អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប និងអាហ្រ្វិក៖ទ្វីប​ពីរ​ដែល​ពិបាក​នឹង​បែក​គ្នា ព្រោះ​បាន​ចង​ភ្ជាប់​ដោយ​ប្រវត្តិសាស្រ្ត !

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល​លើកទី៤ រវាង​សហភាពអឺរ៉ុប និង​អាហ្រ្វិក​បាន​រៀបចំ​រយៈពេល ២ថ្ងៃ គឺ​ពី​ថ្ងៃ​ពុធ ទី២ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី៣ មេសា​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក និង​ដោយ​មាន​ការ​ចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​មក​ពី​ទ្វីប​ទំាង​ពីរ​ប្រមាណ​​ជា ៨០រូប។ ជំនួបកំពូល​អឺរ៉ុប និង​អាហ្រ្វិក​ឆ្នំា​នេះ​ត្រូវ​បាន​ឡើង​ក្រោម​ប្រធានបទ« សន្តិភាព និង​ភាព​សម្បូររុងរឿង »។ ស្របពេល​ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនំា​នៃ​ទ្វីប​ទំាង​ពីរ​ក៏​បាន​គិតគូរ​ឡើង​វិញ​អំពី​ទំនាក់ទំនង​ជា​ដៃគូ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដែល​បាន​ស្រុតចុះ​ខ្លំាង​ប្រឈម​មុខ​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន។

អឺរ៉ុប និងអាហ្រ្វិក៖ទ្វីប​ពីរ​ដែល​ពិបាក​នឹង​បែក​គ្នា ព្រោះ​បាន​ចង​ភ្ជាប់​ដោយ​ប្រវត្តិសាស្រ្ត !
អឺរ៉ុប និងអាហ្រ្វិក៖ទ្វីប​ពីរ​ដែល​ពិបាក​នឹង​បែក​គ្នា ព្រោះ​បាន​ចង​ភ្ជាប់​ដោយ​ប្រវត្តិសាស្រ្ត ! REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​អឺរ៉ុប និង​អាហ្រ្វិក​បាន​រៀបចំ​ជា​បន្តបន្ទាប់​តំាង​ពី ១៥ឆ្នំា​កន្លង​មក​ហើយ។ ពី​ម្សិលម្ង៉ៃ​មួយ​នៅ​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប ម្សិលម្ង៉ៃ​នៅ​ក្នុង​ទីក្រុង​លីស្បូន ប្រទេស​ព័រទុយហ្កាល់ ម្សិលមិញ​នៅ​ក្នុង​ទីក្រុង​ទ្រីប៉ូលី ប្រទេស​លីប៊ី និង​ថ្ងៃ​នេះ​ឈាន​ចូល​ដល់​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា ពី​ជំនួបកំពូល​មួយ​ទៅ​ជំនួបកំពូល​មួយ គឺ​មិន​ដូច​គ្នា​ទាល់​តែ​សោះ មិន​ដូច​គ្នា​ទំាង​ចំនួន​អ្នក​ចូលរួម និង​ប្រធានបទ​ដែល​ត្រូវ​លើក​យក​ទៅ​ជជែក។ នៅ​ក្នុង​ជំនួបកំពូល​លើក​នេះ ថ្នាក់ដឹកនំា​អឺរ៉ុប និង​អាហ្រ្វិក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ប្រជុំ​ជាមួយ​នឹង​អារម្មណ៍​ស្មុគស្មាញ និង​ខុស​គ្នា​ស្រឡះ​ពី​ជំនួបកំពូល​លើក​មុនៗ។

ពេល​វេលា​បាន​កន្លង​ផុត​ទៅ ការ​ផ្លាស់ប្តូរ​ក៏​បាន​កើត​មាន​ទំាង​នៅ​ក្នុង​ស្ថាប័នអឺរ៉ុប និង​អាហ្រ្វិក។ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ សហភាពអឺរ៉ុប​បាន​ស្គាល់​កំណើន​ចំនួន​សមាជិក​របស់​ខ្លួន​ជិត​ទ្វេដង និង​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ជា​ច្រើន​ជំពូក។ ចំណែក​អង្គការ​ឯកភាព​អាហ្រ្វិក​ក៏​បាន​ប្តូរ​ឈ្មោះ​របស់​ខ្លួន​មក​ជា​សហភាពអាហ្រ្វិក​ដែល​សព្វថ្ងៃ​ដឹកនំា​ដោយ​ជនជាតិ​អាហ្រ្វិកខាងត្បូង​លោកស្រី​ដ្លាមីនី ហ្ស៊ូម៉ា។ អ្វី​ជា​ការកត់សម្គាល់​នៅ​ពេល​ទៅ​ដល់​ទីក្រុង​ព្រុចសែល លោកស្រី​ហ្ស៊ូម៉ា​មិន​បាន​និយាយ​អ្វី​ទំាង​អស់​ទាក់ទង​នឹង​រឿងរ៉ាវ​ទាសភាព របប​អាណានិគមនិយម អំពើ​ប្រកាន់​ពូជសាសន៍ ក៏​ដូច​ជា​ឧក្រិដ្ឋកម្ម​គ្រប់​រូបភាព​ដែល​បាន​កើត​មាន និង​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​ទំាង​មូល។

ពេល​វេលា​បាន​កន្លង​ផុត​ទៅ ស្ថានភាព​សេដ្ឋកិច្ច និង​ទីកន្លែង​នៅ​ក្នុង​ពិភពលោក​ក៏​មាន​ការ​ខុស​គ្នា​ដែរ​រវាង​សហភាពអឺរ៉ុប និង​ទ្វីបអាហ្រ្វិក។ អឺរ៉ុប​ដែល​កាល​ពី​ជិត ១០ឆ្នំា​មុន​ធ្លាប់​តែ​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លំាងក្លា​នោះ ស្រាប់​តែ​កំពុង​ផុងខ្លួន​យ៉ាង​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​ប្រាក់បំណុល និង​កំពុង​អនុវត្តន៍​នូវ​នយោបាយ​ចាយ​ត្បិតត្បៀត​ខ្លំាង។ ចំណែក​អាហ្រ្វិក​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទ្វីប​ក្រីក្រ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​នោះ បាន និង​កំពុង​ទទួល​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា ៥% ជា​រៀង​រាល់​ឆ្នំា ព្រម​ទំាង​ត្រូវ​បាន​ប្រទេស​ផ្សេង​ទៀត​តាម​ចែចង់​ជា​រៀង​រាល់​ថ្ងៃ។ តែ​អ្វី​ដែល​គ្រប់​គ្នា​បន្ត​ស្តីបន្ទោស​អាហ្រ្វិក​នោះ គឺ​ការ​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​មួយ​ចំនួន​មិន​បាន​បែងចែក​ផ្លែផ្កា​ទទួល​បាន​ពី​កំណើន​សេដ្ឋកិច្ច​ឲ្យ​បាន​ស្មើភាព​គ្នា​ទេ មាន​ន័យ​ថា អ្នក​មាន ចេះ​តែ​មាន​ទៅ អ្នក​ក្រ ចេះ​តែ​ក្រ​ទៅ។ ជាទូទៅ ទ្វីបអាហ្រ្វិក​សម្បូរ​ដោយ​វត្ថុធាតុដើម​គ្រប់​បែប មាន​រ៉ែ ប្រេងកាត ឬមួយ​ក៏​ឈើ តែ​បញ្ហា​នៅ​ត្រង់​ថា រដ្ឋាភិបាល​គិត​តែ​ពី​នំា​ចេញ​វត្ថុធាតុដើម​ទំាង​នោះ ដោយ​មិន​បាន​គិតគូរ​ពី​ការ​កែច្នៃ​វត្ថុធាតុដើម​ទំាង​នោះ​នៅ​ក្នុង​ស្រុក​ទេ។ នេះ​ជា​ទង្វើ​មួយ​ដែល​បាន​ជម្រុញ​ឲ្យ​មាន​កំណើន​អ្នក​អត់​ការងារ​ធ្វើ និង​កង្វះ​ចំណេះដឹង​ទូទៅ​របស់​ក្រុម​យុវជន​អាហ្រ្វិក។

អឺរ៉ុប​ដើរ​ថយ​ក្រោយ អាហ្រ្វិក​កំពុង​ដើរ​ទៅ​មុខ

ក្នុង​រយៈពេល​ជិត ១០ឆ្នំា​កន្លង​ទៅ សហភាព​អឺរ៉ុប​ហាក់​ដូច​ជា​គ្មាន​អ្វី​ថ្មី​សម្រាប់​ទ្វីបអាហ្រ្វិក​ទេ ហើយ​ទ្វីបអាហ្រ្វិក​ក៏​ហាក់​ដូច​ជា​គ្មាន​បាន​ទទួល​ផលចំណេញ​អ្វី​ច្រើន​ពី​ទ្វីបអឺរ៉ុប​ដែរ។ តែ​ទន្ទឹម​គ្នា​នេះ អាហ្រ្វិក​បាន និង​កំពុង​ទទួល​ការ​ចែចូវ​យ៉ាង​ខ្លំាង​ពី​ប្រទេស​ផ្សេង ពិសេស​ពី​ប្រទេស​ចិន​នៅ​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​ពី​សហរដ្ឋអាមេរិក​នៅ​ក្នុង​ផ្នែក​យោធា។ ក្រៅ​ពី​ចិន អាហ្រ្វិក​ក៏​ត្រូវ​បាន​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ផ្សេង​ទៀត​ដូច​យ៉ាង​ប្រេស៊ីល កូរ៉េខាងត្បូង ឬ​មួយ​ក៏​ប្រទេស​តួកគី​ចែចង់​ដែរ។ យ៉ាង​ណា​ក៏​ដោយ វា​នៅ​មិន​ទាន់​យឺត​ពេល​ដែល​សហភាពអឺរ៉ុប​ត្រូវ​ផ្តើម​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ទ្វីបអាហ្រ្វិក។ អាហ្រ្វិក​ដែល​ជានិច្ចការ​នៅ​តែ​ត្រូវ​អឺរ៉ុប​គ្រប់​ពេល​ទំាង​អស់។

ការ​ដែល​អាហ្រ្វិក​មិន​អាច​ដាច់​ចិត្ត​បោះបង់​អឺរ៉ុប​ចោល​បាន និង​ការ​ដែល​អឺរ៉ុប​ក៏​អាច​បំភ្លេច​អាហ្រ្វិក​បាន​នោះ ក៏​ដោយសារ​តែ​ទ្វីប​ទំាង​ពីរ​មាន​ចំណង​ចង​ភ្ជាប់​គ្នា​ផ្នែក​ប្រវត្តិសាស្រ្ត វប្បធម៌ ភូមិសាស្រ្ត ព្រម​ទំាង​កិច្ចសហប្រតិបត្តិការ​នៅ​លើ​វិស័យ​ជា​ច្រើន​ផ្សេង​ទៀត។ តំាង​ពី​ឆ្នំា ២០០៤ មក អឺរ៉ុប​បាន​ចំណាយ​ជាង ១ ២០០លានអឺរ៉ូ​សម្រាប់​ជួយ​គំាទ្រ​លើ​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​នៃ​សហភាព​អាហ្រ្វិក​ដែល​មាន​ជាង​ពាក់កណ្តាល​សម្រាប់​ប្រទេស​សូម៉ាលី។ តំាង​ពី​ឆ្នំា ២០០៧ មក អឺរ៉ុប​បាន​បញ្ជូន​ក្រុមអ្នកសង្កេតការណ៍​របស់​ខ្លួន​ឲ្យ​ទៅ​ចូលរួម​តាមដាន​ការ​បោះឆ្នោត​ចំនួន ៣៨លើក​នៅ​ទ្វីបអាហ្រ្វិក។ នៅ​ក្នុង​ផ្នែក​ជំនួយ និង​ការ​អភិវឌ្ឍន៍​វិញ អឺរ៉ុប​ជា​ទ្វីប​ដែល​បាន​ផ្តល់​ជំនួយ​ជួយ​អភិវឌ្ឍន៍​ទ្វីបអាហ្រ្វិក​តិច​ជាង​គេ។ តែ​សម្រាប់​ចន្លោះ​ឆ្នំា ២០១៤ និង ២០២០ អឺរ៉ុប​បាន​គ្រោង​ជួយ​អភិវឌ្ឍន៍​ទ្វីបអាហ្រ្វិក​ប៉ែកខាងលិច​ក្នុង​ទឹកប្រាក់ ៨ ៥៤០លានអឺរ៉ូ ទ្វីបអាហ្រ្វិក​ប៉ែកខាងកើត​ចំនួន ៥ ០០០លានអឺរ៉ូ និង ៥ ០០០លានអឺរ៉ូ​ដែរ​សម្រាប់​ទ្វីបអាហ្រ្វិក​ប៉ែក​ខាង​ត្បូង។

យ៉ាង​ណា​ក៏​ដោយ អឺរ៉ុប​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាង​សំខាន់​របស់​អាហ្រ្វិក។ ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​អាហ្រ្វិក​បាន​កើន​ទ្វេដង​នៅ​ចន្លោះ​ឆ្នំា ២០០៧ និង ២០១២។ ឆ្នំា ២០១២ ដែល​អត្រា​នៃ​ការ​នំា​ទំនិញ​អាហ្រ្វិក​ចូល​អឺរ៉ុប​មាន​ចំនួន ២៦% និង​អត្រា​នៃ​ការ​នំា​ទំនិញ​អឺរ៉ុប​ទៅ​អាហ្រ្វិក​មាន​ចំនួន ៣១%។ តែ​ទន្ទឹម​គ្នា​នេះ និង​បើ​ទោះបី​ជា​អឺរ៉ុប​បាន​ប្រើ​ទឹកលុយ​យ៉ាង​ច្រើន​ដើម្បី​ជួយ​អភិវឌ្ឍន៍​ទ្វីបអាហ្រ្វិក​ក៏​ដោយ ក៏​ទ្វីបអាហ្រ្វិក​មិន​សូវ​ជា​សប្បាយ​ចិត្ត​នឹង​អកប្បកិរិយា​របស់​អឺរ៉ុប​ប៉ុន្មាន​ទេ។ អឺរ៉ុប​ដែល​អាហ្រ្វិក​យល់​ឃើញ​ថា ចូលចិត្ត​ចាប់​បង្ខំ​គេ​ឯង​ឲ្យ​រៀនសូត្រ​​មេរៀន​របស់​ខ្លួន និង​ធ្វើ​អ្វី​ដោយ​គិត​ប្រយោជន៍​ខ្លួន​ឯង​ជា​ធំ។ ក្រោម​ភ្នែក ច្រមុះ​ប្រជាជន​អាហ្រ្វិក​ទូទៅ មាន​ប្រទេស​ផ្សេង ដូច​យ៉ាង​ចិន ឬ​មួយ​ឥណ្ឌា​មាន​សន្តានចិត្ត​គ្រាន់​បើ​ជា​អឺរ៉ុប​ឆ្ងាយ​ណាស់។ សម្រាប់​អាហ្រ្វិក វា​ល្មម​ដល់​ពេល​ដែល​អឺរ៉ុប​ត្រូវ​ចាក​ចេញ​ពី​គំនិត​ចាស់​គំរិល​របស់​ខ្លួន​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ