អានតួអត្ថបទ
កម្ពុជា

មេដឹកនាំ​មក​ពី​១៣​ប្រទេស​នឹង​មក​ចូលរួម​ពិធី​ថ្វាយ​ព្រះភ្លើង​ព្រះ​បរមសព​

យ៉ាងហោច​ណាស់ ​មាន​ថ្នាក់​ដឹកនាំ​បរទេស​ចំនួន១៣រូប​ ដែល​នឹង​អញ្ជើញ​មក​ចូលរួ​ម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរមសព​សម្តេចឪ (ព្រះ​បរម​រតនៈ​កោដ្ឋ) នៅ​ថ្ងៃ​ទី​៤​ កុម្ភៈ​ខាង​មុខ​នេះ។ មេ​ដឹកនាំ​បរទេស​ទាំង​នោះ ​មាន​ចាប់​ពី​ថ្នាក់​ប្រធាន​សភា នាយក​រដ្ឋមន្ត្រី អនុប្រធានាធិបតី ឧបនាយករដ្ឋមន្ត្រី និង​ព្រះ​រាជវង្សានុវង្ស។ នាយករដ្ឋមន្ត្រី​បារាំង លោក Jean-Marc Ayrault ក៏​ស្ថិត​ក្នុង​ចំណោម​គណៈ​ប្រតិភូ​បរទេស ​​ដែល​ត្រូវ​អញ្ជើញ​មក​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​បរមសព​សម្តេចឪ ​ជា​លើក​ចុង​ក្រោយ​នោះដែរ។

វត្តមាន​មេ​ដឹកនាំ​បរទេស​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ​បង្ហាញ​ពី​ប្រជាប្រិយភាព​របស់​ព្រះអង្គ​ នៅ​លើ​ឆាក​អន្តរជាតិ
វត្តមាន​មេ​ដឹកនាំ​បរទេស​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ​បង្ហាញ​ពី​ប្រជាប្រិយភាព​របស់​ព្រះអង្គ​ នៅ​លើ​ឆាក​អន្តរជាតិ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

បញ្ជី​ឈ្មោះ​មេ​ដឹកនាំ​ទាំង​១៣ ប្រទេស​​ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នៅ​ថ្ងៃទី៤កុម្ភៈ​ខាង​មុខ​ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ជា​សាធារណៈ ​នៅ​ចុង​សប្តាហ៍​នេះ។

ក្នុង​ចំណោម​នោះ​ មាន​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន លោក ជា ឈីង​លីន (Jia Qinglin),នាយក​រដ្ឋមន្ត្រី​បារាំង លោក ហ្សង់​ម៉ាក អៃរ៉ូល (Jean-Marc Ayrault), នាយក​រដ្ឋមន្ត្រី​វៀតណាម ឡាវ ថៃ, អនុ​ប្រធានាធិបតី​ហ្វីលីពីន, ព្រះអង្គម្ចាស់ អាគី​ស៊ី​ណូ (Prince Akishino ) ជប៉ុន រួម​ទាំង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ភូមា ឥណ្ឌូនេស៊ី សិង្ហបូរី ប្រ៊ុយណេ​ដា​រុយ​សា​ឡឹម កូរ៉េ និង​អូស្ត្រាលី។

ក្រៅ​ពី​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង មេ​ដឹកនាំ​បរទេស​ទាំង​នោះ​ក៏​មាន​គម្រោង​ចូល​បង្គំ​គាល់​ព្រះ​មហាក្សត្រ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ឬ​ជួប​ពិភាក្សា​ការងារ​ដាច់​ដោយ​ឡែក​ពីគ្នា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការ​បរទេស​លោក ហោ ណាំហុង ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​ នៅ​រសៀល​ថ្ងៃ​សុក្រ ​ម្សិល​មិញ។

សូម​បញ្ជាក់​ថា ព្រះ​បរមសព​សម្តេចឪ​នឹង​ត្រូវ​គេ​គ្រោង​ដង្ហែរ​ចេញ​ពី​ព្រះ​បរម​រាជវាំង​ នៅ​ថ្ងៃ​ទី​១​កុម្ភៈ ​ដើម្បី​យក​ទៅ​តម្កល់​នៅ​ឯ​ទីលាន​ព្រះមេរុ ​រយៈ​ពេល​៣​ថ្ងៃ ​មុន​នឹង​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះ​ភ្លើង។ សំណង់​ព្រះមេរុ​ដែល​ត្រូវ​តម្កល់​ព្រះ​បរមសព និង​វេទិកា​សម្រាប់​ទទួល​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ ត្រូវ​បាន​សាងសង់​ឡើង​យ៉ាង​ប្រណិត ​ដោយ​ចំណាយ​ថវិកា​ជាង ១,២​លាន​​ដុល្លារ។

សម្តេច​ឪ អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក​នយោបាយ​ជាតិ​និង​អន្តរជាតិ​ បាន​យាង​ចូល​ទី​វង្គត​កាល​ពី​ថ្ងៃ​ទី​១៥​ តុលា​ឆ្នាំ​២០១២ នៅ​ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន។ ព្រះ​រាជ​ពិធី​ដង្ហែរ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម​ ដោយ​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់។ ពិធី​ដង្ហែរ​សាក​ល្បង​លើក​ទី​២ ​ត្រូវ​បាន​ធ្វើ​ឡើង​ម្តង​ទៀត ​នៅ​ថ្ងៃ​សៅរ៍​នេះ​បន្ទាប់​ពី​បាន​ធ្វើ​ម្តង​រួច​ហើយ ​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

វត្តមាន​មេ​ដឹកនាំ​បរទេស​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ​បាន​បង្ហាញ​ពី​ប្រជាប្រិយភាព​របស់​ព្រះអង្គ​ នៅ​លើ​ឆាក​អន្តរជាតិ។ មាន​មេ​ដឹកនាំ​បរទេស​ជា​ច្រើន ​បាន​ចូល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព​ ក្នុង​អំឡុងពេល​៣​ខែ​កន្លង​ទៅ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ