អានតួអត្ថបទ
កម្ពុជា

នីតិវិធី​ចូល​គោរព​ព្រះបរមសព​សម្តេចឪ​ធ្វើឲ្យ​មហាជន​ខកចិត្ត

ព្រះរាជវាំង​បាន​បើកទ្វារ​ទទួល​មហាជន​ទូទៅ​ឲ្យ​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​សម្តេច​ឳ​ហើយ​បន្ទាប់ពី​ព្រះ​រាជពិធី​កាន់ទុក្ខ​រយៈ​ពេល៧ថ្ងៃ​បាន​បញ្ចប់ទៅ។ ប៉ុន្តែ ដើម្បី​អាច​ចូល​គោរព​ព្រះ​បរមសព​របស់​ព្រះបាទ​នរោត្តម សីហនុ​ដោយផ្ទាល់​នៅក្នុង​ព្រះបរមរាជវាំង​បាន គេ​ត្រូវដាក់​ពាក្យសុំ​ជាមុន ពោលគឺ​មិន​មហាជន​អាច​ចូល​បាន​ដោយ​សេរី​នោះទេ។ និ​តី​វិធី​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ខកចិត្ត​ពីព្រោះ​តែ​ពួកគេ​យល់ថា មាន​លក្ខណៈ​ស្មុគស្មាញ​ពេក។ យ៉ាងណាក៏ដោយ បញ្ហា​សណ្តាប់ធ្នាប់​និង​សន្តិសុខ​ត្រូវបាន​គេ​លើកយក​សំអាង​ដើម្បី​ពន្យល់​តប​នឹង​កង្វល់​នេះ។

ពិធី​កាន់ទុក្ខ និង​គោរពវិញ្ញាណក្ខន្ធ​សម្តេចឪ នរោត្តម សីហនុ នៅ​ខេត្ត​សៀមរាប
ពិធី​កាន់ទុក្ខ និង​គោរពវិញ្ញាណក្ខន្ធ​សម្តេចឪ នរោត្តម សីហនុ នៅ​ខេត្ត​សៀមរាប RFI/Lida Chan
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះបាទ​នរោត្តម សីហនុ នៅក្រៅ​ព្រះបរមរាជវាំង​អស់​មួយ​សប្តាហ៍​កន្លងមក ប្រជាពលរដ្ឋ​ទូទៅ​អាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​គោរព​ព្រះ​វិ​ញ្ញា​ក្ខ​ន្ធ​របស់​អង្គ​សម្តេចឪ​ដោយផ្ទាល់​នៅក្នុង​ព្រះបរមរាជវាំង។ ក៏ប៉ុន្តែ​ពួកគេ​មិនអាច​ចូល​ដោយ​សេរី​ទេ គឺ​ត្រូវដាក់​ពាក្យសុំ​ជាមុនសិន។ បើតាម​ព្រះអង្គម្ចាស់​មួយអង្គ​ដែល​សុំ​មិន​បញ្ចេញ​ព្រះនាម ការដែល​មិន​បើកចំហ​សំរាប់​មនុស្ស​ទូទៅ​បែបនេះ គឺ​ដោយសារ តែមាន​អ្នក​សុំចូល​គោរព​ព្រះ​បរមសព​របស់​អង្គ​សម្តេចឪ​ច្រើនពេក មាន​ទាំង​មន្ត្រី​ក្នុងស្រុក ក្រៅ​ស្រុក និង មិត្ត​បរទេស​ផង។

នៅថ្ងៃនេះ វិទ្យុ​បារាំង​អន្តរជាតិ​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ញឹក​ប៊ុន ឆៃ ដែលជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរមសព​របស់​ព្រះមហាវីរក្សត្រ ស្តីពី​ការចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នោះបានទេ។ ក៏ប៉ុន្តែ លោក​បាន​មានប្រសាសន៍ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា អ្នក​ដែល​ចង់​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះមហាវីរក្សត្រ ត្រូវដាក់​ពាក្យ និង​ត្រូវ​ប្រាប់​ពី​ចំនួន​មនុស្ស និង​អាសយដ្ឋាន ដើម្បី​គណៈកម្មាធិការ​អាច​កំនត់​ថ្ងៃ​ជូន​ពួកគាត់​បាន។

នីតិវិធី​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​គោរព​ស្រលាញ់​ព្រះបិតា​ឯករាជ្យ​ជាតិ​មានការ​ខកចិត្ត ដោយ​ពួកគាត់​យល់ឃើញថា គ្រាន់តែ​ទៅ​គោរព​ព្រះ​បរមសព​សម្តេចឪ​សោះ ហេតុអ្វី​ក៏មាន​នីតិវិធី​ស្មុគស្មាញ​ម្ល៉េះ។ ជាង​នេះ​អ្នកខ្លះ​ក៏បាន​លើកឡើងថា ពួកគាត់​មិនដឹង​ដាក់ពាក្យ​ស្នើសុំ​យ៉ាងម៉េច ហើយ​បើ​បានដាក់​ពាក្យ​ហើយ តើ​ពួកគាត់​ទទួល​ចម្លើយ​តាមរបៀប​ណា និង​នៅពេលណា​នោះទេ។

លោក​អាំង គឹម​ហ៊ាង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ដែល​បានធ្វើ​ពាក្យសុំ និង​បាន​នាំ​ក្រុមការងារ​របស់លោក​ចូល​គោរព​ព្រះ​បរមសព​សម្តេចឪ​នៅ​រសៀល​ថ្ងៃនេះ បាន​ពន្យល់ថា លោក​បានដាក់​ពាក្យសុំ​តាំងពី​ថ្ងៃទី ២២ តុលា ហើយ​លោក​បានទទួល​ចម្លើយ​នៅថ្ងៃនេះ មានន័យថា លោក​ត្រូវ​រង់ចាំ៥ថ្ងៃ​ដើម្បី​ទទួលបាន​ដំណឹង​ពី​ព្រះបរមរាជវាំង។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ដោយ​ក្រុម​របស់លោក​មាន​គ្នាច្រើន គឺ​រហូតដល់​ទៅ៩០នាក់ ដូច្នេះ​គេ​អនុញ្ញាត​តែ២០នាក់​ប៉ុណ្ណោះ។

ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃទី ១៥ តុលា នៅ​មន្ទីរពេទ្យក្រុង​ប៉េកាំង​ប្រទេស​ចិន។ ព្រះ​បរមសព​របស់​ព្រះអង្គ​ត្រូវបាន​ដង្ហែ​មកដល់ កម្ពុជា កាលពី​ថ្ងៃ១៧តុលា។ រដ្ឋាភិបាល​បានចេញ​សារា​ចរណ៍​ឲ្យ​កាន់ទុក្ខ​ព្រះ​បរមសព​របស់​ព្រះអង្គ​រយៈពេល៧ថ្ងៃ។ ទើបតែ​ថ្ងៃ​ម្សិលមិញ​នេះ​ទេ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរមសព​សម្តេចឪ​ទទួល ពាក្យ​ចូល​គោរព​ព្រះ​បរមសព​ដោយផ្ទាល់​ពី​សំណាក់​មហាជន​ទូទៅ។

គួររម្លឹកថា នៅ​អំឡុង​នៃ​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបិតា​ឯករាជ្យ​ជាតិ​មួយ​សប្តាហ៍​កន្លងទៅ បើតាម​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​ប្រមាណ២៣៣នាក់​បាន​ដួលសន្លប់ និង​ត្រូវបាន​បញ្ចូនទៅ​មន្ទីរពេទ្យ​ដោយសារ​តែមាន​មនុស្ស​ច្រើនពេក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ