អានតួអត្ថបទ

អ៊ុយក្រែន៖ស្លាប់ជនស៊ីវិល ៥១នាក់ និងរបួស ៦នាក់នៅក្រោមគ្រាប់មីស៊ីលរុស្ស៊ី

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន រុស្ស៊ី​បាន​វាយប្រហារ​ដោយ​មីស៊ីល​ទៅ​លើ​ស្រុក Groza ស្ថិត​ក្នុង​តំបន់ Kharkiv ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៥១នាក់ និង​របួស​ចំនួន ៦នាក់។ ការ​វាយប្រហារ​នេះ​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​មាន​មនុស្ស​កំពុង​ជួបជុំ​គ្នា​នៅ​ក្នុង​ពិធី​បុណ្យសព​ទាហាន​ម្នាក់។ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ហ្សេឡេនស្គី​បាន​បរិហារ​ដោយ​ចាត់​ទុក​ជា​ការ​វាយប្រហារ​ភេរវកម្ម​អមនុស្សធម៌​របស់​រុស្ស៊ី។

នៅអ៊ុយក្រែន មានស្លាប់ជនស៊ីវិល ៥១នាក់ និងរបួស ៦នាក់នៅក្រោមគ្រាប់មីស៊ីលរុស្ស៊ីថ្ងៃទី៥ តុលា ២០២៣។
នៅអ៊ុយក្រែន មានស្លាប់ជនស៊ីវិល ៥១នាក់ និងរបួស ៦នាក់នៅក្រោមគ្រាប់មីស៊ីលរុស្ស៊ីថ្ងៃទី៥ តុលា ២០២៣។ via REUTERS - KHARKIV REGIONAL PROSECUTOR'S OF
ផ្សាយពាណិជ្ជកម្ម

Groza ដែល​មាន​ប្រជាជន​រស់នៅ​ចំនួន ៣៣០នាក់​ជា​ស្រុក​តូច​មួយ​ស្ថិត​ក្នុង​តំបន់ Kharkiv។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក Igor Klymenko បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​របស់​រុស្ស៊ី​ដោយ​គ្រាប់មីស៊ីល​លើ​ស្រុក Groza បាន​កើត​មាន​ឡើង​នៅ​វេលា​ម៉ោង ១ និង១៥នាទី​រសៀល​ម៉ោង​នៅ​អ៊ុយក្រែន​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៥ តុលា។ តាម​លោក Igor Klymenko គ្រាប់មីស៊ីល​បាន​កម្ទេច​ហាង​លក់​ទំនិញ​មួយ និង​ហាង​លក់​កាហ្វេ​មួយ​ដែល​ស្ថិត​ក្នុង​អាគារ​តែ​មួយ និង​ចំ​ពេល​ដែល​មាន​មនុស្ស​ប្រមាណ​ជា ៦០នាក់​កំពុង​ជុំ​គ្នា​នៅ​ក្នុង​អាគារ​នោះ។ លោក Igor Klymenko បាន​បន្ថែម​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៥១នាក់​មាន​កូនក្មេង​ម្នាក់​អាយុ ៦ឆ្នាំ។

ក្រុម​អ្នកជួយសង្រ្គោះ​បាន​ប្រកាស​បិទ​ប្រតិបត្តិការ​ស្វែង​រក​ជនរងគ្រោះ​នៅ​ដើម​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍ ទី៥ តុលា បន្ទាប់​ពី​បាន​ធ្វើ​ការ​ជួយ​សង្រ្គោះ និង​ស្វែង​រក​ជនរងគ្រោះ​នៅ​ក្រោម​គំនរ​ថ្ម​អស់​ពេល​ជា​ច្រើន​ម៉ោង។ ក្រុម​អ្នកកាសែត AFP ដែល​មាន​វត្តមាន​នៅ​កន្លែង​កើត​ហេតុ​បាន​រៀបរាប់​ថា ពួក​គេ​បាន​ឃើញ​កម្លាំង​ទាហាន​ដែល​ពាក់​ស្រោមដៃ​ខៀវ​ប្រមូល​លើក​យក​សាកសព​រុំ​ដោយ​ថង់ ពណ៌ ស ដាក់​លើ​ឡាន​កាំមីញ៉ុង។ អភិបាល​តំបន់ Kharkiv លោក Oleg Synegoubov បាន​បរិហារ​លើ​ការ​វាយប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​តាំង​ពី​ថ្ងៃ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន។

ចំណែក​ប្រធានាធិបតី​លោក​ហ្សេឡេនស្គី​ដែល​កំពុង​ចូលរួម​ប្រជុំ​ជាមួយ​ថ្នាក់ដឹកអឺរ៉ុប​ក្នុង​ប្រទេស​អេស្ប៉ាញ​បាន​បរិហារ​លើ​ការ​វាយប្រហារ​របស់​រុស្ស៊ី​ដោយ​ចាត់​ទុក​ជា​អំពើ​ភេរវកម្ម​អមនុស្សធម៌​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ។ ប្រតិកម្ម​របស់​អាល្លឺម៉ង់ ប្រមុខការទូត​លោកស្រី Annalena Baerbock បាន​បញ្ជាក់​ថា ក្រុង​ប៊ែរឡាំង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការពារ​អ៊ុយក្រែន​ពី​គ្រាប់មីស៊ីល​របស់​ពូទីន។ « យើង​ត្រូវ​តែ​បន្ត​គាំទ្រ​ប្រជាជន​អ៊ុយក្រែន​ព្រោះ​នេះ​ជា​ការ​ពិត​ដ៏​អាក្រក់​ដែល​ពួក​គេ​កំពុង​រស់នៅ​ប្រចាំ​ថ្ងៃ » នេះ​ជា​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​សេតវិមាន​លោកស្រី Karine Jean-Pierre។

ពី​បារាំង ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​ថា ការ​យក​ជនស៊ីវិល​ធ្វើ​ជា​ផ្ទាំងស៊ីប​ជា​សក្ខីកម្ម​ថ្មី​នៃ​ឧក្រិដ្ឋកម្ម​សង្រ្គាម​របស់​រុស្ស៊ី។ ចំណែក​អ្នកសម្របសម្រួល​ផ្នែក​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អ៊ុយក្រែន​លោកស្រី Denise Brown បាន​សម្តែង​ការ​រន្ធត់ចិត្ត​ចំពោះ​ការ​វាយប្រហារ​លើ​ស្រុក Groza និង​សង្កត់ធ្ងន់​ថា ការ​ទម្លាក់គ្រាប់បែក​លើ​ជនស៊ីវិល ឬ​យក​ជនស៊ីវិល​ជា​ផ្ទាំងស៊ីប​ជា​ឧក្រិដ្ឋកម្មសង្គ្រាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ