អានតួអត្ថបទ
កម្ពុជា​

យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​កក្រើក​នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស

សមត្ថកិច្ច​ចម្រុះ​កំពុង​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​កក្រើក​មួយ​ នៅ​ក្នុង​បណ្តា​ខេត្ត​ប៉ែក​ពាយ័ព្យ​ប្រទេស។ ​នៅ​ពាក់​កណ្តាល​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​៣​មេសា​នេះ ​សមត្ថកិច្ច​បាន​សម្រុក​ចូល​ក្នុង​ផ្ទះ​សំណាក់​មួយ​នៅ​ក្នុង​ខេត្ត​ បន្ទាយមានជ័យ​ដែល​ជា​សម្បុក​ចែក​ចាយ​ និង​ប្រើ​ប្រាស់​ថ្នាំ​ញៀន។ ​មនុស្ស​២៥​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​នេះ។ ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ សមត្ថកិច្ច​ចម្រុះ​ខេត្ត​សៀមរាប​បាន​ឃាត់​ខ្លួន​មនុស្ស​៥​នាក់​ក្នុង​នោះ​ មាន​មន្ត្រី​ប៉ូលិស​២​នាក់​ផង​ ពី​បទ​ជាប់​ពាក់ពន្ធ័​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​នេះ។ មន្ត្រី​ប៉ូលិស​ដែល​ជា​ជន​សង្គម​ងងឹត​ត្រូវបាន​វែក​មុខ​ជា​បន្តបន្ទាប់។

ថ្នាំ​ញៀន​ជា​ប្រភេទ​គ្រាប់​ចាប់​បាន​នៅ​កម្ពុជា
ថ្នាំ​ញៀន​ជា​ប្រភេទ​គ្រាប់​ចាប់​បាន​នៅ​កម្ពុជា ©RFI-បូណា
ផ្សាយពាណិជ្ជកម្ម

 

02:29

សេចក្តី​រាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

មនុស្ស​២៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខេត្ត​បន្ទាយមានជ័យ​ឃាត់​ខ្លួន​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១​នេះ ​ខណៈ​ដែល​សមត្ថកិច្ច​ឆ្មក់​ចូល​ក្នុង​ផ្ទះ​សំណាក់​មួយ​ក្នុង​សង្កាត់​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ ។​

ប្រភព​ពី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់​ផ្ទះសំណាក់​ ២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​អ្នក​ផ្តល់​ទីតាំង​ឲ្យ​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន។ ​ចំណែក​ឯ​ភ្ញៀវ​ជាង​២០​នាក់​ទៀត​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះសំណាក់​នេះ​ គឺ​ជា​អ្នក​ចែក​ចាយ​និង​ប្រើប្រាស់​ថ្នាំញៀន។​ ក្នុង​យុទ្ធនាការ​នេះ សមត្ថកិច្ច​បាន​ដក​ហូត​ថ្នាំញៀន​ និង​សម្ភារៈ​ជាច្រើន​ទៀត​ទុក​ជា​វត្ថុតាង។

នេះជា​ប្រតិបត្តិការ​ដ៏​ធំ​មួយ​ទៀត​ក្នុង​ចំណោម​ប្រតិបត្តិការ​ជាច្រើន​លើក​​ក្នុង​ខេត្ត​បន្ទាយមាន​ជ័យ​​ដើម្បី​បង្ក្រាប​ក្រុម​សង្គម​ងងឹត​ជួញដូរ​គ្រឿងញៀន។ ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​និង​ក្តៅ​គគុក​បាន​ចាប់ផ្តើម​តាំង​ពី​ចុង​ខែ​មីនា​មក​ នៅ​ប៉ែក​ពាយ័ព្យ​ប្រទេស​ ជាពិសេស​ខេត្ត​បន្ទាយមានជ័យ​ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជ្រើស​យក​ជា​ខេត្ត​គំរូ​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ពីព្រោះ​តែ​ខេត្ត​ជាប់​ជាយ​ដែន​មួយ​នេះ​សម្បូរ​ដោយ​សម្បុក​អ្នក​ជួញដូរ​ថ្នាំញៀន។

កាលពី​ថ្ងៃ​ទី២​មេសា​ម្សិលមិញ ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​សៀមរាប ​សហការ​ជាមួយ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ​និង​ក្រសួង​មហាផ្ទៃ ​ក៏​បាន​បើក​យុទ្ធនាការ​ធំ​មួយ​ដែរ​ក្នុង​ការ​បង្ក្រាប​អ្នកជួញ​ដូរ​គ្រឿងញៀន​ខុសច្បាប់​នេះ។ ​មនុស្ស​៥​នាក់​ក្នុង​នោះ​មាន​មន្ត្រី​ប៉ូលិស​២​នាក់​ផង​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ។ ​មន្ត្រី​ប៉ូលិស​ទាំងពីរ​នាក់​ដែល​ម្នាក់​ជាប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ និង​ម្នាក់​ទៀត​ជា​មន្ត្រី​ប៉ូលិស​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សៀមរាប​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ជាប់​ពាក់ពន្ធ័​នឹង​ផលប្រយោជន៍​ដែល​បាន​មកពី​ការ​ចែក​ចាយ​គ្រឿងញៀន។

រហូត​មក​ទល់​នឹង​ពេល​នេះ ​មាន​មន្ត្រី​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​យ៉ាងហោច​ណាក់​ក៏​៥​នាក់​ដែរ​ ដែល​មាន​តំណែង​ចាប់ពី​ថ្នាក់​ស្នងការ ​ស្នងការរង​រហូត​ដល់​មន្ត្រី​ការិយាល័យ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ពី​បទ​ពាក់ពន្ធ័​នឹង​គ្រឿងញៀន។ ការ​វែកមុខ​មន្ត្រី​ប៉ូលិស​ជា​បន្ត​បន្ទាប់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​​ការ​ចាប់​ខ្លួន​លោក ​មឹក​ តារា ​ឧត្តមសេនីយ៍​ផ្កាយបី​ដែលត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​មេខ្លោង​បង្កើត​បណ្តាញ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំមួយ​នៅ​ទូទាំង​ប្រទេស។ លោក​ មឹក តារា​ អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន​ ចំណុះ​ឱ្យ​ក្រសួង​មហាផ្ទៃ​ កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ខណៈ​ដែល​យុទ្ធនាការ​បោស​សម្អាត​គ្រឿងញៀន​កំពុង​សម្រុក​ធ្វើ​យ៉ាង​កក្រើក​ក្នុង​ខេត្ត​ភាគ​ពាយព្យ័​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ