អានតួអត្ថបទ
កម្ពុជា​-ថៃ

ជនជាតិ​ថៃ​ដក​បណ្តឹង​ឧទ្ធរណ៍

វេរ៉ា ស៊ុមខ្វាមឃីត និង​នាងរ៉ាទ្រី​ បាន​ប្រកាស​នៅ​មុខ​ប្រធាន​ក្រុម​ប្រឹក្សា​ចៅក្រម​នៃ​សាលា​ឧទ្ធរណ៍​ថា​ពួកគេ​ពិត​ជា​សម្រេចចិត្ត​ឈប់​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​សាលាដំបូង​ហើយ។ សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្ទន្ទា​ដាក់​ទោស​ពួកគេ​ដាក់​ពន្ធនាគារ​ម្នាក់​៨​ឆ្នាំ​និង​ម្នាក់​ទៀត​៦​ឆ្នាំ​ពី​បទ​ឆ្លងដែន​ខុសច្បាប់ ធ្វើ​ចារកម្ម និង​ចូល​ក្នុង​តំបន់​យោធា​ដោយ​គ្មាន​ការ​អនុញ្ញាត។

ជន​ជាតិ​ថៃ​ពីរ​នាក់​ដែល​ជាប់​ចោទ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ និង​ធ្វើ​ចារកម្ម
ជន​ជាតិ​ថៃ​ពីរ​នាក់​ដែល​ជាប់​ចោទ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ និង​ធ្វើ​ចារកម្ម © Reuters
ផ្សាយពាណិជ្ជកម្ម

 

ប្រធាន​ក្រុម​ប្រឹក្សា​ចៅក្រម​របស់​សាលាឧទ្ធរណ៍​លោក​ សំរិទ្ធ សុផល​ បាន​ប្រកាស​បិទ​បណ្តឹង​ឧទ្ធរណ៍​របស់​ជនជាតិ​ថៃ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៨​នេះ នៅ​ចំពោះ​មុខ​ពិរុទ្ធជន​ទាំងពីរ​នាក់​តែ​ម្តង។ ការ​ប្រកាស​របស់​ប្រធាន​ចៅក្រម​ធ្វើ​ឡើង​នៅ​ក្នុង​សវនាការ​មួយ​ដែល​តម្រូវ​អោយ​ពិរុទ្ធជន​ជនជាតិ​ថៃ​ទាំងពីរ​ប្រកាស​បញ្ជាក់​ជា​ផ្លូវការ​អំពី​សេចក្តីសម្រេច​របស់​ខ្លួន​ថា​មិន​ប្តឹង​ឧទ្ធរណ៍​នោះ។

តាមពិត​ដើមឡើយ​ជនជាតិ​ថៃ​ទាំងពីរ​នាក់ ម្នាក់​ឈ្មោះ​វេរ៉ា ស៊ុមខ្វាមឃីត និង​ម្នាក់​ទៀត​គឺ​នាង​រ៉ាទ្រី​បាន​សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍​ជំទាស់​សាលក្រម​របស់​សាលាដំបូង។ សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២​កុម្ភៈ​បាន​ផ្ទន្ទា​ទោស​ពួកគេ​ដាក់​ពន្ធនាគារ​ម្នាក់​៨​ឆ្នាំ​និង​ម្នាក់​ទៀត​៦​ឆ្នាំ​ពី​បទ​ឆ្លងដែន​ខុសច្បាប់ ធ្វើ​ចារកម្ម និង​ចូល​ក្នុង​តំបន់​យោធា​ដោយ​គ្មាន​ការ​អនុញ្ញាត។ ក៏ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ ជនជាតិ​ថៃ​ទាំងពីរ​នាក់​បាន​សម្រេច​អោយ​មេធាវី​របស់​ពួកគេ​ដក​ពាក្យ​បណ្តឹង​វិញ រហូត​ដល់​ពេលនេះ​ទើប​ចៅក្រម​សាលា​ឧទ្ធរណ៍​ហៅ​ពួក​គេ​មក​សួរ​បញ្ជាក់​អំពី​ការដក​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​នេះ។
សវនាការ​បិទ​បណ្តឹង​ឧទ្ធរណ៍​នេះ​ស្រាប់តែ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​គម្រោង​ទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​នៅ​កម្ពុជា។ រដ្ឋមន្ត្រី​ការបរទេស​ថៃ​មាន​គម្រោង​និយាយ​ស្នើ​សុំ​អោយ​កម្ពុជា​ដោះលែង​អោយ​មាន​សេរីភាព​នូវ​ជនជាតិ​ទាំងពីរ​នាក់​នេះ។

បំណង​របស់​រដ្ឋាភិបាល​ថៃ​ដែល​ចង់​ស្នើ​អោយ​រដ្ឋាភិបាល​ភ្នំពេញ​ពិចារណា​ដោះលែង​អ្នកទោស​ថៃ​ទាំង​ពីរ​នេះ​មាន​យូរ​មក​ហើយ។ នៅក្នុង​ដំណើរទស្សនកិច្ច​ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ​យីងឡាក់ ស៊ីណាវ៉ាត់​នៅ​កម្ពុជា លោកស្រី​ យីងឡាក់​មិន​បាន​រារែក​ក្នុង​ការ​លើក​សំណើ​នេះ​ទេ ដោយ​និយាយ​យោង​ថា ជនជាតិ​ថៃ​ទាំងពីរ​នាក់​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ។ ប៉ុន្តែ​ថា​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ឆ្លើយ​ទម្លាក់​ទៅ​លើ​នីតិវិធី​ច្បាប់​របស់​កម្ពុជា​ដែល​ថា​ករណី​លើកលែង​ទោស​ប្រសិន​បើ​ត្រូវ​ធ្វើ​នោះ ក៏​ត្រូវ​ធ្វើ​តាម​ដំណាក់កាលៗ​របស់​វា​ដែរ។

ប៉ុន្តែ​យោងតាម​ការ​អះអាង​របស់​អ្នក​ទទួល​ខុសត្រូវ​ពន្ធនាគារ​ក្នុង​ពេល​កន្លង​មក នៅ​ពេល​ព្រះករុណា​ព្រះមហាក្សត្រ​ត្រូវ​ឡាយ​ព្រះហស្ថលេខា​ព្រះរាជទាន​លើក​លែង​ទោស​ដល់​អ្នកទោស​ក្នុង​ឱកាស​បុណ្យ​អ៊ុំទូក​នោះ គ្មាន​ទេ​ឈ្មោះ​ជនជាតិ​ថៃ​ទាំងពីរ​នៅក្នុង​បញ្ជី​លើកលែង​ទោស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ