកិច្ច​មាន​សន្ទុះ​ខ្លាំង​ជាង​គេ​បង្អស់​ក្នុង​ពេល​នេះ និង​ជា«មហា​ទីផ្សារ​មួយ បើក​ចំហ​ប្រកប​ទៅ​ដោយ​សក្តានុពល​ខ្លាំង សម្រាប់​ការ​វិនិយោគ ពាណិជ្ជកម្ម និង បច្ចេកវិជ្ជា​ឈាន​មុខ»របស់​សហរដ្ឋ​អាមេរិក។

ជា​ការ​ពិត​ណាស់​ដែល​ថា នៅ​ក្នុង​អត្ថបទ​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី​Foreign Policy លោក​ស្រី​Hillary Clinton មិន​បាន​ចាត់​ទុក​ប្រទេស​ចិន​ថា​ជា​សត្រូវ​ឬ​ជា​គូប្រជែង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោកស្រី​បាន​សរសេរ​ថា«ចិន​និង​អាមេរិក​នឹង​អាច​ទាញ​ផលចំណេញ​បាន​ច្រើន​ពី​កិច្ច​សហប្រតិបត្តិការ ជាង​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា»។

យ៉ាង​ណា​មិញ ភាសា​ទូត​បែប​នេះ មិន​អាច​បិទ​បាំង​ការ​ពិត​ជាក់​ស្តែង​បាន​ទេ។ ការ​ពិត​ជាក់​ស្តែង គឺ​អាមេរិក​និង​ចិន​ជា​គូប្រជែង​យុទ្ធសាស្រ្ត​រួច​ស្រេច​បាត់​ទៅ​ហើយ នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ ម្យ៉ាង ប្រទេស​ដែល​ជា​មិត្ត​របស់​អាមេរិក​នៅ​ក្នុង​តំបន់ សុទ្ធសឹង​ជា​សត្រូវ​របស់​ចិន​ ឬ​ជា​អ្នក​ដែល​មិន​ទុក​ចិត្ត​ចិន ផ្ទុយ​ទៅ​វិញ​ប្រទេស​ដែល​អាមេរិក​ស្អប់​ដូច​ជា​កូរ៉េ​ខាង​ជើង​ឬ​ភូមា​ជា​ដើម សុទ្ធសឹង​ជា​អ្នក​ដែល​ស្និទ្ធ​នឹង​ចិន។ ម្យ៉ាង​ទៀត ការ​ដែល​ចិន​ពង្រឹង​កង​កម្លាំង​ជើង​ទឹក​របស់​ខ្លួន​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ដើម្បី​សម្រេច​តែ​គោលដៅ​មួយ​គត់ នោះ​គឺ​ទប់ទល់​នឹង​អានុភាព​យោធា​អាមេរិកាំង​នៅ​ក្នុង​តំបន់ អានុភាព​យោធា​ដែល​ស្តែង​ឡើង​តាម​រយៈ​វត្តមាន​នៃ​កងទ័ព​អាមេរិកាំង​៥ ០០០០​នាក់​នៅ​ជប៉ុន​និង នៅ​កូរ៉េ​ខាង​ត្បូង ព្រម​ទាំង​វត្តមាន​នៃ​កងពល​ជើង​ទឹក​ទី​៧​របស់​អាមេរិក​នៅ​ប៉ាស៊ីហ្វិក។

ក្រៅ​ពី​ពឹងពាក់​លើ​ប្រទេស​មិត្ត ដូច​ជា​ជប៉ុន កូរ៉េ​ខាង​ត្បូង ហ្វីលីពីន និង​ថៃ​ជា​ដើម លោកស្រី​Hillary Clinton ចង់​ឲ្យ​អាមេរិក​ពង្រីក​និង​ពង្រឹង​ទំនាក់ទំនង​ជា​មួយ ឥណ្ឌា អាស៊ាន និង អូស្រ្តាលី ដើម្បី​បង្កើន​តួនាទី​របស់​ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ គំនិត​នេះ​ដែល​អាមេរិក​បាន​ចាប់​ផ្តើម​អនុវត្ត​បណ្តើរៗ​ហើយ​នោះ ក៏​មិន​អាច​ធ្វើ​ឲ្យ​ចិន​សប្បាយ​ចិត្ត​ដែរ។ ទី​មួយ ឥណ្ឌា​ជា​សត្រូវ​របស់​ចិន។ ទីពីរ ការ​ខិត​ចូល​ជិត​គ្នា​កាន់​តែ​ខ្លាំង​រវាង​អាមេរិក និង​អាស៊ាន​មិន​មែន​ជា​ដំណឹង​ល្អ​ឡើយ​សម្រាប់​ចិន ពីព្រោះ​អាមេរិក​ចេញ​មុខ​ជួយ​ឈឺ​ឆ្អាល​ជម្លោះ​ទឹក​ដី​រវាង​ចិន​និង​ប្រទេស​អាស៊ាន​ខ្លះ​នៅ​ក្នុង​សមុទ្រ​ចិន​ប៉ែក​ខាង​ត្បូង។

សម្រាប់​សហរដ្ឋ​អាមេរិក ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដែន​ទឹក​អន្តរជាតិ និង​ការ​បន្ត​ឃ្លាំ​មើល​ដែន​ទឹក​ដែល​គេ​ចាត់​ទុក​ថា​ជា​របស់​អន្តរជាតិ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​គេ។ រី​ឯ​សម្រាប់ ​ប្រទេស​ចិន​វិញ នាវា​អាមេរិក​ ជាពិសេស​នាវា​ចម្បាំង​របស់​អាមេរិក​គ្មាន​សិទ្ធិ​ចូល​មក​ក្នុង​ដែន​ទឹក​ដែល​ជា​ទី​ជម្លោះ​រវាង​ចិន​និង​ប្រទេស​ដទៃ​ណា​មួយ​ផ្សេង​នៅ​ក្នុង​តំបន់​បាន​ទេ។

និយាយ​ជា​រួម អត្ថបទ​ដ៏​វែង​អន្លាយ​ដែល​លោកស្រី​Hillary Clinton បាន​ចុះ​ផ្សាយ កាល​ពី​ដើម​សប្តាហ៍​នៅ​ក្នុង​ទស្សនាវដ្តី​Foreign Policy ស្តែង​ឲ្យ​ឃើញ​ថា នៅ​សតវត្សរ៍​ទី​២១​នេះ អាមេរិក​ចង់​ដើរ​តួនាទី​សំខាន់​លើស​ពេល​ណាៗ​ទាំង​អស់ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ ម្ល៉ោះ​ហើយ គេ​អាច​សន្និដ្ឋាន​ពី​ឥឡូវ​នេះ​ត​ទៅ​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ខ្លាំង​រវាង​អាមេរិក​និង​ចិន​នៅ​ក្នុង​តំបន់ ជា​ការ​មួយ​ពិបាក​ចៀស​វាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ