អានតួអត្ថបទ
រថភ្លើងបុកគ្នា

រថភ្លើងបុកគ្នានៅក្រិក ស្លាប់មនុស្ស​យ៉ាង​តិច ៣៦នាក់

​រថភ្លើង​ពីរ​បុក​គ្នា បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច ៣៦នាក់ និង​របួស​ ៨៥ នាក់​។ ​ហេតុ​ការណ៍នេះ កើតឡើង​​នៅប្រទេស​ក្រិក យប់​កណ្តាលអធ្រាត្រ​​ថ្ងៃ​អង្គារ និងជា ​គ្រោះថ្នាក់​រថភ្លើង ដែល មានស្លាប់​មនុស្ស​អស់​ច្រើនបំផុត​ ​មិនធ្លាប់​ជួប​ទេ ក្នុង​រយៈ​ពេល​២៥ឆ្នាំចុងក្រោយ​នៅ​អឺរ៉ុប។ ​

រថភ្លើងបុកគ្នានៅក្រិក ស្លាប់មនុស្ស​យ៉ាង​តិច ៣៦នាក់​។
រថភ្លើងបុកគ្នានៅក្រិក ស្លាប់មនុស្ស​យ៉ាង​តិច ៣៦នាក់​។ AP - Vaggelis Kousioras
ផ្សាយពាណិជ្ជកម្ម

​រថភ្លើងមួយ​ ដឹកនាំអ្នក​ដំណើរ​ ៣៥០នាក់​ ​ ចេញពី​រដ្ឋធានី​អាថែន តម្រង់ទៅក្រុងជាប់មាត់សមុទ្រ​ តេសសាឡូនីក (Thessalonique)។ នៅពេល​ទៅដល់​រូង​ក្រោម​ដី​​មួយ ក្នុង​ក្រុង ឡារីស្សា​ (Larissa) ក៏​ស្រាប់​តែ​បុក​យ៉ាង​ពេញ​ទំហឹង​ជាមួយ​នឹង​រថភ្លើង​មួយ​ទៀត ជារថភ្លើង​ដឹកទំនិញ​ ដែល​បើក​បរ​ផ្លូវ​បញ្ជ្រាសគ្នា។ ​អ្នក​បើកបររថភ្លើង​ទាំងពីរ ​មិនដឹង​រៀងខ្លួន​ថា នៅពីមុខ​ មាន​រថភ្លើង​​កំពុង​តែបើក​លើ​ខ្សែផ្លូវ​ដែក​តែមួយទេ​​។ នេះបើតាម​អាជ្ញាធរក្រិក​នៅ​មូលដ្ឋាន​។

នៅនឹង​កន្លែងកើត​ហេតុ គេឃើញ​មាន ទូរថភ្លើង​ ៤ ដាច់របះចេញ​ពីគ្នា​។ ទូ ២​ ​បុកគ្នា និង​​ឆេះខ្ទេចខ្ទីរ ហើយ ទូ១ទៀតលោតខ្ទាត​ចម្ងា​យ​ ៩០ ម៉ែត្រ ពី​ផ្លូវ​ដែក​។​

ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់ ​១៥០នាក់ និង​ឡាន​សង្គ្រោះ​បន្ទាន់ ៤០ គ្រឿង បាន​ចុះទៅ​កន្លែង​កើត​ហេតុ​ និង​បាន​ឃើញ​មនុស្ស​ស្លាប់​យ៉ាង​ហោច ២៩ នាក់ ​នៅ​កន្លែង​កើត​តែម្តង ហើយ​ខ្លះ​ទៀត​ជាប់​គាំង​នៅក្នុង​ទូ​រថភ្លើង​។ អ្នក​នាំ​ពាក្យ​ក្រុម​សង្គ្រោះ​បន្ទាន់ ​បាន​ធ្វើ​សន្និសី​ទ​កាសែត​យ៉ាងខ្លីថា ៨៥ នាក់​របួស ហើយ​និង​បញ្ចូន​ទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ខណៈ​អ្នក​ដំណើរ​ផ្សេងទៀត​ ​ត្រូវ​បញ្ចូន​បន្ត​តាម​ឡាន​ក្រុង​ឆ្ពោះ​ទៅទិសដៅ​ធ្វើ​ដំណើរ​បន្តទៀត។

ជុំវិញ​មូលហេតុ​នៃគ្រោះថ្នាក់​រថភ្លើង​បុកគ្នា អាជ្ញាធរក្រិក​​ នៅមិនទាន់​បាន​បញ្ជាក់​ថា ​ហេតុការណ៍​គ្រោះថ្នាក់​​នេះ បណ្តាល​​ពី​​មូលហេតុអ្វី​ឲ្យ​ច្បាស់​​ទេ។ នៅ​ពេល​នេះ នគរបាល​ក្រិក​និង​សមត្ថកិច្ច​ជំនាញ កំពុង​បើក​សំណុំ​រឿង​ស៊ើប​អង្កេត ដើម្បី​យល់​ពី​គ្រោះថ្នាក់ ​និង ​រកមើល​មូលហេតុពិត​នៃ​សោកនាដកម្ម។ នេះបើតាម​នាយក​គ្រប់​គ្រង​រថភ្លើង​នៅមូលដ្ឋាន​។​

នៅថ្ងៃ​ពុធ រដ្ឋមន្ត្រីសុខាភិបាលក្រិក​ ​ ​បាន​ចុះទៅផ្ទាល់​នៅ​កន្លែង​កើតហេតុ ខណៈ​ពេល​​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​កោះប្រជុំ​ជា​បន្ទាន់​ ដើម្បី​ដោះស្រាយ​វិបត្តិ​។​​

នៅក្រិក កាលពី​៥១ឆ្នាំមុន​ ​​ក្នុង​ក្រុងឡារីស្សា​ដដែល​នេះ ក៏មាន​ ​រថភ្លើង ២​​​​ បុក​គ្នាម្តង​រួច​ហើយ​ដែរ ​។ កាលនោះ ​​ស្លាប់​មនុស្ស​ ១៩ នាក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ