អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ជីវិត​ផ្សារ​ភ្ជាប់​នឹង​សិល្បៈ​ជា​ផ្នែក​មួយ​នៃ​ប្រជាប្រិយភាព​របស់​សម្តេចឪ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រៅពី​ទេពកោសល្យ​ដ៏​ប៉ិនប្រសប់​ខាង​នយោបាយ និង​ជា​មហាក្សត្រ​ដ៏​ជាទីគោរព​ស្រឡាញ់​របស់​ប្រជារាស្ត្រ សម្តេចឪ​នរោត្តម សីហនុ ក៏មាន​ជីវិត​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​សិល្បៈ​ផងដែរ។ ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ សម្តេចឪ​គឺជា​អ្នក​សេ្ន​ហា​សិល្បៈ​ដ៏​ខ្លាំងក្លា​បំផុត។ បទ​ភ្លេង ចម្រៀង ភាពយន្ត គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​មិនអាច​កាត់ផ្តាច់​បាន​ពី​ជីវិត​របស់​ទ្រង់។ ជីវិត​ពោរពេញ​ដោយ​សិល្បៈ​នេះហើយ​ដែល​បាន​វេញ​ត្របាញ់​មនោសញ្ចេតនា​កាន់តែ​ជ្រាលជ្រៅ​រវាង​ព្រះអង្គ​និង​ប្រជារាស្ត្រ​ខ្មែរ។

សម្តេច​ឪ​នរោត្តម សីហនុ
សម្តេច​ឪ​នរោត្តម សីហនុ ©rfi
ផ្សាយពាណិជ្ជកម្ម

មិន​ត្រឹមតែ​ជា​មហាក្សត្រ​ប្រកបដោយ​ទសពិធរាជធម៌ ជា​ឥស្សរជន​នយោបាយ​ដ៏​ឆ្នើម និង​ជា​បិតា​ឯករាជ្យ​ជាតិ ប៉ុណ្ណោះ​ទេ ប៉ុន្តែ អតីតព្រះមហាក្សត្រ​ដ៏​ល្បីល្បាញ​ដែល​ពលរដ្ឋ​ខ្មែរ​ហៅថា សម្តេចឪ​នោះ ក៏​ជា​តួអង្គ​សិល្បៈករ​ដ៏​មោះមុត​មួយ​ព្រះអង្គ​ផងដែរ។ ព្រះអង្គ​ក៏មាន​ជីវិត​ផ្សារ​ភ្ជាប់​នឹង​សិល្បៈ​ដ៏​ជ្រាលជ្រៅ​បំផុត​ដែល​ ពិបាក​នឹង​វាស់​ស្ទង់។

ពេញ​មួយ​ព្រះជន្ម​របស់​ព្រះអង្គ ទោះជា​ជាប់រ​វ​ស់នឹង​ព្រះរាជ​បូជនីយកិច្ច​រាប់រយ​ជំពូក​ដើម្បី​ជាតិ​ យ៉ាងណាក៏ដោយ ក៏​ព្រះអង្គ​មិនដែល​ភ្លេច​សិល្បៈ​ដែរ។ ជា​អ្នកនិពន្ធ​បទ​ភ្លេង និង​ចម្រៀង ជា​អ្នកនិពន្ធ​និង​ដឹកនាំ​រឿងភាពយន្ត ជា​តួអង្គ​សម្តែង និង​ជា​អ្នកចម្រៀង​មនោសញ្ចេតនា​ដ៏​លន្លង់លន្លោច... ទេពកោសល្យ​សិល្បៈ​ទាំងនេះ​បានផ្តល់​ឲ្យ​សម្តេចព្រះ​នរោត្តម សីហនុ នូវ​រូប​ភាពជា​តួអង្គ​មួយ​ផ្សេងទៀត ក្រៅពី​តួអង្គ​ជា​ក្សត្រ និង​ជា​អ្នកនយោបាយ​ដ៏​ឆ្នើម។ គេ​អាច​និយាយបានថា សិល្បៈ​គឺជា​ផ្នែក​ដ៏​សំខាន់​មួយទៀត​នៃ​ជីវិត​របស់​អង្គ​សម្តេចឪ។

តាំងពី​ព្រះអង្គ​នៅ​ក្មេង​ម្ល៉េះ សម្តេចព្រះ​នរោត្តម សីហនុ ក៏ត្រូវ​បាន​មហាជន​ខ្មែរ​ស្គាល់​ថា​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ដែលជា​ ព្រះរាជ​និពន្ធ ដឹកនាំ​រឿង និង​សម្តែង​ផ្ទាល់​ទៀតផង។ ខ្សែភាពយន្ត​ដែលជា​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​មាន​ច្រើន​រឿង ក្នុងនោះ ខ្សែភាពយន្ត​ល្បីល្បាញ​ជាងគេ មានដូចជា រឿង​ព្រៃ​ប្រសិទ្ធិ, និង​រឿង​ឆាយា​លើ​អង្គរ​ជាដើម។

ក្រៅពី​ភាពយន្ត បទ​ចម្រៀង​ដែលជា​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ក៏មាន​រាប់សិប​បទ​ដែរ ក្នុងនោះ បទ​ចម្រៀង​មួយចំនួន​ជា​បទ​ដ៏​ពេញនិយម និង​មិនចេះ​រីងស្ងួត។ ជាក់ស្តែង បទ​រាត្រី​ជួប​ភ័ក្ត្រ ម៉ូ​នី​កា និង​កុលាប​ភ្នំពេញ​ជាដើម សុទ្ធសឹង​ជា​បទ​ដ៏​មាន​ប្រជាប្រិយ​ដែល​គេ​ចូលចិត្ត​ប្រគំក្នុង​ ពិធីធំៗមិនសូវ​ខាន។ ជីវិត​ដែល​ផ្សារភ្ជាប់​នឹង​សិល្បៈ​បែបនេះហើយ​ដែល​បាន​ជួយ​ជំរុញ​ ប្រជាប្រិយភាព​របស់​ព្រះអង្គ​ឲ្យ​កាន់តែ​ខ្ពស់ត្រដែត​ឡើង ពីព្រោះ​សិល្បៈ​ជា​ចំណែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ជីវិត​របស់​ មនុស្ស។

សិល្បៈ​ក៏​ជា​ចំណែក​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​ ផ្សារភ្ជាប់​មនោសញ្ចេតនា​ជាមួយ​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែរ។ ជាទូទៅ មេដឹកនាំ​ដែលមាន​ជីវិត​ផ្សារភ្ជាប់​នឹង​សិល្បៈ ច្រើនតែ​ជា​អ្នក​ដែលមាន​មនោសញ្ចេតនា​វេញ​ត្របាញ់​ជាមួយ​ប្រជាពលរដ្ឋ។ មនោសញចេតនា​ដ៏​ជ្រាលជ្រៅ​ដែល​សម្តេចឪ​មាន​ចំពោះ​ប្រជារាស្ត្រ​របស់​ព្រះអង្គ ​ក៏​ពិតជា​មិនអាច​កាត់ផ្តាច់​បាន​ពី​ជីវិត​សិល្បៈ​របស់​ព្រះអង្គ​ដែរ។

ទោះជា​នៅ​នាទីចុងក្រោយ​នៃ​ព្រះជន្ម​របស់​ព្រះអង្គ ក៏​សម្តេចឪ នៅតែ​ផ្សារភ្ជាប់​នឹង​សិល្បៈ​យ៉ាងសកម្ម​ដដែល។ ព្រះអង្គ​នៅតែ​បន្ត​ដឹកនាំ​ថត​ខ្សែភាពយន្ត និង​ថត​ចម្រៀង​ដោយ​គ្មាន​នឿយណាយ។ បទ​ចម្រៀង​ដែល​ពេញនិយម​បំផុត​នៅក្រោយ​ពេលដែល​ព្រះអង្គ​សោយ​ទិវង្គត​គឺ​បទ «លា​ហើយ​កម្ពុជា»។ លា​ហើយ​កម្ពុជា បានបង្ហាញ​ពី​មនោសញចេតនា​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ និង​កូនចៅ​របស់​ព្រះអង្គ មុន​ពេលដែល​ទ្រង់​លាចាក​ពួកគេ​ជា​រៀងរហូត​គ្មាន​ថ្ងៃ​វិលត្រឡប់។

ឥឡូវនេះ ព្រះមហាវីរក្សត្រ​ដែលជា​ទីស្រឡាញ់​របស់​ប្រជារាស្ត្រ​ខ្មែរ​បាន​សោយ​ទិវង្គត ​ចោល​កូនចៅ​របស់​ព្រះអង្គ​បាត់ទៅហើយ។ ព្រះ​បរមសព​ដែលមាន​ព្រះរាជ​មរណៈនាម​ថា ព្រះ​បរម​រនៈ​កោដ្ឋ ត្រូវបាន​ថ្វាយ​ព្រះ​ភ្លើង​បូជា​រួចរាល់​ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ក្រោម​សម្រែក ​ទួញ​សោក វិយោគ​សង្វេគ​យ៉ាង​ក្រៀមក្រំ​បំផុត​របស់​ប្រជារាស្ត្រ​ខ្មែរ និង​ភ្ញៀវ​បរទេស​ជាច្រើន។

រូប​កាយ​របស់​សម្តេច​ឪ​ជាទីគោរព​ស្រឡាញ់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ ក្លាយជា​ផេះផង់​ទៅហើយ ប៉ុន្តែ សមិទ្ធផល​ទាំងឡាយ​របស់​ទ្រង់ ក្នុងនោះ​ក៏មាន​ស្នាដៃ​សិល្បៈ​ផងដែរ មិនបាន​បាត់ទៅ​ជាមួយ​រូប​កាយ​ព្រះអង្គ​ឡើយ។ ស្នាដៃ​សិល្បៈ​ទាំងនោះ​នឹង​ក្លាយទៅជា​សម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ​មិនចេះ​ រីងស្ងួត និង​បាន​ក្លាយជា​ការចងចាំ​សម្រាប់​កូនចៅ ចៅទួត​របស់​ព្រះអង្គ​ចំពោះ​ព្រះវររាជបិតា​ដ៏​ជាទីគោរព​ស្រឡាញ់​របស់​ពួកគេ​ ដែល​មិនអាច​បំភ្លេចបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ