អានតួអត្ថបទ

លោក ពូទីន ៖ រុស្ស៊ី​ និង ​ចិន ​មិនមែន​កំពុងតែ​​បង្កើត​សម្ព័ន្ធមិត្ត​យោធាទេ

ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជាក់​នៅថ្ងៃអាទិត្យ​ទី​២៦មីនា​ថា រុស្ស៊ី​និង​ចិន​ មិន​មែន​កំពុងតែបង្កើត​«សម្ព័ន្ធមិត្តយោធា»ឡើយ។ លោក វ្ល៉ាឌីមៀរ ពូទីន អះអាង​ទៀត​ថា កិច្ច​សហការ​រវាងកម្លាំង​កង​ទ័ព​​ប្រទេស​ទាំង​ពីរគឺ​ឈរ​លើ«​តម្លាភាព​»។ នេះបើតាម​អ្វី​ដែល​ចៅហ្វាយ​វិមាន​ក្រេមឡាំង​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍រដ្ឋរុស្ស៊ី​​។ ក៏ប៉ុន្តែ សម្តីទាំង​នេះ ស្តាប់​មិន​ចូល​ត្រចៀក​របស់ថ្នាក់ដឹកនាំ​​ប្រទេស​បច្ចិមលោក​ទេ។ ដ្បិត​ថា​ ខាង​បច្ចិមប្រទេស​ នៅតែបន្ត​ចោទថា​ ប្រមុខរដ្ឋ​រុស្ស៊ី​កំពុងតែ​ចង់​កេង​ចំណេញ​ពេលវេលា ដើម្បីវាយ​សម្រុក​លើ​អ៊ុយក្រែន​។​  ​

ថ្នាក់ដឹកនាំ​ចិន​និងរុស្ស៊ី បាន​ប្រកាស​បង្ហាញ​ចំណង​មេត្រី​ភាព កាលពីថ្ងៃទី​២១ មីនា​ ​។​
ថ្នាក់ដឹកនាំ​ចិន​និងរុស្ស៊ី បាន​ប្រកាស​បង្ហាញ​ចំណង​មេត្រី​ភាព កាលពីថ្ងៃទី​២១ មីនា​ ​។​ AP - Vladimir Astapkovich
ផ្សាយពាណិជ្ជកម្ម

៤ថ្ងៃ​ក្រោយ​​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​ចិន​​​នៅ​រដ្ឋធាន​ម៉ូស្កូ លោក វ្ល៉ាឌីមៀរ ពូទីន បាន​បង្ហើរ​ប្រសាសន៍​តាម​ទូរទស្សន៍​រដ្ឋរុស្ស៊ី​ ក្នុង​សេចក្តីថា « ​យើង ចិន​និងរុស្ស៊ី ​សហការគ្នា​ក្នុង​វិស័យ​បច្ចេកវិទ្យា​យោធា ជាការ​ពិត យើង​គ្មាន​អ្វី​ត្រូវ​លាក់​បាំង​ឡើយ។ ក្នុង​រឿង​សហការគ្នា​នេះ​ អ្វីៗ​សុទ្ធតែ​មា​នតម្លាភាព​ច្បាស់​លាល់ និង​គ្មាន​ការ​សម្ងាត់​អ្វីទេ​»។ ប៉ុន្តែ ប្រមុខ​រដ្ឋ​រុស្ស៊ី លោក ​ពូទីន ​អះអាងថា រុស្ស៊ី​និង​ចិន​មិនមែនកំពុងតែបង្កើត«សម្ព័ន្ធមិត្តយោធា»ឡើយ។

ការ​គូស​បង្ហាញ​នេះ គឺ​ឆ្លើយ​តប​នឹង​ការ​សង្ស័យ​និង​ការ​ចោទប្រកាន់​របស់​ប្រទេស​ដទៃ​ ពិសេស​បច្ចិមប្រទេស​ ដោយហេតុថា ថ្នាក់ដឹកនាំ​ចិន​និងរុស្ស៊ី បាន​ប្រកាស​បង្ហាញ​ចំណង​មេត្រី​ភាព និង​បាន​ប្តេជ្ញាចិត្ត​រឹត​ចំណង​ទាក់ទង​កាន់​តែ​ខ្លាំង​​នៅក្នុង​វិស័យ​យោធា​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី​ជីន​ពីង ពីថ្ងៃទី​២១-២២មីនា​ កន្លងទៅ។​ ម្យ៉ាង​ទៀត ប្រទេស​ទាំង​២នេះ​ខិត​កៀក​ចូល​គ្នា កាន់តែ​ខ្លាំង​ នៅ​មុន​ពេល​និង​អំលុង​ពេល​ផ្ទុះ​សង្ក្រាម​លើ​​អ៊ុយក្រែន។ ពោល​គឺ​នៅ​ដើម​ឆ្នាំ​២០២២​ រុស្ស៊ី​និង​ចិន​ បាន​ចុះ​កិច្ចព្រមព្រៀង១ស្តីពី​«ដៃ​គូ​សហការ​គ្មា​នដែន​កំណត់»​។ ​មិន​តែប៉ុណ្ណោះ​ បច្ចិម​លោក​ក៏​បាន​សង្ស័យ​ដែរ ថា​ ចិន​ លួច​ជួយ​ផ្តល់​ជំនួយ​ខាង​យោធាឲ្យ​រុស្ស៊ី ​ដើម្បី​វាយ​សម្រុក​ច្បាំង​នៅ​អ៊ុយក្រែន ដែល​ចំណុច​នេះ ចិន​តែងតែ​អះអាង​បដិសេធ​ច្រាន​ចោល​ជាហូរហែ​​ ច្រើ​នលើកច្រើន​គ្រា​។

ហេតុ​ដូច្នេះ​ហើយ បើទោះបី​ជា​លោក វ្ល៉ាឌីមៀរ ពូទីន ប្រឹង​ប្រកាស​ពី​«តម្លាភាព»ក្តី ក៏​ប្រទេស​បច្ចិម​លោក​ហាក់​មិនជឿ និង​មិនទាន់​ស្តាប់​ចូល​ត្រចៀក​ឡើយ។ ពួក​គេ​ច្រាន​ចោល​ការ​លើកឡើង​របស់​លោកពូទីននៅថ្ងៃអាទិ​ត្យ​ និង​ចាត់ទុក​សម្តី​នេះ ថា​ជា«យុទ្ធសាស្ត្រ​ចង់​កេង​ចំណេញ​ពេល​វេលា ដើម្បី​នឹង​មាន​ឱកាស​ច្រើន​បង្កើន​ឥទ្ធិពល​កម្លាំង​កងទ័ព ឈ្លានពាន​អ៊ុយក្រេន​»។​

នៅ​អ៊ុយក្រែន ​​ពីថ្ងៃ​អាទិត្យ លោក​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ស្នើ​សុំ​ឲ្យ ក្រុម​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ គឺតំណាង៤​ប្រទេស​ បារាំង អង់គ្លេស ចិន​ និងអាមេរិក (ដក រុស្ស៊ី​ ចេញ​) ឲ្យ​កោះ​ប្រជុំ​ជាបន្ទាន់​។​ ត្រូវ​ប្រជុំ​ជាបន្ទាន់ គឺ​បន្ទាប់ពី​ប្រធានាធិបតីរុស្ស៊ី ប្រកាសពីថ្ងៃ​សៅរ៍​ថា នឹងដាក់​ពង្រាយ​អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ (នុយក្លេអ៊ែរ​តាក់ទិក) នៅលើទឹកដី​បេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ