អានតួអត្ថបទ

អ.ស.ប.៖ អ៊ុយក្រែន​និង​រុស្ស៊ី ​សុទ្ធតែ«​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ឈ្លើយ​សឹក​»ទាំងពីរខាង

ថ្ងៃ​សុក្រ​ ទី​២៤មីនា អង្គការសហប្រជាជាតិ ចោទប្រកាន់ទាំងខាងកងទ័ពរុស្ស៊ី និងទាំង​កងទ័ពអ៊ុយក្រែន ស្តីពីការសម្លាប់ឈ្លើយសឹក បំពាននឹងច្បាប់សិទ្ធិមនុស្ស។ ជាប្រតិកម្ម​ភ្លាមៗ អ្នកតំណាងអាជ្ញាធរសិទ្ធិមនុស្សអ៊ុយក្រែន​ បានបដិសេធច្រានចោលការ​ចោទប្រកាន់​បែប​នេះ ថា​«ទទួល​យក​មិនបាន​ទាល់តែសោះ» ហើយ​ចំណែក រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ​ថា គេ​មិនអាច និង​មិន​ត្រូវ​​ចាត់ទុក «ជន​រងគ្រោះ» និង«អ្នក​ឈ្លានពាន ជាជនល្មើស​»នោះ​ នៅក្នុង​កន្ត្រកតែមួយ​បានទេ​។ ​

ទាហាន​អ៊ុយក្រែន​ ដែល​ជា​ឈ្លើយ​សឹក។
ទាហាន​អ៊ុយក្រែន​ ដែល​ជា​ឈ្លើយ​សឹក។ via REUTERS - UKRAINIAN ARMED FORCES
ផ្សាយពាណិជ្ជកម្ម

ទាំង​រុស្ស៊ី​ទាំងអ៊ុយក្រែន​សុទ្ធតែ​ធ្វើបាប​ឈ្លើយ​សឹក​រៀងៗខ្លួន។​ ការ​ចង្អុរមុខ​ចោទប្រកាន់​​លើរុស្ស៊ី​និង​លើ​អ៊ុយក្រែន ពី​សំណាក់​​​អង្គការសហប្រជាជាតិនេះ​ គឺតាម​រយៈ​របាយការណ៍​របស់​គណៈកម្មាការ​ត្រួតពិនិត្យវាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំអ៊ុយក្រែន​។ នោះគឺជារបាយការណ៍​ស៊ើប​អង្កេត ចំនួន​ ៥ ដែល​បាន​ចុះ​​សាកសួរ​អតីត​ឈ្លើយ​សឹក​​​​ទាំង​រុស្ស៊ី​និងទាំង​អ៊ុយក្រែន ចំនួន​២២នាក់​ ហើយ​និង​បាន​ស្រង់​សម្តី​របស់​អតីត​ឈ្លើយ​សឹក​ផង។​

នៅថ្ងៃសុក្រ​ អ្នក​ស្រី ​Matilda Bogner នាយិកាបេសកម្ម​ត្រួតពិនិត្យ​សិទ្ធិមនុស្សនៃអង្គការ​សហប្រជាជាតិ​ប្រចាំ​អ៊ុយក្រែន បានបង្ហាញ​លទ្ធផល​អង្កេត និង​បាន​បញ្ជាក់​ពីក្តីព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​សម្លាប់​ឈ្លើយ​សិក​និងមនុស្ស​ក្រៅពី​​កន្លែង​ច្បាំង​គ្នា​ ចំនួន​ ២៥នាក់​ ក្នុង​នោះ​ ១៥ នាក់​ជា​ឈ្លើយសឹក ដែល​គេ​សម្លាប់​​ផ្តាច់ជីវិត​ នៅក្រៅសមរភូមិ។ គេ​គ្មាន​ដំណឹង​ពី​ការ​ប្តឹង​ផ្តល់​ចំពោះ​ឃាតករ​ ដើម្បី​រក​យុត្តិធម៌​ទាល់តែ​សោះ។​​

អង្គការសហប្រជាជាតិប្រចាំ​អ៊ុយក្រែន ក៏បាន​លើកឡើង​ដែរ ពី​បច្ចេកទេស​ធ្វើ​ទារុណកម្ម​ទៅលើ​ចំណាប់​ខ្មាំង​ ដែល​ អាជ្ញាធរ​អ៊ុយក្រែន បាន​ប្រើ​ទៅលើ​ឈ្លើយសឹក​រុស្ស៊ី​។ បច្ចេកទេសធ្វើទារុណកម្ម មានទាំងពីការ​គំរាម​សម្លាប់​ និង គំរាម​រំលោភភេទ​។ ឈ្លើយសឹក​រុស្ស៊ី​ម្នាក់​​ ផ្តល់​សាក្ខីកម្មថា ​នៅមុន​ពេល​សាកសួរ​ចម្លើយ គឺពួក​​អ៊ុយក្រែន​ បាន​បង្ហាញ​ពូថៅ​ប្រឡាក់​ឈាម ជាការ​បំបាក​ស្មារតី ហើយ​បាន​ធ្វើ​ទារុណកម្ម​និង​ឆក់ខ្សែភ្លើង​ទៀត​ផង។​

ចំណែក​ទាហាន​អ៊ុយក្រែន​ដែលត្រូវ​រុស្ស៊ី​ចាប់​បានវិញ​ ក៏​ផ្តល់​សាក្ខីកម្ម​ក្នុងរបាយការណ៍​ដែរ ថា​ពួក​​រុស្ស៊ី​ធ្វើ​ទារុណកម្មរាយកាយ​ បង្អត់​អាហារ និងមិន​ឲ្យ​​ថ្នាំ​សង្កូវព្យាបាល​ទេ ​​ហើយ​ទុក​ចោល​រហូត​ស្លាប់​ក៏មាន​។ ឈ្លើយសឹក​ជាតិ​អ៊ុយក្រែន​ខ្លះទៀត​ អះអាង​ថា បាន​ត្រូវ​ពួក​រុស្ស៊ី​ វាយ​បំបាក់​ឆ្អឹង​ជំនី បាក់ម្រាម​​ដៃ​ បាក់ខ្ទង់​ច្រមុះ​ ជាច្រើន​នាក់​ដែរ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ