អានតួអត្ថបទ
មហោស្រពភាពយន្តកានទី​៧៦

សមិទ្ធិករជប៉ុនប៉ងចង់បានរង្វាន់តាល់ប័ត្រជាលើកទី២ របស់មហោស្រពកានជាមួយរឿងMonster

មហោស្រពភាពយន្តកានមិនអាចដោះដៃពីខ្សែភាពយន្ត​ជប៉ុន ជាពិសេស​ខ្សែភាពយន្ត​របស់​សមិទ្ធិករ ហ៊ីរ៉ូកាហ្សុយ កូរ៉េ អេដា។ បន្ទាប់ពីខ្សែភាពយន្តរបស់លោកឈ្មោះ Broker ខកខាន​មិនបានទទួលរង្វាន់​អ្វី នៅក្នុងមហោស្រពកាន កាលពីឆ្នាំមុន សមិទ្ធិករ​ជប៉ុន លោក​កូរ៉េអេដា​បានត្រលប់មក​មហោស្រពកានម្តងទៀត នៅឆ្នាំនេះ​ជាមួយខ្សែភាពយន្តថ្មីមួយរឿងទៀត។ រឿង Monster សត្វចម្លែក​ ត្រូវ​បានជ្រើសរើស​សម្រាប់ការប្រកួតប្រជែងយករង្វាន់ធំ រង្វាន់តាល់ប័ត្រមាស​របស់​មហោស្រពកាន។ 

« Monster », ខ្សែភាពយន្ត​របស់​សមិទ្ធិករជប៉ុន លោក ហ៊ីរ៉ូកាហ្សុយ កូរ៉េ អេដា សម្រាប់ការប្រកួតភាពយន្តខ្នាតវែងរបស់មហោស្រពកាន ទី​៧៦
« Monster », ខ្សែភាពយន្ត​របស់​សមិទ្ធិករជប៉ុន លោក ហ៊ីរ៉ូកាហ្សុយ កូរ៉េ អេដា សម្រាប់ការប្រកួតភាពយន្តខ្នាតវែងរបស់មហោស្រពកាន ទី​៧៦ © Festival de Cannes 2023
ផ្សាយពាណិជ្ជកម្ម

Monster សត្វចម្លែក និយាយ​ពីក្មេងប្រុសមីណាតូរស់នៅជាមួយម្តាយមេម៉ាយ ធ្វើការនៅ​កន្លែងបោកអ៊ុត។ រឿង​នេះបើកឆាកជាមួយ​ភ្លើងឆេះអគារដ៏សន្ធោសន្ធៅនៅ​ចម្ងាយមួយ ដែលមីណាតូ និងម្តាយអាចមើលឃើញពីលើផ្ទះ។ ឈុតឆាកបន្ទាប់មកទៀត គេឃើញម្តាយ​របស់​មីណាតូ​ចាប់ប្រែប្រួល មិនសូវ​និយាយ​ស្តី មានកាយវិការប្លែកៗ ដូចជា​កាត់សក់ មានដែកកេះ និង​ពេលខ្លះត្រលប់មកផ្ទះជាមួយ​របួសត្រចៀក។ ក្រោយការជជីកសួរ មីណាតូ​ប្រាប់ម្តាយថា គ្រូប្រុសឈ្មោះ អូរីជាអ្នកវាយធ្វើបាបនៅក្នុងថ្នាក់។ បារម្ភខ្វល់ពីសុខមាលភាព​របស់កូន ស្រ្តីជាម្តាយ​បានទៅជួបលោកស្រីនាយកសាលា​វ័យចំណាស់ ដែល​ទើបត្រលប់មកធ្វើការ នៅក្រោយ​ការកាន់ទុក្ខចៅស្រីដែលស្លាប់​ក្នុងគ្រោះថ្នាក់រថយន្ត។

នៅក្នុងរឿអ​Monster សត្វចម្លែកតែមួយ គឺ​ត្រូវ​បាន​រៀបរាប់ ជា​បីដំណាក់កាល។ ដំណាក់កាលទី១ ផ្តោតទៅលើការសកម្មភាព ការយល់ឃើញ​របស់​​​ម្តាយមីណាតូដែល​ទាមទារ​ឲ្យសាលាបកស្រាយ​ពីការប្រព្រឹត្តអំពើហិង្សា​ទៅលើ​កូនរបស់ខ្លួន។ ដំណាក់កាលទី២​និយាយ​ពី​គ្រូបង្រៀន​អូរីថ្នាក់ទី​៥ របស់​ក្មេងប្រុស មីណាតូ ដែលតាមពិត​ជាមនុស្សត្រឹមត្រូវ គ្មានកំហុសដូចការចោទប្រកាន់។

ចំណែកវគ្គទី៣ ផ្តោតទៅលើ​មីណាតូ ដែល​តាមពិត​ចាប់អារម្មណ៍​ក្មេងស្រីមិត្តរួមថ្នាក់​ឈ្មោះ យូរី ដែលត្រូវក្មេងប្រុស​ក្នុងថ្នាក់​ឧស្សាហ៍ធ្វើបាប ជេប្រមាថថា ខួរជ្រូក។ Monster សត្វចម្លែកជាពាក្យ​ដែលឪពុកប្រមឹករបស់​យូរី​ប្រើសម្រាប់ហៅកូនស្រី។

តាមរយៈ Monster សត្វចម្លែក​ សមិទ្ធិករ​ជប៉ុន លោក​កូរ៉េ អេដា​ដែល​ស្មោះស្ម័គ្រផ្តោតនិយាយ​តែ​រឿង​សង្គម រឿងគ្រួសារ បាន​ត្រលប់មកពី​បញ្ហា​ក្នុងគ្រួសារ អំពើហិង្សារបស់​មនុស្ស​ចាស់ទៅលើកូនក្មេង និង​ទំនាក់ទំនង ពន្លកស្នេហារបស់ក្មេងជំទង់។ បើទោះបីជាគ្មានឈុតឆាកបាញ់សម្លាប់គ្នា គ្មានរឿងខ្មោចមកពញ្ញាក់អារម្មណ៍ ប៉ុន្តែ រឿង​ដ៏សាមញ្ញ​របស់​សមិទ្ធិករ​ជប៉ុន​បាន​ធ្វើឲ្យអ្នកមើល​តាមដានភ្លឹកស្ទើរមិនដកដង្ហើម។ សាច់រឿងបញ្ចប់ដោយ​ក្មេងប្រុសស្រីទាំងពីរ ប្រឡាក់ភក់ពេញខ្លួន ដើរចេញពី​រូងក្រោមដី និង​ចោទសួរគ្នាថា តើពួកគេ​កំពុងចាប់ជាតិថ្មីឬយ៉ាងណា? បើសិនចាប់ជាតិថ្មីជាមួយ​រូបរាងកាយ​ដដែល វាពិតជាអស្ចារ្យណាស់។ នៅឈុតមុននេះគេឃើញ​ព្យុះភ្លៀងបណ្តាលឲ្យបាក់ដី​សង្កត់លើ​ទូររទេះភ្លើងដែលក្មេងទាំងពីរប្រើជាកន្លែងសម្ងាត់របស់ខ្លួន។ តើមីណាតូ និងយូរីស្លាប់ដោយសារ​គ្រោះថ្នាក់បាក់រលំដី ឬ​ក៏នៅរស់មានជីវិត។ សមិទ្ធិករលោក កូរ៉េអេដា​បានទុករឿងនេះឲ្យអ្នកមើលកាត់ស្មានតាមចិត្តរបស់ខ្លួន។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ