អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ចលនា​ប្រឆាំង​ថ្ងៃ​៧​មករា​ផ្លាស់ប្តូរ​រូបភាព និង​ចុះខ្សោយ​ឥទ្ធិពល

ចុះផ្សាយ​នៅ​ថ្ងៃ៖

រយៈ​កាល​៣២​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ​អត្ថន័យ​ថ្ងៃ​៧​មករា​នៅ​តែ​ជា​អធិករណ៍​មួយ​ក្នុង​ឆាក​នយោបាយ​ខ្មែរ​ពី​មួយ​ ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ​ខណៈ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ទិវា​រំលឹក​ខួប​នៃ​ការ​ រស់រាន​មាន​ជីវិត​ឡើង​វិញ​របស់​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រួច​ផុត​ពី​របប​ខ្មែរក្រហម ​មាន​ខ្មែរ​មួយ​ក្រុម​ទៀត​ចាត់​ទុក​ថ្ងៃ​៧​មករា​ថា​ជា​ថ្ងៃ​នៃ​ការ​ឈ្លានពាន ​របស់​កងទ័ព​វៀតណាម​ទៅ​វិញ។ ​ប៉ុន្តែ ​ចលនា​ប្រឆាំង​ថ្ងៃ​៧​មករា​ដែល​កើត​មាន​តាំង​ពី​៣២​ឆ្នាំ​មុន​មក​នោះ​ បាន​ផ្លាស់​ប្តូរ​រូបភាព​ជា​បន្ត​បន្ទាប់​ពី​ដំណាក់កាល​មួយ​ទៅ​មួយ។ ​យ៉ាង​ណា​ក៏​ដោយ​ ចលនា​ប្រឆាំង​ថ្ងៃ​៧​មករា​ដូច​ជា​គ្មាន​ឥទ្ធិពល​អ្វី​ធំ​ដុំ​ទៅ​លើ​ រដ្ឋាភិបាល​ឡើយ។

ទិវាបុណ្យជាតិ​ថ្ងៃជ័យជម្នះ​៧មករា​
ទិវាបុណ្យជាតិ​ថ្ងៃជ័យជម្នះ​៧មករា​ © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​ទិវា​ដ៏​មហោឡារិក​ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ខួប​ទី​៣២​ឆ្នាំ​នៃ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម។ ​សម្រាប់​គណបក្ស​ប្រជាជន ​និង​អ្នក​គាំទ្រ​របស់​ខ្លួន​ គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ​ ៧​មករា​ជា​កំណើត​ទី២​របស់​ខ្មែរ​ ដែល​ហៀប​នឹង​ស្លាប់​ដាច់​ពូជ​ទៅ​ហើយ​ក្នុង​សម័យ​ប៉ុល ពត។

ប៉ុន្តែ ​៧​មករា​មាន​អត្ថន័យ​ផ្សេង​ពី​នេះ​ស្រឡះ​សម្រាប់​ក្រុម​ប្រឆាំង​រដ្ឋាភិបាល។ ​នោះ​គឺ​ វា​ជា​ថ្ងៃ​ដ៏​សោក​សៅ​នៃ​ការ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​ដែល​បាន​បន្ត​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១០​ឆ្នាំ​ក្រោយ​ថ្ងៃ​៧​មករា​១៩៧៩។ ​ការ​ផ្តល់​អត្ថន័យ​ផ្ទុយ​គ្នា​ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​មិន​មែន​មាន​តែ​ក្នុង​ទស្សនៈ​យល់​ឃើញ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ​វា​ក៏​បង្កើត​ឲ្យ​មាន​ភាព​ប្រទូសរ៉ាយ​គ្នា​យ៉ាង​តាន​តឹង​ក្នុង​សកម្មភាព​ជាក់​ស្តែង​ទៀត​ផង។

បើ​គេ​ក្រឡេក​ថយ​ក្រោយ​បន្តិច​ទៅ​មើល​កាលពី​៣២​ឆ្នាំ​មុន ​ចលនា​ប្រឆាំង​៧​មករា​ ឬ​ប្រឆាំង​វត្តមាន​កងទ័ព​វៀតណាម​លើ​ទឹកដី​កម្ពុជា​ បាន​កើត​ឡើង​តាំងពី​ឆ្នាំ​១៩៧៩​ភ្លាមៗ​មក​ម៉្លេះ។ កាលណោះ ​ក្រៅពី​ខ្មែរ​ក្រហម​ នៅ​មាន​ចលនា​ធំៗ​ពីរ​ផ្សេង​ទៀត​ គឺ​ចលនា​ហ៊្វុនស៊ិនប៉ិច​ និង​ចលនា​នយោបាយ​របស់​លោក​តា​ សឺន សាន ​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​ពី​ក្រៅ​ប្រទេស។

ប៉ុន្តែ ​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ២៣​តុលា​១៩៩១​ និង​ជាពិសេស​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ ពេល​ដែល​ប្រទេស​ជាតិ​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ ​ចលនា​ប្រឆាំង​៧​មករា​ ក៏​លេច​ចេញ​រូបភាព​ថ្មី​មួយ​ទៀត ​នោះ​គឺការ​ប្រឆាំង​ជា​ចំហ​តាម​រយៈ​បាតុកម្ម។ ​ប៉ុន្តែ រយៈ​ពេល​ជាច្រើន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ចលនា​បាតុកម្ម​ប្រឆាំង​ថ្ងៃ​៧​មករា​លែង​មាន​ទៀត​ហើយ​ក្រោម​ហេតុផល​ច្រើន​យ៉ាង។ ​អ្នក​ខ្លះ​បាន​ប្រែ​ធាតុ​ពី​ការ​ប្រឆាំង​ទៅ​ជា​ការ​គាំទ្រ​ថ្ងៃ​៧​មករា​វិញ អ្នក​ខ្លះ​ហាក់​ដូច​ជា​នឿយ​ណាយ​ រីឯ​អ្នក​ខ្លះ​ទៀត​រិះ​រក​វិធី​ថ្មី​ក្នុង​ការ​ប្រឆាំង។ ​រូបភាព​ថ្មី​នៃ​ការ​ប្រឆាំង​ថ្ងៃ​៧​មករា​ដែល​គេ​ឃើញ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ពីរ​យ៉ាង​ ៖

ទី១ ​ការ​ប្រឆាំង​តាម​ប្រព័ន្ធ​ព័ត៌មាន​វិជ្ជា​ ឬ​ដែល​គេ​ហៅថា​សារព័ត៌មាន​បែប​ថ្មី​ ពោល​គឺ​តាម គេហទំព័រ​នេះ​ឯង។​ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ការ​ប្រារព្ធ​ទិវា​៧​មករា​មក​ម៉្លេះ ​គេហទំព័រ​ប្រឆាំង​រដ្ឋាភិបាល​យ៉ាង​ហោច​ណាស់​ក៏​មួយ​ដែរ​ បាន​ផ្តើម​វាយ​ប្រហារ​ទៅ​លើ​ថ្ងៃ​៧​មករា ​ក៏​ដូច​ជា​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ ​មធ្យោបាយ​នេះ​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​បញ្ចេញ​សេរីភាព​ពី​ចម្ងាយ​ដោយ​គ្មាន​ដែន​កំណត់​ ហើយ​ក៏​មិន​ចាំបាច់​ប្រឈម​មុខ​តទល់​ដោយ​ផ្ទាល់​ជាមួយ​ប៉ូលិស​ទៀត​ឡើយ។ ​ក៏​ប៉ុន្តែ ​វា​គឺ​ជា​មធ្យោបាយ​ដែល​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ទៅ​លើ សង្គម​ខ្មែរ។
ទី២ ​គឺការ​បាច​ខិត្តប័ណ្ណ​ ដែល​ជា​មធ្យោបាយ​បែប​បុរាណ។ ​ជាក់ស្តែង​ មួយ​ថ្ងៃ​មុន​ថ្ងៃ​៧​មករា ខិត្តប័ណ្ណ​​ជាច្រើន​ត្រូវ​បាន​គេ​បាច​នៅ​ឯ​ខេត្ត​សៀមរាប​ ដើម្បី​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ប្រជាជន ​និង​ថ្ងៃ​៧​មករា។ ​ក៏​ដូចជា​នៅ​លើ​គេហទំព័រ​ដែរ ​ខិត្តប័ណ្ណ​ទាំង​នោះ​មាន​អត្ថន័យ​ជា​សារ​នយោបាយ​ដ៏​មុត​ស្រួច​ដែល​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​អ្នក​បង្កើត​ឡើង​ថ្ងៃ​៧​មករា​១៩៧៩។ ​ប៉ុន្តែ ​អ្នក​បាច​ខិត្តប័ណ្ណ​អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដោយ​សារ​តែ​ការ​តាម​ប្រមាញ់​របស់​អាជ្ញាធរ។

សរុប​មក​វិញ ​ទោះបី​ជា​៣២​ឆ្នាំ​បាន​កន្លង​ផុត​ទៅ​ហើយ​ក្តី ​តែ​អត្ថន័យ​ថ្ងៃ​៧​មករា​នៅតែ​ត្រូវ​បាន​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​យក​មក​បកស្រាយ​ដើម្បី​វាយ​ប្រហារ​លើ​បក្ស​កាន់​អំណាច​ដដែល។ ក៏​ប៉ុន្តែ ​ទោះបី​ជា​ចលនា​ប្រឆាំង​៧​មករា​បាន​ផ្លាស់ប្តូរ​រូបភាព​ជា​បន្តបន្ទាប់​ពី​ដំណាក់​កាល​មួយ​ទៅ​មួយ​ និង​នៅ​តែ​បន្ត​អត្ថិភាព​របស់​ខ្លួន​រហូត​បច្ចុប្បន្ន​ក៏​ដោយ ​ក៏​ចលនា​នេះ​ហាក់​គ្មាន​ឥទ្ធិពល​ធំដុំ​ទៅ​លើ​គណបក្ស​ប្រជាជន​ឡើយ។

យ៉ាង​ណាក៏​ដោយ ​គណបក្ស​កាន់​អំណាច​មិន​បាន​មើល​ស្រាល​ចំពោះ​ចលនា​នេះ​ឡើយ។​ ការបង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​ និង​ការ​ដាក់​ទោស​អ្នក​បាច​ខិត្តបណ្ណ័​ប្រឆាំង​៧​មករា​ គឺ​ជា​ឧទាហរណ៍​​នៃ​ភាព​ប្រយ័ត្ន​ប្រយែង​របស់​រដ្ឋាភិបាល​ចំពោះ​ចលនា​ប្រឆាំង​នឹង​ថ្ងៃ​៧​មករា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ