អានតួអត្ថបទ
គ្រោះថ្នាក់​រញ្ជួយដី

ប្រមុខ​ការទូត​អាមេរិក ទៅ​ តួកគី ជាលើក​ដំបូង ក្រោយឡើង​កាន់តំណែង​​ក្រសួង​ការបរទេស​ ២ ឆ្នាំ

បន្ទាប់ពី​សន្និសីទ​សន្តិសុខនៅអាល្លឺម៉ង់ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​តួកគី ប៉ែក​កើត​ប្រទេស នៅ​​ថ្ងៃអាទិត្យ ហើយ​និង​បន្តជួប​ជាមួយ​ប្រធានាធិបតីតួកគី  អ៊ែរដូហ្កាន នៅថ្ងៃ​ច័ន្ទ។ នេះ​គឺជា​ដំណើរ​ទស្សនកិច្ចផ្លូវការ​ជាលើក​ទី១ បន្ទាប់ពី​លោក អង់តូនី ប្ល៊ីងកិន ឡើងកាន់តំណែងរដ្ឋមន្ត្រី​ក្រសួងការបរទេសអាមេរិក​ ២ ឆ្នាំមក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​លើកនេះ សហរដ្ឋ​អាមេរិក​ប្រកាស​ផ្តល់​ជំនួយ​ដល់​ តួកគី ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី ស្លាប់មនុស្ស ជាង ៤ ម៉ឺននាក់។​​ ក៏ប៉ុន្តែ នៅ​មា​នសំណុំ​រឿងជា​ច្រើន​​ទៀត ទាំងពហុភាគី និង​​ទ្វេភាគី ដែល ថ្នាក់ដឹកនាំ​ទាំងពីរប្រទេស​ ​ត្រូវ​គិតគូរ។  

ប្រមុខ​ការទូត​អាមេរិក ទៅ​ តួកគី ជាលើក​ដំបូង។
ប្រមុខ​ការទូត​អាមេរិក ទៅ​ តួកគី ជាលើក​ដំបូង។ REUTERS - CLODAGH KILCOYNE
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ​ចុះ​ចត​នៅ​ទឹកដី​តួកគីភ្លាម រដ្ឋមន្រ្តីក្រសួងការបរទេស បាន​ស្កាត់​ទៅ​​ជួប​នឹង​ក្រុម​សង្គ្រោះ​អាមេរិក​។ សហរដ្ឋអាមេរិក បាន​បញ្ជូនក្រុម​​អ្នក​សង្គ្រោះ ប្រមាណ​ ២០០នាក់ និង យន្តហោះ​កន្ទុំ​រុយយោធា​ (ឧទ្ធម្ភាគចក្រ​) ច្រើន​គ្រឿង ដើម្បី​ជួយ​ស្រោចស្រង់​អាយុជីវិត​មនុស្ស ដែល​រងគ្រោះរញ្ជួយដី។ គ្រោះថ្នាក់​រញ្ជួយដី កើតឡើង​​កាលពី​ថ្ងៃ​ ៦កុម្ភៈ ២សប្តាហ៍​មុន​។​

ទន្ទឹម​នឹងគ្នា​នេះ  លោក អង់តូនី ប្ល៊ីងកិន ​បាន​ប្រកាស​ផ្តល់​​​​ជំនួយ​ ជាទឹកប្រាក់​ចំនួន​ ១០០លានដុល្លារ ​បន្ថែម​ទៀត សម្រាប់​បំពេញ​តម្រូវការ​ជនរងគ្រោះរញ្ជួយ​ដី​។ ​ ប្រមុខ​ការ​ទូត​អាមេរិក ក៏​នឹង​​ជួប​សំណេះ​សំណាល់​ជាមួយ​​ប្រមុខ​រដ្ឋ​តួកគីរេសេប តាយីប អ៊ែរដូហ្កាន នៅថ្ងៃ​ច័ន្ទ។

សូម​ជ្រាប​ថា ប្រទេស​ទាំងពីរ អាមេរិក និង​តួកគី មើល​មុខ​គ្នា​មិនចំ​ មិនត្រង់​ទេ។ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិន ធ្លាប់​បាន​ថ្កោលទោសប្រធានាធិបតីតួកគី ថា កាន់អំណាច​ផ្តាច់​ការ និងថា​ តួកគី ​ចងសម្ព័ន្ធភាព​ស្និទ្ធ​ស្នាល់ខ្លាំង​​នឹង​ រុស្ស៊ី ដែល​ជា​គូ​សត្រូវ​នឹង​អាមេរិក។ ដូច្នេះ អាមេរិក ត្រូវ​នៅឆ្ងាយ​ពីតួកគី។

នៅពេល​ក្រោយ​មក គឺ វិបត្តិ​នៃ​​សង្គ្រាម​អ៊ុយក្រែន បាន​កែ​ប្រែ​ការ​យល់ឃើញ​របស់​អាមេរិក គឺនៅ​ត្រង់ថា ដោយសារតែ​ថ្នាក់ដឹកនាំ​ តួកគី បាន​ជួយ​អន្តរាគមន៍​ ទើប​អាចធ្វើ​​ឲ្យ អង្គការ​សហប្រជាជាតិ នាំ​ស្បៀង​អាហារ​និងគ្រាប់​ធញ្ញជាតិ ចេញពី​កំពង់ផែ​ អ៊ុយក្រែន​ និង ​កំពង់ផែ​ ​រុស្ស៊ី ។​ ជា​ការ​តប​ស្នង រដ្ឋបាល​អាមេរិក បាន​ជួយ​សម្រួលឲ្យ តួកគី ទិញ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​របស់ខ្លួន ប្រភេទ F16 ។​ ក៏ប៉ុន្តែ សំណើទិញនេះ ត្រូវ ​សភា​អាមេរិក បដិសេធ​ជំទាស់ ព្រោះតែ​ព្រួយ​បារម្ភ​​​ពី​បញ្ហា​សិទ្ធិម​នុស្ស​នៅ​តួកគី និង​ជម្លោះ​នៅព្រំដែន​ជាមួយ​ ក្រិច។

អាស្រ័យ​ហេតុនេះ ដំណើរ​ទស្សនកិច្ច របស់​ លោក អង់តូនី ប្ល៊ីងកិន ទៅ តួកគី លើកនេះ គឺ ​មួយ​ចំណែក ដើម្បី​​ផ្សះផ្សារបួស​អធិករណ៍​ចាស់ៗខ្លះ រវាង សហរដ្ឋ​អាមេរិក ​ជាមួយ ​តួកគី ហើយ​និងមួយ​ចំណែកទៀត គឺដើម្បី​ធ្វើ​ជា​អន្តរការី​​សម្រួល​ទំនាក់ទំនង​ តួកគី​ និង ក្រិច។ ក្រិច ជាប្រទេស​ដែល​ប្រមុខ​រដ្ឋអាមេរិក នឹង​បន្ត​ដំណើរ នៅ​ល្ងាច​ថ្ងៃច័ន្ទ និង​ថ្ងៃអង្គារ។

តាំង​តែ​ពីថ្ងៃ​ព្រហស្បតិ៍ មកម្ល៉េះ ដែល នាយករដ្ឋមន្ត្រីក្រិច បាន​លើកឡើង​ថា គ្រោះ​រញ្ជួយ​ដី​នៅ​ព្រំដែន​តួកគីនិងស៊ីរី ជា​ឱកាស​មួយ​ដែល​អាចឲ្យ​​ រដ្ឋធានីអាថែន និង ​អង់ការ៉ា ផ្សាភ្ជាប់ទាក់ទង​នឹងគ្នា​ឡើងវិញ។ សូម​ជ្រាប​ដែរ ថា ​តាំងពី​ថ្ងៃ​​គ្រោះ​រញ្ជួយ​ដី​ដំបូង​ម្ល៉េះ ដែល​ ក្រិច​ បោះដៃ​ផ្តល់​ជំនួយ​សង្គ្រោះ​ដល់​​ តួកគី មុន​គេ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ