អានតួអត្ថបទ
កម្ពុជា

ស្លាប់៥ របួស២០នាក់​រៀងរាល់ថ្ងៃ​នៅ​លើ​ថ្នល់

នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​សន្និសីទកាសែត​មួយ​នៅ​ព្រឹកថ្ងៃ​ចន្ទទី១​តុលា​នេះ ដើម្បី​ផ្សព្វផ្សាយ​អំពី​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆមាស​ទី១។ លោក​ឧត្តមសេនីយ ទោហ៊ឹមយ៉ាន ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ថ្វីដ្បិត​ចំនួន​នៃ​គ្រោះថ្នាក់​បាន​ថយចុះ​មែន ប៉ុន្តែ​បញ្ហា​នេះ​នៅ​តែ​ធ្ងន់ធ្ងរ​ដដែល ដោយសារ​មនុស្ស​ស្លាប់ និង​របួស​ច្រើន​ជា​រៀងរាល់​ថ្ងៃ។

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

ជា​រៀងរាល់ថ្ងៃ មាន​មនុស្ស​៥នាក់​ស្លាប់ និង​ជាង​២០អ្នក​របួស​នៅ​លើ​ទ្រូងផ្លូវ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ឧត្តមសេនីយ ទោ ហ៊ឹមយ៉ាន ប្រធាន​នាយក​ដ្ឋាន​សណ្តាប់ធ្នាប់​នៃ​ក្រសួង​មហាផ្ទៃ នៅក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ លោក​ឧត្តមសេនីយ​បាន​បង្ហាញ​តួលេខ​ជាមួយ​នឹង​ការ​សម្តែង​ការ​ព្រួយបារម្ភ​ផង ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ទោះ​ជា​​ចំនួន​គ្រោះថ្នាក់​បាន​ធ្លាក់ចុះ​ក្នុង​រយៈពេល៦ខែ​ឆ្នាំ​២០១២ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១១ ក្នុង​រយៈ​ដូចគ្នា​ក៏​ដោយ។ នៅ​ចំពោះ​មុខ​អ្នកកាសែត និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នោះ លោកឧត្តមសេនីយ​ហ៊ឹម យ៉ាន​បាន​ប្រាប់​អោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១១​កន្លង​ទៅ​បាន​ធ្វើ​អោយ​បាត់បង់​ថវិកា​ប្រមាណ​៣១០លានដុល្លារ​។

លោក​ឧត្តមសេនីយ​ទោ ហ៊ឹមយ៉ាន បាន​បញ្ជាក់​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាសទី១ ឆ្នាំ​២០១២​នេះ បាន​ថយ​ចុះ ៤៩២លើក បើ​ធៀប​នឹង​ឆ្នាំ​២០១១​ក្នុង​រយៈពេល​ដូច​គ្នា។ ពោល​គឺ​៦ខែ ដើម​ឆ្នាំ​នៅ​ក្នុង​ឆ្នាំ​២០១១ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មាន២៩៤៥លើក លើស​ឆ្នាំ​២០១២ ដែល​មាន ២៤៥៣លើក។ លោក​ឧត្តមសេនីយទោ​បន្ត​ថា រយៈពេល​៦ខែ​ដើមឆ្នាំ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស១០៦៧នាក់ ខណៈ​ដែល ១១០០នាក់​បាន​ស្លាប់​ក្នុង​៦ខែ​ដើម​ឆ្នាំ២០១១។

មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​បាន​រក​ឃើញ​ដដែល​ជា​ដដែល គឺ​ការ​បើកបរ​លើស​ល្បឿន​កំណត់ អ្នកបើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព អ្នកបើកបរ​ក្នុង​ពេលស្រវឹង អ្នកបើកបរ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បើកបរ​មិន​ប្រកាន់​ស្តាំ និង​ដោយសារ​កត្តា​ផ្សេងៗ​ទៀត​ដូច​ជា យានយន្ត​ជា​ដើម។ សូម​រម្លឹក​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​​ធ្លាប់​បាន​ប្រកាស​ហើយ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃ​បាន​ក្លាយ​ទៅ​ជា​គ្រោះថ្នាក់​ធំ​ជាង​គេ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ លើស​ពី​ជំងឺ​អេដស៍​ និង​គ្រាប់មីន​ទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ