អានតួអត្ថបទ
OPEP+

អារ៉ាប៊ីសាអូឌីត​កាត់បន្ថយការផលិតប្រេង១លានបារីលបន្ថែមទៀតក្នុងមួយថ្ងៃ គិតចាប់ពីខែកក្កដា

នៅក្រោយប្រជុំពិភាក្សា​អស់រយៈពេល ៧ម៉ោង នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស កាលពីថ្ងៃ​អាទិត្យ ក្រុម​ប្រទេស​ផលិត និង​នាំចេញ​ប្រេង OPEP+ ដែលមានសមាជិក​២៣​ប្រទេស​បានសម្រេច​បន្តកាត់បន្ថយបរិមាណផលិតប្រេង រហូតដល់​ចុងឆ្នាំ ២០២៤។ ចំណែក​អារ៉ាប៊ី សាអូឌីត មហាសេដ្ឋីប្រេងធំជាងគេ​នៅក្នុងអង្គការ​ OPEP+ បានប្រកាស​ស្ម័គ្រចិត្ត កាត់បន្ថយ​តែម្នាក់ឯង បរិមាណ​ផលិតប្រេង ប្រមាណ​១លាន​បារីលបន្ថែមទៀត នៅ​ក្នុង​មួយថ្ងៃ គិត​ចាប់តាំង​ពី​ខែ កក្កដា​ឆ្នាំ​នេះ។ ការកាត់បន្ថយ​ការផលិតប្រេង ជា​គំនិត​ចង់​បាន​របស់​អារ៉ាប៊ី សាអូឌីត ក្នុងគោលបំណង​ជំរុញ​តម្លៃប្រេង​ឲ្យឡើងថ្លៃ ឡើងវិញ។

នៅថ្ងៃអាទិត្យទី ៤មិថុនា រដ្ឋមន្រ្តីថាមពលអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman Al-Saud ​ប្រកាសថា អារ៉ាប៊ី សាអូឌីត នឹងអាច​បន្តកាត់បន្ថយការផលិតប្រេង លើសពីខែកក្កដា
នៅថ្ងៃអាទិត្យទី ៤មិថុនា រដ្ឋមន្រ្តីថាមពលអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Salman Al-Saud ​ប្រកាសថា អារ៉ាប៊ី សាអូឌីត នឹងអាច​បន្តកាត់បន្ថយការផលិតប្រេង លើសពីខែកក្កដា AP - Kamran Jebreili
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការចរចា​ពេញ​មួយថ្ងៃ ក្រុមប្រទេសនាំចេញ​ប្រេង OPEP និងប្រទេស​ដៃគូដែលដឹកនាំ​ដោយ​រុស្ស៊ី នៅទីបំផុត បានយល់ព្រមព្រៀងគ្នា ដើម្បី​កាត់បន្ថយ​បរិមាណ​ផលិតប្រេង​ជាទូទៅ នៅ​ក្នុង​ក្តី​សង្ឃឹម​ទាញតម្លៃប្រេង​នៅទីផ្សារអន្តរជាតិ។

ការប្រកាស​របស់​ OPEP+លុបបំបាត់ទាំងស្រុង​ការលើកឡើងស្តីពីការខ្វែងគំនិតគ្នា រវាង​ប្រទេស​សមាជិក ព្រោះថា ​រុស្ស៊ី​ធ្លាប់​ប្រឆាំង​មិន​ចង់ឲ្យ​មានការកាត់បន្ថយបរិមាណផលិតប្រេងថែមទៀត។ ប៉ុន្តែ ទៅតាម​កិច្ចព្រមព្រៀង កាលពីថ្ងៃ​អាទិត្យ គ្រប់គ្នាទាំងអារ៉ាប៊ី សាអូឌីត រុស្ស៊ី​និង​នីហ្សេរីយ៉ា អង់ហ្គោឡា​យល់ព្រម​កាត់បន្ថយ​ការផលិតប្រេង លើកលែង​តែអេមីរ៉ាត អារ៉ាប់រួម​ដែលបានទទួល​សិទ្ធិបន្ថែមបរិមាណផលិត។

ជារួម ក្រុមប្រទេសផលិត និងនាំចេញប្រេង OPEP+ដែលនាំមុខដោយអារ៉ាប៊ី សាអូឌីត និងរុស្ស៊ី នឹង​បន្ត​ផែនការកាត់បន្ថយការផលិតប្រេងសព្វថ្ងៃ រហូត​ដល់​ចុងឆ្នាំ ២០២៤។ ដោយសារ​តម្លៃប្រេងឆៅធ្លាក់ថ្លៃខ្លាំង​នៅទីផ្សារអន្តរជាតិ OPEP+ធ្លាប់បានប្រកាស​នៅ​ខែ​តុលាឆ្នាំមុន កាត់បន្ថយ​ការផលិតប្រេង២លានបារីលក្នុងមួយថ្ងៃ។ នៅខែ មេសា​កន្លងទៅ អង្គការប្រទេស​នាំចេញប្រេងមួយនេះ​បាន​ធ្វើឲ្យគេភ្ញាក់ផ្អើល ដោយ​ប្រកាស​កាត់បន្ថយ​បរិមាណផលិតប្រេង ប្រមាណ ១លាន​៦សែនបារីលបន្ថែមទៀត គិតចាប់តាំងពីខែ​ឧសភា រហូតដល់​ចុងឆ្នាំ ២០២៣ ដែលជាហេតុធ្វើ​ឲ្យ​ការកាត់បន្ថយការផលិតប្រេង របស់ OPEP+ នាពេលសព្វថ្ងៃនេះ មាន​ចំនួន​សរុប ៣លាន​៦សែនបារីល ក្នុង​មួយថ្ងៃ។

តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​Reuters នៅក្នុងកិច្ចព្រមព្រៀង កាលពីថ្ងៃអាទិត្យ OPEP+នឹង​កាត់បន្ថយ​ការផលិតប្រេងចំនួន ១លាន ៤សែនបារីលបន្ថែមទៀត ក្នុងមួយថ្ងៃ ចាប់ពីដើមឆ្នាំ ២០២៤។ ចំណែក​អារ៉ាប៊ីសាអូឌីត បានប្រកាស​កាត់បន្ថយ​ការផលិតប្រេង​តែម្នាក់ឯង ចំនួន ១លាន​បារីល ក្នុងមួយថ្ងៃ គិតចាប់ពីខែ​កក្កដា ក្នុងរយៈពេល​១ខែ។ នៅក្នុងសន្និសីទកាសែត នៅក្រោយ​កិច្ចប្រជុំ នៅទីក្រុង​វីយ៉ែន រដ្ឋមន្រ្តីថាមពលអារ៉ាប៊ី សាអូឌីត ព្រះអង្គម្ចាស់Abdulaziz bin Salman Al-Saud ​ប្រកាសថា អារ៉ាប៊ី សាអូឌីត នឹងអាច​បន្តកាត់បន្ថយការផលិតប្រេង លើសពីខែកក្កដា។ ការណ៍នេះនឹងធ្វើឲ្យ​បរិមាណ​ផលិតប្រេង​របស់​អារ៉ាប៊ី សាអូឌីត ធ្លាក់ចុះ ពី ១០លានបារីល ក្នុងមួយថ្ងៃ កាលពីខែ ឧសភា មក​នៅ​៩លានបារីលក្នុងមួយថ្ងៃ នៅខែ កក្កដា។ សម្រាប់អ្នកជំនាញ​ផ្ទុយពី​ប្រទេស​រុស្ស៊ីដែល​មិនចង់​បន្ត​កាត់បន្ថយការផលិតប្រេង អារ៉ាប៊ី សាអូឌីត​ប្តេជ្ញាចិត្ត កាត់បន្ថយ​បរិមាណផលិតប្រេង ដើម្បី​ទាញតម្លៃប្រេង ដែល​បាន​ធ្លាក់ចុះ នៅត្រឹម ៧៦ដុល្លារ ក្នុងមួយបារីល កាលពី​ថ្ងៃ​សុក្រ។ មូលនិធិរូបិយវត្ថុអន្តរជាតិ​វាយតម្លៃថា ដើម្បី​បាន​ប្រាក់ចំណូលច្រើន​ពីការលក់ប្រេង សម្រាប់​យកទៅ វិនិយោគលើ​គម្រោងសាងសង់អភិវឌ្ឍ​ក្រុងទំនើប នៅកណ្តាល​វាលខ្សាច់ អារ៉ាប៊ី សាអូឌីត​ត្រូវការ​ចង់បាន​តម្លៃប្រេង​ឡើងថ្លៃជាង ៨០ដុល្លារ​ក្នុងមួយបារីល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ