អានតួអត្ថបទ
ដាណឺម៉ាក-គម្ពីរសាសនាអ៊ីស្លាម

សភាដាណឺម៉ាកអនុម័តច្បាប់ហាមដុតបំផ្លាញគម្ពីរសាសនា​អ៊ីស្លាម​កូរ៉ង់

សភា​ដាណឺម៉ាក បាន​បោះឆ្នោត អនុម័ត​ច្បាប់​ហាមឃាត់​ការដុតគម្ពីរសាសនា​អ៊ីស្លាម កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៧​ធ្នូ។ សម្រាប់រដ្ឋាភិបាល​ដាណឺម៉ាក​ដែលជា​អ្នកស្នើ​សេចក្តីព្រាង​ច្បាប់​ ការបង្កើត​ច្បាប់ហាមឃាត់​ការដុតបំផ្លាញ គម្ពីរកូរ៉ង់​ធ្វើឡើង​ដើម្បីផលប្រយោជន៍​សន្តិសុខជាតិ​ដាណឺម៉ាក ដែលកំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ភេរវកម្ម​ក្នុង​កម្រិតមួយដ៏ខ្ពស់។ ដាណឺម៉ាក និង​ប្រទេស​ស៊ុយអែត បាន​ទាក់ទាញ​ឲ្យមានកំហឹង និងការថ្កោលទោស​ពី​បណ្តាប្រទេស​អ៊ីស្លាម បន្ទាប់ពី ជនស្តាំនិយមជ្រុល​នៅប្រទេស​ទាំងពីរនេះ ដុតគម្ពីរកូរ៉ង់ កាលពីដើមឆ្នាំ​២០២៣នេះ។

បាតុកម្ម​នៅបណ្តាប្រទេស​មានអ្នកកាន់សាសនាអ៊ីស្លាម នៅក្រោយ​អ្នកគំនូរដាណឺម៉ាកគូររូបត្លុករបស់ព្យាការី ម៉ូហាម៉េដ
បាតុកម្ម​នៅបណ្តាប្រទេស​មានអ្នកកាន់សាសនាអ៊ីស្លាម នៅក្រោយ​អ្នកគំនូរដាណឺម៉ាកគូររូបត្លុករបស់ព្យាការី ម៉ូហាម៉េដ AP - JOHN MCCONNICO
ផ្សាយពាណិជ្ជកម្ម

សភាដាណឺម៉ាក​បានបោះឆ្នោត អនុម័ត ច្បាប់ហាមឃាត់​ការដុតបំផ្លាញ​គម្ពីសាសនា​អ៊ីស្លាម កូរ៉ង់ ជាមួយ​សំឡេង​គាំទ្រ ៩៤ ក្នុង​ចំណោម​សំឡេង​សរុបរបស់សភា ចំនួន​១៧៩។

ទៅតាម​ច្បាប់ដែល​សភាដាណឺម៉ាក​អនុម័ត​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី៧ធ្នូ ការដុតគម្ពីរសាសនា នៅ​ទីសាធារណៈ ការហែក​បំផ្លាញ ចាក់ ឬការទាត់នឹងជើង​ទៅលើ​គម្ពី នៅក្នុង​គោលដៅ ផ្សព្វផ្សាយ​រូបភាព​ស្អប់រើសអើង ត្រូវ​ចាត់ទុក​ជាទង្វើ​ខុសច្បាប់។ អ្នកដែល​ល្មើសច្បាប់​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​២ឆ្នាំ។

សភាដាណឺម៉ាក​បោះឆ្នោត អនុម័តច្បាប់ហាមឃាត់​ការដុតបំផ្លាញ​គម្ពី​សាសនា នៅបន្ទាប់​ពី​ការដុត​គម្ពីសានា​អ៊ីស្លាម កូរ៉ង់ នៅក្នុងប្រទេស​ដាណឺម៉ាក​បាន​អុជអាល​បណ្តាល​ឲ្យ​មាន​បាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ដាណឺម៉ាក នៅតាម​បណ្តាប្រទេស​កាន់សាសនាអ៊ីស្លាម នៅក្នុង​ពិភពលោក។ ឧទាហរណ៍ នៅ​អ៊ីរ៉ាក់ បាតុករ​ជាច្រើន​រយនាក់​ធ្លាប់​ធ្វើ​បាតុកម្ម​ប្រឆាំងហិង្សា ​សំដៅ ស្ថានទូត​ដាណឺម៉ាក ក្នុង​ទីក្រុង​បាដដាត កាលពីខែ កក្កដា បន្ទាប់​ពី​សកម្មជនស្តាំនិយមជ្រុល​ដាណឺម៉ាក​ម្នាក់​ដុត​គម្ពីកូរ៉ង់ ជាទីសក្ការៈ​របស់អ្នកកាន់សាសនា​អ៊ីស្លាម នៅ​ក្នុងទីក្រុង​ស្តុកខូម ប្រទេស​ស៊ុយអែត។

គណបក្ស​ប្រឆាំង​ដាណឺម៉ាក ចាត់ទុក​ការអនុម័ត​ច្បាប់ហាមឃាត់​ការដុតគម្ពីរសាសនា​អ៊ីស្លាម​ថា ជាទង្វើក្បត់ជាតិ និង​បំផ្លាញ​សិទ្ធិសេរីភាព​បញ្ចេញមតិ ដែលដាណឺម៉ាក​ធ្លាប់តែ​ប្រកាន់យកជាយូរណាស់មកហើយ។

ម្យ៉ាង សម្រាប់​បក្ស​ប្រឆាំង ដោយ​ស្នើ​ឲ្យសភាបោះឆ្នោត​អនុម័តច្បាប់​ហាមឃាត់​ការដុតគម្ពីកូរ៉ង់ រដ្ឋាភិបាល​ដាណឺម៉ាក​កំពុង​រត់ចោលជួរ គេចចេញពីការទទួលខុសត្រូវ។ តាម​បក្ស​ប្រឆាំង រដ្ឋាភិបាល​ដាណឺម៉ាកមុនៗ​បាន​ប្រកាន់ជំហរ​ដាច់ខាត​របស់ខ្លួន បើទោះបី​ជា​ធ្លាប់មាន​រលក​ប្រឆាំង​នឹង​ដាណឺម៉ាក​ដ៏ខ្លាំងក្លា ដោយសារ​រូបគំនូរត្លុក​ព្យាការី​ម៉ូហាម៉េដ កាលពី​ឆ្នាំ ២០០៦ ដែលបាន​បណ្តាល​ឲ្យ​មានកំហឹង​សម្បារ​ពី​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ក្តី។

រដ្ឋាភិបាល​ដាណឺម៉ាកវិញ​ចេញមុខ​ធានាថា ច្បាប់ហាមឃាត់​ការដុតគម្ពីសាសនា​អ៊ីស្លាម​នឹង​ទៅប៉ះពាល់​ដល់សិទ្ធិសេរីភាពបញ្ចេញមតិឡើយ និងថា គេអាចមានមធ្យោបាយផ្សេងដើម្បី​រិះគន់​សាសនា ក្រៅ​ពី​ការដុតគម្ពីរ។

នៅអឺរ៉ុប ដាណឺម៉ាក​មិនមែន​ជា​ប្រទេស​ដំបូង​គេ​ដែល​បង្កើត​ច្បាប់​ហាមឃាត់​ការដុតបំផ្លាញ គម្ពីរសាសនា​អ៊ីស្លាម។ អាល្លឺម៉ង់ អូទ្រីស ហ្វាំងឡង់ អ៊ីតាលី និង​ប៉ូឡូញ​ជាដើម ធា្លប់​បាន​ចេញ​ច្បាប់ដូចគ្នា​នេះ ដើម្បី រំងាប់ភាពតានតឹង​ជាមួយ​បណ្តាប្រទេស​កាន់សាសនាអ៊ីស្លាម។

បើតាមការអះអាងរបស់​រដ្ឋាភិបាល​ដាណឺម៉ាក ការបង្កើតច្បាប់​ហាមឃាត់​ការដុតគម្ពីកូរ៉ង់ ជារឿងចាំបាច់​ដើម្បីផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​ដាណឺម៉ាកផ្ទាល់ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដែល​ដាណឺម៉ាក​កំពុង​ប្រឈមខ្លាំង​នឹង​ការគំរាមកំហែង​ធ្វើ​ភេរវកម្ម។ ដោយសារ​រលក​ប្រឆាំង​នឹង​ការដុតគម្ពី​កូរ៉ង់ រួមផ្សំនឹង​សង្រ្គាមហ្កាហ្សា រដ្ឋាភិបាល​ដាណឺម៉ាក ក៏ដូចជា​រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត បាន​ដំឡើង​កម្រិត​ប្រកាសអាសន្ន​គំរាមកំហែង​ភេរវកម្ម​ដល់​កម្រិតខ្ពស់​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ