អានតួអត្ថបទ
សមយុទ្ធអូតង់

អូតង់​ផ្តើមសមយុទ្ធទ្រង់ទ្រាយធំ​ដែលមាន​កងទ័ពចូលរួមជាង​៩០០០០នាក់

បក្សសម្ព័ន្ធ​អាត្លង់ទិក​អូតង់​ផ្តើម​សមយុទ្ធយោធា​ទ្រង់ទ្រាយធំ​មិនធ្លាប់មាន គិត​ចាប់តាំង​ពី​សម័យ​សង្រ្គាមត្រជាក់។ សមយុទ្ធដ៏ធំសំបើម ​ឈ្មោះ Steadfast ដែលចាប់ផ្តើម នៅ​ថ្ងៃ​ពុធទី ២៤ មករា នឹងប្រព្រឹត្តជាច្រើនខែ តាំងពី​មហាសមុទ្រ​អាត្លង់ទិក រហូតដល់​តំបន់ខាងកើត​របស់​បក្ស​សម្ព័ន្ធ​អូតង់ជាប់ព្រំដែនអ៊ុយក្រែន និងរុស្ស៊ី។ ​យោងតាម​សេចក្តីប្រកាស​របស់​អូតង់ សមយុទ្ធ​ Steadfast​មានគោលដៅ​ធ្វើតេស្តសមត្ថភាព​របស់​សមាជិក​អូតង់​ក្នុងការពង្រាយ​កម្លាំងទ័ព​ចូលការពារ​អឺរ៉ុប។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​អូតង់ កាលពី​ថ្ងៃពុធទី ២៤​មករា។ 

ស៊ុយអែតដែលត្រូវចូលជាសមាជិករបស់អូតង់នៅឆ្នាំនេះ ក្រោយការបើកភ្លើងខៀវរបស់តួកគី និងហុងគ្រី បានបញ្ជូនទ័ពទៅចូលរួមក្នុងសមយុទ្ធរបស់អូតង់ឆ្នាំ​២០២៤
ស៊ុយអែតដែលត្រូវចូលជាសមាជិករបស់អូតង់នៅឆ្នាំនេះ ក្រោយការបើកភ្លើងខៀវរបស់តួកគី និងហុងគ្រី បានបញ្ជូនទ័ពទៅចូលរួមក្នុងសមយុទ្ធរបស់អូតង់ឆ្នាំ​២០២៤ AP - Joel Thungren
ផ្សាយពាណិជ្ជកម្ម

អូតង់​បើកសមយុទ្ធយោធា​ទ្រង់ទ្រាយដ៏ធំមិនធ្លាប់មាន គិត​ចាប់តាំង​សម័យសង្រ្គាមត្រជាក់។ ជា​សមយុទ្ធដ៏ធំ ពីព្រោះថា មានកងទ័ពចូលរួម​ដល់ទៅជាង ៩ម៉ឺននាក់ ដែលជាចំនួន​ដ៏ច្រើនណាស់បើប្រៀបធៀប​នឹង​សមយុទ្ធធំចុងក្រោយរបស់អូតង់ នៅ​​ឆ្នាំ​១៩៨៨ ​នៅពេល​សម្ព័ន្ធអាត្លង់ទិក​ប្រឈមមុខដាក់គ្នាជាមួយ​សហភាពសូវៀត​ក្នុងអំឡុង​សង្រ្គាមត្រជាក់។

សមយុទ្ធរបស់អូតង់ចាប់ផ្តើម​ជាមួយ​ការចាកចេញដំណើរ​របស់​នាវាចម្បាំង​អាមេរិក​ពីមូលដ្ឋានទ័ព​នៅរដ្ឋ​Virginia សំដៅទឹកដីអឺរ៉ុប។ តាមសេចក្តីប្រកាស​របស់អូតង់ នៅ​ចុងខែ​មករា នាវាដឹកជញ្ជូន​កងទ័ពមួយគ្រឿង​ទៀត​របស់​កាណាដា​នឹងធ្វើដំណើរមកចូលរួមនៅក្នុង​សមយុទ្ធដែរ។

នៅក្នុង​សមយុទ្ធយោធា​រយៈពេល​រាប់ខែ​ ដែល​លាតសន្ធឹង​ពី​មហាសមុទ្រអាត្លង់ទិក រហូតដល់​ទឹកដីភាគខាងកើត​របស់ ​អូតង់ជាប់ព្រំដែនជាមួយអ៊ុយក្រែន និង​រុស្ស៊ី សមាជិកទាំងអស់របស់​អូតង់បញ្ជូន នាវាចម្បាំង​ប្រមាណ​៥០គ្រឿង យន្តហោះចម្បាំង​៨០គ្រឿង និង​រថក្រោះ យានយន្តសម្រាប់ប្រយុទ្ធជាង​១១០០គ្រឿង។ ជារួម សមាជិកទាំង​៣១​របស់​អូតង់​ចូលរួមចំណែកទាំងសព្វាវុធ និងកងទ័ព​សម្រាប់​សមយុទ្ធលើកនេះ។ ក្នុងចំណោមនោះ អង់គ្លេស​បញ្ជូនទ័ព​ច្រើនជាងគេ ទាំងទ័ពអាកាស ទ័ពជើងទឹក​ប្រមាណ ២ម៉ឺននាក់​ទៅក្នុងទឹកដីអឺរ៉ុបទាំងមូល ដើម្បីចូលរួមក្នុងសមយុទ្ធ Steadfast​ Defender។

ស៊ុយអែត​ដែលត្រូវ​ចូលជា​សមាជិក​របស់​អូតង់​នៅ​ឆ្នាំនេះ ក្រោយ​ការបើកភ្លើងខៀវ​របស់​តួកគី និង​ហុងគ្រី បាន​បញ្ជូនទ័ពទៅចូលរួម​ក្នុង​សមយុទ្ធនឹងគេដែរ។

សម្រាប់រដ្ឋមន្រ្តីការពារជាតិអង់គ្លេសលោក Grant Shapps ការពង្រាយទ័ពអង់គ្លេស​នៅក្នុង​ចំនួនដ៏ច្រើន ទៅក្នុងសមយុទ្ធរបស់អូតង់លើកនេះ មានគោលដៅ​ឆ្លើយតបនឹង​ការគំរាមកំហែង​របស់​លោកពូទីន ដែលបានធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន ២ឆ្នាំមកហើយ។ ​បើតាមប្រមុខការពារជាតិអង់គ្លេស​ សមយុទ្ធរបស់អូតង់សំខាន់ជាងពេលណាៗអស់ ជាពិសេស ក្នុងកាលៈទេសៈដែលអូតង់​កំពុងប្រឈម​កាន់តែខ្លាំងនឹង​ការផ្ចាញ់ផ្ចាល ការគំរាម​របស់រុស្ស៊ី អ៊ីរ៉ង់ ចិន និង​កូរ៉េខាងជើង។​

អគ្គមេបញ្ជាការកងទ័ពអូតង់ លោក​គ្រីស្តូហ្វ័រ កាវូលី​មានប្រសាសន៍​នៅក្នុងសន្និសីទកាសែត​កាលពីសប្តាហ៍មុនថា សមយុទ្ធ​ Steadfast​ Defender ការពារ​គ្មានងាករេ នឹងឆ្លុះបញ្ចាំងពីឯកភាព ការរួមកម្លាំង និងការប្តេជ្ញាចិត្ត​រួមគ្នារបស់​ប្រទេស​សមាជិក​អូតង់​​ដើម្បីការពារ​គ្នាទៅវិញ ទៅមក។ លំហាត់សឹករបស់អូតង់​ធ្វើតាមសេណារីយ៉ូ ក្នុង​ករណីកើតមានជម្លោះជាមួយ​គូសត្រូវដែលមានសមត្ថភាព ប្រហាក់ប្រហែលនឹងអូតង់។ តាមសេចក្តីប្រកាស​របស់អូតង់ សមយុទ្ធលើកនេះជាឱកាស​តេស្តសមត្ថភាពរបស់បក្សសម្ព័ន្ធអូតង់​ក្នុងការដាក់ពង្រាយ ដឹកជញ្ជូន​ទាហានពីអាមេរិកមកជួយការពារ​អឺរ៉ុបក្នុងករណីមានការវាយប្រហារ​ពីសត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ