អានតួអត្ថបទ
មហោស្រពភាពយន្តកានទី​៧៦

រឿង Tiger Stripe​ របស់សមិទ្ធិករម៉ាឡេស៊ីនៅក្នុងការប្រកួតប្រជែងរង្វាន់ក្នុងមហោស្រពកាន

កាន – នៅថ្ងៃបើកសម្ពោធ​ការប្រកួតប្រជែងផ្នែកSemaine de la Critique ដែលស្ថិតក្របខ័ណ្ឌមហោស្រពភាពយន្តអន្តរជាតិកាន  រឿង​ Tiger Stripe​​ដឹកនាំ​ដោយ​សមិទ្ធិករស្រ្តីម៉ាឡេស៊ីម្នាក់ដែលត្រូវ​បានជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​យករង្វាន់​ នៅក្នុងផ្នែក Semaine de la Critiqueត្រូវ​ចាក់បញ្ចាំង​នៅថ្ងៃបើកឆាក។ រឿង​ Tiger Stripe​ ដែលត្រូវ​ចាក់បញ្ចាំង​កាលពីល្ងាច​ថ្ងៃពុធទី​១៧ឧសភា មានបង្កប់​ដោយ​ភាពកំប្លែង ភ័យតក់ស្លុត និងរំជួលចិត្ត។ យើងស្តាប់ឈាង បុប្ផា ពីមហោស្រពកាន។

Bannière facebook TIGER_STRIPES_FB_851X310
Bannière facebook TIGER_STRIPES_FB_851X310 ©
ផ្សាយពាណិជ្ជកម្ម

Tiger Stripe បកប្រែក្រៅផ្លូវការថា ស្បែកខ្លា បង្កង់ បង្កង់ និយាយ​ពីក្មេងស្រី ហ្សាហ្វង់ អាយុ​១២ឆ្នាំម្នាក់ ដែលរស់នៅជនបទ​ប្រទេស​ម៉ាឡេស៊ី។ សាច់រឿងចាប់ផ្តើមដំបូង​ជាមួយហ្សាហ្វង់កំពុង​រាំ​ចង្វាក់តិចណូ​នៅមុខ​កាម៉េរ៉ាទូរស័ព្ទ​របស់មិត្តភក្តិក្នុងបន្ទប់ទឹករបស់សាលារៀន។ ស្ថិតក្នុងវ័យជំទង់ កំពុងពេញវ័យ ហ្សាហ្វង់​សង្កេតឃើញ​រាងកាយប្រែប្រួល​យ៉ាងឆាប់រហ័ស។ ចាប់មានរដូ​វមុនគេ​ ក្នុងចំណោមមិត្តភក្តិរួមថ្នាក់ ហ្សាហ្វង់​ត្រូវ​មិត្តជិតស្និទ្ធតិះដៀល ធ្វើបាប​និងលែងរាប់រក​តទៅទៀត។

ដោយសារ​រងការធ្វើបាប​នៅសាលារៀន ​ម្តាយ​មិនយល់ចិត្ត រួមផ្សំនឹងរាងកាយប្រែប្រួល ហើយ​នឹងវិន័យតឹងរ៉ឹង​ក្នុងសាសនា​អ៊ីស្លាម សម្រាប់ស្រ្តីម៉ាឡេស៊ី ហ្សាហ្វង់​កើតកំហឹងរត់ចូលក្នុងព្រៃ ជាទីដែល​នាង​ធ្លាប់ឃើញព្រលឹងមនុស្សស្រីដែលធ្លាប់គេចចាមអារ៉ាមថា បាត់ខ្លួនចាប់តាំង​ពីថ្ងៃ​មានរដូវ។

រាល់ពេល​ហ្សាហ្វង់​ខឹងម្តងៗ គេលឺ​សំឡេង​ខ្លាគ្រហឹម​។ ក្មេងស្រីដែល​ចូលរួម​ធ្វើបាប​ហ្សាហ្វង់​ ចាប់ផ្តើមកើតជំងឺផ្លូវចិត្តស្រែកពេញសាលារៀន រហូត​ធ្វើគ្រូពេទ្យបុរាណម្នាក់​ដែលឃោសនា​តាមបណ្តាញសង្គមលូកដៃអន្តរាគមន៍ ដើម្បីបណ្តេញព្រលឹងខ្មោចចេញពី​ក្មេងស្រីៗក្នុងភូមិ។ ថ្ងៃមួយដែល​ហ្សាហ្វង់​ត្រូវ​ឪពុកម្តាយ​នាំយក​ទៅឲ្យគ្រូពេទ្យ​បុរាណរំដោះគ្រោះ ហ្សាហ្វង់​ផ្ទុះកំហឹងប្រៀបបាន​នឹង​សត្វខ្លាមួយដែលត្រូវគេរំខាន​ បណ្តេញចេញពីលំនៅ។ នៅទីបំផុត ហ្សាហ្វង់​បានបង្ហាញ​ធាតុពិតធម្មជាតិរបស់ខ្លួន ជា​មនុស្សសត្វខ្លាសាហាវ​សម្លាប់គ្រូពេទ្យបុរាណ មុននឹងរត់ទៅរស់នៅក្នុងព្រៃដ៏មានសេរីភាពរបស់នាង។

Tiger Stripeជាស្នាដៃនិពន្ធនិងដឹកនាំរឿង​សមិទ្ធិករស្រ្តីម៉ាឡេស៊ី អាម៉ាន់ដា ណែល អ៊ុយ ដែលបានបញ្ចប់ការសិក្សា​នៅ​សាលាកុននៅទីក្រុង​ឡុងដ៍។

តាមរយៈរឿងនេះ សមិទ្ធិករស្រ្តីអាម៉ាន់ដា ចង់បង្ហាញពី​​គំនាបសាសនា អបិយជំនឿ និងការវាយធ្វើបាប​​ ជេរប្រមាថ​នៅក្នុង​ចំណោម​សិស្ស​វ័យជំទង់។ ហ្សាហ្វង់ក្មេងស្រីតួអង្គឯក​របស់​រឿង​Tiger Stripe បាន​ក្លាយជា​មនុស្សចម្លែកនៅក្នុងភូមិ ព្រោះនាង​ជា​មនុស្ស​ដែលគិតប្លែក ហ៊ានធ្វើអ្វីខុសប្លែកពីគេ ដែលតាមពិតទាំងអស់នោះគឺ​ចរិតសប្បាយធម្មតា​របស់​ក្មេងដែលកំពុងឈានចូលដល់វ័យជំទង់។ តើ​រឿង​ Tiger Stripe​អាច​ដណ្តើម​រង្វាន់​នៅក្នុងការប្រកួតប្រជែង​របស់​ផ្នែក​Semaine de la Critique ដែរឬទេ? គេមិនទាន់​ដឹង​ចម្លើយ ព្រោះត្រូវ​រង់ចាំ​ដល់​ថ្ងៃ​បិទបញ្ចប់​របស់មហោស្រព ប៉ុន្តែ អ្វីដែលគេអាចដឹង​នៅពេលនេះ គឺ​ប្រធាន​របស់Semaine de la Critique បាន​ប្រៀបប្រដូចរឿង​Tiger Stripeរបស់​សមិទ្ធិករ​ម៉ាឡេស៊ី ទៅនឹង​សាច់រឿង​របស់​អ្នកដឹកនាំថៃ លោក​អាភីឆាពុង ដែលធ្លាប់ទទួលបានរង្វាន់តាល់ប័ត្រមាស​របស់មហោស្រពកាន កាលពីឆ្នាំ ២០១០ សម្រាប់រឿង uncle Boonmee ពូ ប៊ុនមី។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ