អានតួអត្ថបទ
កម្ពុជា

ប៉ូលីស៖​​ គ្រោះថ្នាក់​​ចរាចរណ៍​​​លើ​​ក្រុមតារា​​ អាច​មក​​ពី​​រថយន្ត​​កុងតឺន័រ​​

ប៉ូលីស​បាន​សន្និដ្ឋា​ន​ជា​បឋម​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៍​លើ​ផ្លូវជាតិ​លេខ​៤​ ដែល​កើត​ឡើង​លើ​រថយន្ត​របស់​តារាចម្រៀង​ ខេមរៈ សិរីមន្ត​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នោះ​ អាច​បណ្តាល​មក​ពី​រថយន្ត​កុងតឺន័រ។ គ្រោះថ្នាក់​ចរាចរណ៍​​ដ៏​រន្ធត់នេះ​ បាន​សម្លាប់​មិត្តភក្តិ​ក្រុម​រាំ​របស់​តារា​ចម្រៀង​ ខេមរៈ សិរីមន្ត ​នោះ​៤​នាក់ ក្នុង​នោះ​មាន​កូនប្រុស​របស់​តារាកំប្លែង​នាយកុយ និង​តារា​ចម្រៀង​អាយ៉ៃ​លោក​ស្រី​ណយ សំណាង។ ហើយ​​បន្ទាប់មក​ គ្រោះថ្នាក់​មួយ​ទៀត​បាន​កើត​ឡើង​នៅ​កន្លែង​ដដែល ​បាន​សម្លាប់​មនុស្ស​២​នាក់​ថែម​ទៀត។

គ្រោះថ្នាក់​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៤​ ដែល​កើត​ឡើង​លើ​រថយន្ត​របស់​តារាចម្រៀង​ ខេមរៈ សិរីមន្ត​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​
គ្រោះថ្នាក់​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៤​ ដែល​កើត​ឡើង​លើ​រថយន្ត​របស់​តារាចម្រៀង​ ខេមរៈ សិរីមន្ត​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​ប៉ូលីស​បាន​ធ្វើ​ការ​សន្និដ្ឋាន​បឋម​ថា គ្រោះថ្នាក់​ចរាចរណ៍​​ដែល​បាន​កើត​លើ​រថយន្ត​របស់​តារា​ចម្រៀង​ខេមរៈ​ សិរី​មន្ត ​កាល​ពី​ម៉ោង​ជិត​៩​យប់​ ថ្ងៃ​ទី​៧​មិនា ​​ក្នុង​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះសីហនុ​នោះ អាច​បណ្តាល​មក​ពី​រថយន្ត​កុងតឺន័រ។ ស្នងការ​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ​ តាក វណ្ណថា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គ្រោះថ្នាក់​ចរាចរណ៍​​នេះ​អាច​បណ្តាល​មក​ពី​រថយន្ត​កុងតឺន័រ ​ដែល​គេ​ឃើញ​បើក​រេ​ពេញ​ថ្នល់​ មុន​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ។

លោក​ស្នងការ​បាន​បញ្ជាក់ថា រូបភាព​បែប​នេះ វា​អាច​បណ្តាល​មក​ពី​រថយន្ត​ចាប់​ហ្វ្រាំង​មិន​ស៊ី ឬ​ថា​អ្នក​បើកបរ​បាន​ស្រវឹង។ ហើយ​នៅ​ពេល​នោះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ផង។ លោក​ឧត្តមសេនីយ​តាក វណ្ណថា ​បន្ត​ថា កំលាំង​មាន​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​នោះ ដែល​បាន​រត់​គេច​ខ្លួន​ ក្រោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​​នេះ។

ទន្ទឹម​គ្នា​នេះ​ដែរ ក្រុម​ប៉ូលីស​ជំនាញ​ដែល​កំពុង​រៀបចំសណ្តាប់​ធ្នាប់​នៅ​កន្លែងកើតហេតុ និង​ប្រមូល​វត្ថុតាង​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៍​នៅ​ថ្ងៃ​នេះ ក៏​បាន​ស្វែង​រក​ជួប​តារា​ចម្រៀង ​ខេមរៈ សិរីមន្ត ​ដែល​បាន​ស្ថិត​នៅ​ក្នុង​រថយន្ត​រងគ្រោះ​នោះ​ដែរ ដើម្បី​ទទួល​បាន​ព័ត៌មាន​លំអិត។

គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​កុងតឺន័រ និង​រថយន្ត​ក្រុម​តារាចម្រៀង ​ខេមរៈ សិរីមន្ត​ បាន​កើត​ឡើង​នៅម៉ោង​ជិត​៩​យប់​ ថ្ងៃទី៧ ​មិនា ​ក្នុង​ភូមិ​ចំណោទ​រាម ឃុំ​បិតត្រាង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។ នៅ​ក្នុង​រថយន្ត​ដែល​មាន​មនុស្ស​៨​នាក់​នោះ ៤​នាក់​បាន​ស្លាប់​ភ្លាម​ ដែល​គេដឹង​ថា​ជា​ក្រុមរាំ​របស់​លោក​ខេមរៈ សិរីមន្ត ដែល​ក្នុង​នោះ​ក៏​មាន​កូន​ប្រុស​តារា​កំប្លែង​ នាយ កុយ និង​កូនប្រុស​លោកស្រី ​ណយ សំណាង ​តារា​ចម្រៀង​អាយ៉ៃ។ ចំណែក​លោក ​ខេមរៈ សិរីមន្ត និង​នារី​៣​នាក់​ទៀត ​បាន​រង​របួស។

ជា​ហេតុការណ៍​ដែល​កម្រ​កើត​មាន ពីព្រោះ​ខណៈ​ដែល​ក្រុម​សមត្ថកិច្ច​កំពុង​អន្តរាគមន៍​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​លើ​ក្រុម​តារា​ចម្រៀង​នេះ ស្រាប់​តែរថយន្ត​ដឹក​ស្រាបៀរ​អង្គរ​ ដែល​គេ​សង្ស័យ​ថា មាន​បញ្ហា​ហ្វ្រាំង​ដែរ​នោះ បាន​មក​បុក​ក្រុម​ការងារ​ទាំងនេះ​ ហើយ​បាន​បណ្តាល​អោយ​មនុស្ស​ស្លាប់​២​នាក់​ និង​របួស​មួយ​ចំនួន​ថែម​ទៀត​ ក្នុង​នោះ​ក៏​មាន​មន្ត្រី​ប៉ូលីស​ផងដែរ។ អ្នក​ស្លាប់​២​នាក់​ចុងក្រោយ​នេះ បើតាម​ការ​បញ្ជាក់​របស់​នាយ​ការិយាល័យ​ចរាចរណ៍​​ផ្លូវគោក លោក​ ព្រហ្ម ពៅ គឺ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​កាំមីនកូ និង​អ្នក​បើក​រថយន្ត​ស្ទូច។

គ្រោះ​ថ្នាក់​ចរាចរណ៍​​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ថា ជា​ឧបសគ្គ​ធំ​ជាងគេ​ សម្រាប់​ការ​អភិវឌ្ឍន៍​​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ជាង​ជំងឺ​អេដស៍ និង​គ្រាប់​មីន​ទៅ​ទៀត។ របាយការណ៍​ប៉ូលីសក្នុង​ពេល​កន្លងមក​​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​៥​នាក់​ជា​មធ្យម​ ក្នុង​មួយ​ថ្ងៃ ហើយ​ថវិកា​ដែល​បាត់បង់​ទៅ​លើ​គ្រោះថ្នាក់​ចរាចរណ៍​ ​មាន​ជាង​ ៣០០​លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ