អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទស្សនៈ ​«បុណ្យ​ក៏​ធ្វើ ឈើ​ក៏​កាប់» ធ្វើ​ឲ្យ​សង្គម​ចាក​គន្លង​ព្រះពុទ្ធ​សាសនា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ពុធ​នេះ​ដែលជា​ថ្ងៃបុណ្យ​កាន់បិណ្ឌ​ទី៣ ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​ទូទាំងប្រទេស​បា​នប​ន្ត​នាំគ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅតាម​ទីវ​ត្ត​អារាម​នានា​យ៉ាងច្រើន​កុះករ។ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ រាប់​តាំងពី​មេដឹកនាំ​កំពូល​រហូតដល់​ពលរ​ដ្ឋ​ក្រីក្រ​បំផុត សុទ្ធតែ​នាំគ្នា​ទៅ​វត្តគ្រប់ៗគ្រួសារ។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ទៅលើ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ។ ប៉ុន្តែ សង្គម​កម្ពុជា​ដែល​ពលរដ្ឋ​ភាគច្រើន​លើសលប់​កាន់​ព្រះពុទ្ធសាសនា​បែរជា​សម្បូរ​ដោយ​បញ្ហា​រាប់រយ​ជំពូក រហូតដល់​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ទៀតផង។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?

ព្រះពុទ្ធ​រូប​ ​នៅវត្តមួយ​ ក្នុងទីក្រុង​ភ្នំពេញ
ព្រះពុទ្ធ​រូប​ ​នៅវត្តមួយ​ ក្នុងទីក្រុង​ភ្នំពេញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

រដូវ​ភ្ជុំបិណ្ឌ​គឺជា​ពេលវេលា​ដែល​គេ​អាច​សង្កេតឃើញ​យ៉ាងច្បាស់​បំផុត​អំពី​ជំនឿ​របស់​ពលរដ្ឋ​ខ្មែរ​ទៅលើ​ព្រះពុទ្ធសាសនា ជាពិសេស​គឺ​ជឿ​លើ​ទស្សនៈ«កម្មផល» ឬ «បុណ្យ​និង​បាប» តែម្តង។ ជំនឿ​ដ៏​មុតមាំ​របស់​ពុទ្ធសាសនិក​ជន​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​គឺ លើ​លោក​នេះ​ពិត​ជាមាន​អំពើ​បុណ្យ​បាប​ប្រាកដ​មែន។

នៅក្នុង​ព្រះពុទ្ធសាសនា អំពើ​បុណ្យ និង​បាប ជា​សកម្មភាព​ពីរ​ដាច់​ដោយឡែក​ពីគ្នា និង​មិនអាច​កាត់កង​គ្នា​បានឡើយ មានន័យថា អ្នកធ្វើ​កម្ម​អ្វី​នឹង​ទទួលផល​នោះ​វិញ បើទោះជា​មិនមែន​ក្នុង​ជាតិ​នេះ​ក៏​ក្នុង​ជាតិ​ខាងមុខ​ដែរ។ ហេតុដូច្នេះ​ហើយ​បានជា​ព្រះពុទ្ធ​ពុទ្ធសាសនា​បង្រៀន មនុស្ស​ឲ្យ​ខ្លាច​និង​វៀរចាក​អំពើ​បាប។ ក្នុងន័យនេះ ប្រសិនបើ​គេ​ពិនិត្យមើល​សន្ទុះ​នៃ​ជំនឿ​លើ​ទៅលើ​ព្រះពុទ្ធសាសនា​នៅក្នុង​រដូវ​ភ្ជុំបិណ្ឌម្តងៗ គេ​ហាក់ដូចជា​ពិបាក​នឹង​ជឿ​ណាស់​ថា ប្រទេស​កម្ពុជា​អាច​ក្លាយជា​វាលពិឃាត​សម្លាប់​ជាតិ​ឯង​ស្ទើរតែ​ដាច់​ពូជ​យ៉ាង​ដូច្នេះ​សោះ។

បច្ចុប្បន្ន សង្គម​នេះ​ក៏​នៅតែ​រួតរឹត​ដោយ​បញ្ហា​យ៉ាង​ចាក់ស្រេះ​នៅឡើយ​ដែរ៖ អំពើពុករលួយ កេង​ប្រ​វ​ញ្ច័​ពលកម្ម រំលោភ ឃាតកម្ម ល្បែង ស្រី​ស្រា បញ្ហាដីធ្លី អយុត្តិធម៌​សង្គម គំនុំសងសឹក​នយោបាយ ... ដែលជា​ទង្វើ​ផ្ទុយ​ពី​គន្លង​ព្រះពុទ្ធសាសនា​នោះ នៅតែ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក​នៅឡើយ។ 

តើហេតុអ្វីបានជាដូច្នេះ?

សំណួរ​នេះ​បាន​ចោទ​ឡើងជា​យូរ​មកហើយ រហូតដល់​អ្នកខ្លះ​ទម្លាក់កំហុស​ទៅលើ​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ទៅវិញ​ក៏មាន។ ប៉ុន្តែ តាមពិត បញ្ហា​ទាំងឡាយ​នោះ គឺ​បណ្តាលមកពី​ការប្រព្រឹត្ត​ខុសពី​គន្លង​ព្រះពុទ្ធសាសនា​ទេតើ។

ពិតណាស់ថា ពុទ្ធបរិស័ទ​ជាច្រើន គ្រាន់តែ​ជឿ​តែ​សម្បក​ក្រៅ​តែប៉ុណ្ណោះ តែ​ពួកគេ​មិនបាន​ស្វែងយល់​ស៊ីជម្រៅ​និង​មិនបាន​គោរព​ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធសាសនា​នៅក្នុង​ជម្រៅ​ទឹកចិត្ត​របស់ខ្លួន​ឡើយ។ «បុណ្យ​ក៏​ធ្វើ ឈើ​ក៏​កាប់» នេះ​ជា​ទស្សនៈ​ម្យ៉ាង​ដែល​គេ​ប្រើ​សម្រាប់​ពិពណ៌នា​សកម្មភាព​របស់​ពុទ្ធប​រិ​ស័​ទ​មួយចំនួន​ដែល​អះអាងថា ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា តែ​ពួកគេ​មិន​យល់ និង​មិន​ប្រតិបត្តិ​តាម​គន្លង​ព្រះពុទ្ធ​ឱវាទ​ប្រកប«ដោយ​បញ្ញា»នោះឡើយ។ ផ្ទុយទៅវិញ អ្នក​កាន់​ព្រះពុទ្ធសាសនា​មួយចំនួន​នោះ​បែរជា​មិន​កោតខ្លាច​ក្នុងការ​ប្រព្រឹត្ត​អំពើ​បាប​ទៅវិញ។

ដោយហេតុថា អំពើ​បាប​ងាយ​នឹងធ្វើ​ជាង​អំពើ​បុណ្យ មនុស្ស​ជាទូទៅ​រាប់ទាំង​អ្នកនយោបាយ​មួយចំនួន​ផង(ដែល​មិន​ច្បាស់លាស់​ក្នុង​ព្រះពុទ្ធសាសនា ឬ​គ្រាន់តែ​យក​ព្រះពុទ្ធសាសនា​ជា​ខែល​នោះ) ងាយ​នឹង​លង់​ទៅក្នុង​អំពើ​បាប ហើយ​ភ្លេច​គិតដល់​អំពើ​បុណ្យ។ ជាក់ស្តែង សូម្បី តែ​អតីត​មេដឹកនាំកំពូលៗខ្មែរក្រហម​ដែល​កំពុង​ជាប់ចោទ​ក្នុង​តុលាការ​ពីបទ​ប្រល័យពូជ សាសន៍​ក៏​ជា​ពុទ្ធបរិស័ទ​ដែរ។ ពួកគេ​ក៏​តែងតែ​ធ្វើ​បុណ្យទាន​ក្នុងអំឡុង​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​មិនដែល​ខាន​ឡើយ។

ទិដ្ឋភាព​ជាក់ស្តែង​ក្នុងសង្គម​បច្ចុប្បន្ន ក៏​អាច​ឆ្លុះបញ្ចាំង​បាន​អំពី​ភាពផ្ទុយ​គ្នា​រវាង​ភាពជា​អ្នក​ជឿ​លើ​ព្រះពុទ្ធសាសនា និង​ការអនុវត្ត​ជាក់ស្តែង​របស់​មនុស្ស​ជាច្រើន​ផងដែរ។ ការរំលោភបំពាន​បៀតបៀន​អ្នកដទៃ ការចង់​មានបាន​ដោយ​មធ្យោបាយ​មិន​សុច​រិត ការ​ប៉ែង​ជើង​គ្នា​ក្នុង​ឆាក​នយោបាយ ឬ​ការកាត់ក្តី​ដោយ​អយុត្តិធម៌... សុទ្ធតែជា​អំពើ​បាប​ធ្ងន់ធ្ងរ។ តែ​សកម្មភាព​ទាំងនេះ​បាននិងកំពុង​កើត​ឡើងជា​រៀងរាល់ថ្ងៃ។

សម្រាប់​ក្រុមអ្នកវិភាគ​សង្គម​កម្ពុ​ជា ដើម្បី​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ក្លាយជា​សង្គម​ព្រះពុទ្ធសាសនា​ពិតប្រាកដ ប្រជា​ពុទ្ធបរិស័ទ​គួរតែ​ស្វែងយល់​ពី​ជម្រៅ​នៃ​សាសនា​ដែល​ខ្លួន​កំពុង​គោរព។ ពិត​ហើយ​ថា មនុស្ស​មិនអាច​ធ្វើ​ចិត្ត​ដូច​ព្រះ​បានទេ ប៉ុន្តែ ការព្យាយាម​ធ្វើ​ចិត្តបុណ្យ​កុសល ការប្រព្រឹត្ត​ក្នុង​ចេតនា​ល្អ​រវាង​គ្នា​និង​ការសណ្តោសប្រណី​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ច្រើន គឺជា​ប្រភព​នៃ​សេចក្តី​ស្ងប់​សុខ​របស់​សង្គមមនុស្ស។ ផ្ទុយទៅវិញ ការប្រព្រឹត្ត​ចាក​គន្លង​ព្រះពុទ្ធសាសនា ដែល​នាំ​ក្តី​ក្តៅក្រហាយ​ដល់​អ្នកដទៃ កម្ម​នោះ​នឹង​តាម​លង​​វិញ​ដោយ​ចៀស​មិន​រួច។ នេះ​បើ​យោងតាម​ស្សនៈ​កម្មផល​ក្នុង​ព្រះពុទ្ធសាសនា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ