អានតួអត្ថបទ
រុស្ស៊ី-កូរ៉េខាងជើង

លោកគីមជុងអ៊ុននិងលោក​វ្លាឌីមៀរពូទីន​ជួប​គ្នា​នៅមូល​ដ្ឋានអវកាសរុស្ស៊ី​ Vostotchny

លោក​ពូទីន​បាន​ទទួល​ជួបប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​​លោក​គីមជុងអ៊ុន​ នៅ​ថ្ងៃពុធ​ទី ១៣​កញ្ញា​នេះ នៅ​មជ្ឈមណ្ឌល​អវកាស​វ៉ូស្តូតស្នី ភាគ​ខាង​កើត​នៃ​ប្រទេស​រុស្ស៊ី។ ជា​ជម្រើស​ទីតាំង​ប្រកប​ដោយ​និម្មិតរូប​។ លោកប្រធានាធិបតី​រុស្ស៊ី​បាន​ប្រកាស​ជួយព្យុងយ៉ាង​​ស្ថាបនា​ផ្កាយរណប។ ឯលោក​គីមជុងអ៊ុន​បាន​ប្រកាសចាត់​ទុក​ការ​​រឹត​ចំណង​មិត្តភាព​កូរ៉េខាងជើង​-រុស្ស៊ី​ជា​អាទិភាពការ​ទូត​ចាំបាច់​បំផុត។

លោកគីមជុងអ៊ុននិងលោក​វ្លាឌីមៀរពូទីន នៅមូល​ដ្ឋានអវកាសរុស្ស៊ី​ Vostotchny ថ្ងៃ​ទី ១៣​កញ្ញា​២០២៣
លោកគីមជុងអ៊ុននិងលោក​វ្លាឌីមៀរពូទីន នៅមូល​ដ្ឋានអវកាសរុស្ស៊ី​ Vostotchny ថ្ងៃ​ទី ១៣​កញ្ញា​២០២៣ via REUTERS - SPUTNIK
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពីបាន​​ទស្សនា​មូលដ្ឋាន​អវកាស​Vostotchny ដែល​ជា​កន្លែង​ដំឡើង​កាំជ្រួច​Angaraដ៏​ទំនើប​ចុងក្រោយ​គេ​របស់​រុស្ស៊ីមក ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង​និង​រុស្ស៊ី​បាន​ចាប់​ផ្តើម​ជួប​ពិភាក្សា​គ្នា។ ជំនួប​ដ៏​ពិសេស​បាន​បិទ​បញ្ចប់ បន្ទាប់ពី​លោកពូទីននិង​លោក​គីមជួប​ជជែកគ្នា​​​ ​ក្រោម​វត្តមាន​របស់​​ប្រតិភូជា​ច្រើន​រូបជា​ដំបូង អស់​ប្រមាណ​​ពីរ​ម៉ោង និង​បន្ត​ដោយ​​ជំនួប​មួយ​ទល់​នឹង​មួយ ព្រមទាំង​មាន​ពិធី​ទទួល​ទានអាហារ​ថ្ងៃ​ត្រង់​ជា​កិត្តិយសផង។

ក្នុង​​ដំណាក់កាល​នេះ ពុំ​ទាន់​ឃើញ​មាន​សេចក្តី​ថ្លែងការណ៍​អ្វី​ទាក់ទង​នឹង​ការ​ចុះ​កិច្ចព្រមព្រៀង​សព្វាវុធ​បញ្ចូន​អាវុធ​និង​គ្រាប់​រំសេវ​កូរ៉េខាង​ជើង​ទៅ​ឱ្យរុស្ស៊ី​សម្រាប់​បន្ត​សង្គ្រាម​នៅ​អ៊ុយក្រែន​ ដូច​ការ​សង្ស័យ​របស់​អាមេរិក​ពី​ម្សិលមិញ​ទេ។​

នៅ​ដើម​ជំនួប​ លោក​វ្លាឌីមៀរពូទីន បាន​ប្រកាស​អរគុណលោក​គីមជុងអ៊ុន​ដែល​ព្រម​ធ្វើ​ជា​ភ្ញៀវ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី និង​បាន​ព្រលយ​ឱ្យ​ដឹង​អំពី​ខ្លឹមសារ​នៃ​ជំនួប​ពិភាក្សា​ដែល​ផ្តោត​លើ​ប្រធានបទ​ជា​ច្រើន​ មានអាទិ៍​ស្ថានភាព​ក្នុង​តំបន់​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច។ ចំណែក​លោក​គីមជុងអ៊ុន​ដែល​អង្គុយ​ក្បែរ​ម្ចាស់​ផ្ទះ ក៏​បាន​បញ្ជាក់​តប​វិញ​ថា កូរ៉េខាង​ជើង​នៅក្បែរ​រុស្ស៊ី​ជា​និច្ច ហើយ​គាំទ្រ​ទាំងស្រុង​និង​ដោយឥត​លក្ខខណ្ឌនូវ​រាល់​គ្រប់វិធានការ​សម្រេច​ដោយ​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​បើ​តាម​សំដី​របស់​លោក​គីមជុងអ៊ុន​ដដែល​ដោយ​បន្ថែម​ថា​ជំនួប​ថ្ងៃ​នេះ​ជា​ឈ្នាន់​ឈាន​ទៅ​រក​ទំនាក់ទំនង​ដ៏​ល្អិត​ល្មួត​ជាមួយ​រុស្ស៊ី ព្រោះ​ចំណង​ទាក់ទង​​រវាង​ប្រទេស​ទាំង​ពីរ គឺ​ជា​អាទិភាព​នយោបាយ​ការទូត​ដ៏​ចាំបាច់​បំផុត​របស់​កូរ៉េខាង​ជើង។

ជម្រើស​យក​មណ្ឌល​​អវកាស​ជា​កន្លែង​ជួប​ប្រជុំ​គ្នាក៏​មិនមែន​ជា​ការ​ចៃដន្យ​ទេ។ គឺ​មក​ពី​មេ​ដឹកនាំ​កូរ៉េខាង​ជើង​មាន​ចំណាប់​អារម្មណ៍​​ខ្លាំងលើ​​បច្ចេកវិទ្យា​កាំជ្រួច​ និងមាន​ឆន្ទៈ​ចង់​អភិវឌ្ឍ​កម្មវិធី​អវកាស។ នេះ​បើ​តាម​ប្រសាសន៍​របស់លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន ពេល​កំពុង​ទស្សនា​មជ្ឈមណ្ឌល​Vostotchny ដោយ​សន្យា​ថា​នឹង​​​​ជួយកូរ៉េខាង​ជើង​​ស្ថាបនា​ផ្កាយ​រណប។ ថ្មីៗ​នេះ​ព្យុងយ៉ាង​បាន​បរាជ័យ​ ​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​យោធា​​សម្រាប់​ធ្វើ​ចារកិច្ច​ដល់ទៅ​ពីរ​លើក។ កូរ៉េខាង​ជើង​​បានអភិវឌ្ឍ​​បច្ចេកវិទ្យា​អវកាស​យ៉ាង​លឿន​ ដោយ​​បង្កើន​ការ​សាកល្បង​មីស៊ីល​កាន់​តែ​ច្រើន​ឡើងៗ។ សូម្បី​តែ​ក្នុង​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី ក៏​កូរ៉េខាងជើង​បានបាញ់សាកល្បង​​​មីស៊ីលដែរ។ នៅ​ព្រឹក​ថ្ងៃពុធ​ទី​១៣​កញ្ញានេះ មុន​មាន​ជំនួប​រវាង​លោក​ពូទីន​និង​លោក​គីម ព្យុងយ៉ាង​បាន​បាញ់​​មីស៊ីល​​​បាលីស្ទិករយៈ​​ខ្លី​​សំដៅ​សមុទ្ទ​ខាង​កើត​ (សមុទ្ទជប៉ុន) នៅចន្លោះ​ម៉ោង​១១និង​៤៣នាទីទៅ​ម៉ោង​១១និង​៥៣នាទី​ ហើយ​ធ្លាក់​ក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ជប៉ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ