អានតួអត្ថបទ

គីម ជុងអ៊ុនបញ្ចប់ទស្សនកិច្ចនៅរុស្ស៊ីដោយទទួលបានកាដូជាដ្រូនបំផ្ទុះចំនួន ៥គ្រឿង

មេដឹក​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៦ថ្ងៃ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នា​ថ្ងៃ​អាទិត្យ ទី១៧ កញ្ញា។ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច លោក​គីម ជុងអ៊ុន​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន និង​បាន​ទៅ​ទស្សនា​កន្លែង​ជា​ច្រើន ពិសេស​មជ្ឈមណ្ឌល​អវកាស Vostotchny។ ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង​នៅ​រុស្ស៊ី​ត្រូវ​បាន​បស្ចិមលោក​តាមដាន ពិសេស​បារម្ភ​ខ្លាច​កូរ៉េខាងជើង​បញ្ជូន​អាវុធ​ទៅ​ឲ្យ​រុស្ស៊ី​សម្រាប់​បន្ត​សង្រ្គាម​នៅ​អ៊ុយក្រែន។

គីម ជុងអ៊ុនបញ្ចប់ទស្សនកិច្ចនៅរុស្ស៊ីដោយទទួលបានកាដូជាដ្រូនបំផ្ទុះចំនួន ៥គ្រឿង។
គីម ជុងអ៊ុនបញ្ចប់ទស្សនកិច្ចនៅរុស្ស៊ីដោយទទួលបានកាដូជាដ្រូនបំផ្ទុះចំនួន ៥គ្រឿង។ AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

មេដឹក​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​បាន​ចាក​ចេញ​ពី​ទឹកដី​រុស្ស៊ី​ក្នុង​ថ្ងៃ​អាទិត្យ ទី១៧ កញ្ញា​តាម​រថភ្លើង​ដែល​លោក​បាន​មក​ដល់​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ ទី១០ កញ្ញា។ ក៏​ដូច​ជា​ការ​មក​ដល់​ក្នុង​ថ្ងៃ​ដំបូង ការ​ត្រឡប់​វិញ​របស់​លោក​គីម ជុងអ៊ុន​ត្រូវ​បាន​រុស្ស៊ី​រៀបចំ​ជូន​ដំណើរ​នៅ​ស្ថានីយ​រថភ្លើង Artiom -Primorsky ដែល​រថភ្លើង​របស់​លោក​គីម​កំពុង​ចាំ​នៅ​ទីនោះ​ស្រាប់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​រុស្ស៊ី​ឈ្មោះ Ria Novosti។ ចំណែក​ទីភ្នាក់ងារ​ផ្លូវការ​រុស្ស៊ី​ឈ្មោះ TASS បាន​ផ្សព្វផ្សាយ​នូវ​វីដេអូ​ខ្លី​មួយ​ដែល​បង្ហាញ​លោក​គីម​កំពុង​ឡើង​ជណ្តើរ​រថភ្លើង និង​លើក​ដៃ​លា​គណៈ​ប្រតិភូ​រុស្ស៊ី​ដែល​ជូន​ដំណើរ​លោក។

តាម​ទីភ្នាក់ងារ​ផ្លូវការ​រុស្ស៊ី TASS ដដែល លោក​គីម ជុងអ៊ុន​បាន​ចាកចេញ​ពី​រុស្ស៊ី​ជាមួយ​នឹង​កាដូ​ជា​ដ្រូនបំផ្ទុះ​ចំនួន ៥គ្រឿង​ដែល​ផ្តល់​ឲ្យ​ដោយ​លោក Oleg Kojémiako អភិបាល​តំបន់ Primorye ស្ថិត​ចុង​បូព៌ា​ប្រទេស​រុស្ស៊ី។ ក្រៅ​ពី​ដ្រូន​បំផ្ទុះ​ចំនួន ៥គ្រឿង លោក​គីម​ក៏​បាន​ទទួល​ពី​លោក Oleg Kojémiako នូវ​ដ្រូន​ឈ្លប​យក​ស៊ើបការណ៍​ចំនួន ១គ្រឿង អាវការពារ​គ្រាប់​មួយ និង​សម្លៀកបំពាក់​ពិសេស​ដែល​កាំមេរ៉ា​ចាប់​មិន​បាន​ចំនួន​មួយ​កំផ្លេ។ ដោយឡែក មុន​នឹង​ចាកចេញ​ពី​ទឹកដី​រុស្ស៊ី លោក​គីម​បាន​ជួប​ជាមួយ​សិស្ស និស្សិត​កូរ៉េខាងជើង​នៅ​ក្នុង​សាកលវិទ្យាល័យ​ក្រុង Vladivostok។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​រយៈពេល ៦ថ្ងៃ​នៅ​រុស្ស៊ី លោក​គីម ជុងអ៊ុន​បាន​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​លោក​ពូទីន និង​បាន​ទៅ​ទស្សនា​កន្លែង​ជា​ច្រើន ពិសេស​មជ្ឈមណ្ឌល​អវកាស Vostotchny និង​ចូលរួម​នៅ​ក្នុង​ការ​បង្ហាញ​នាវាចម្បាំង​រុស្ស៊ី​នៅ​ប៉ាស៊ីហ្វិក រួម​ទាំង​ការ​ពិនិត្យមើល​អាវុធ​ទំនើប​របស់​រុស្ស៊ី​នៅ​មូលដ្ឋានទ័ពអាកាស Knievichi ទៀត​ផង។ លោក​ពូទីន និង​លោក​គីម​បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល ហើយ​លោក​ពូទីន​ថែម​ទាំង​បាន​លើក​ឡើង​ពី​ទស្សវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​ទោះ​បី​ជា​កូរ៉េខាងជើង​កំពុង​ជាប់​ទណ្ឌកម្ម​អន្តរជាតិ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន​ក្តី។

យ៉ាង​ណា​ក៏​ដោយ ក្រុង​មូស្គូ​បាន​ធានា​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា គ្មាន​កិច្ចព្រមព្រៀង​យោធា​ណា​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា​នា​ឱកាស​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ទេ។ តែ​បស្ចិមលោក​ហាក់​មិន​ជឿ​លើ​ការ​ធានា​របស់​រុស្ស៊ី និង​នៅ​តែ​សង្ស័យ​ថា រុស្ស៊ី​ចង់​ទិញ​អាវុធ​ពី​កូរ៉េខាងជើង​សម្រាប់​បន្ត​សង្រ្គាម​នៅ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ