អានតួអត្ថបទ
សង្រ្គាម-អ្នកកាសែត

RSF៖ ក្នុង​រយៈពេល ២០ឆ្នាំ អ្នកកាសែតជិត​១៧០០នាក់ នៅក្នុងពិភពលោក ត្រូវគេ​សម្លាប់

ចុះផ្សាយ​នៅថ្ងៃ​សុក្រ ទី ៣០​ធ្នូ នេះ របាយការណ៍បូកសរុប​របស់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន បាន​បង្ហាញ​ថា អ្នកកាសែត​ជិត ១៧០០នាក់ នៅក្នុង​ពិភពលោក​ត្រូវ​គេ​សម្លាប់ នៅ​ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ ៨០%​នៃ​អ្នកកាសែត​ដែលត្រូវ​គេ​សម្លាប់ នៅ ២ទសវត្សរ៍មកនេះ ប្រមូលផ្តុំតែ​នៅក្នុង​ប្រទេស​ចំនួន ១៥ នៅក្នុង​ពិភពលោក។ ដោយសារ​សង្រ្គាម និងជម្លោះប្រដាប់អាវុធ ស៊ីរី និង​អ៊ីរ៉ាក់​នាំមុខ​គេ ក្នុងនាមជា​តំបន់​ដ៏គ្រោះថ្នាក់ សម្រាប់​អ្នកកាសែត។

អ្នកកាសែត​នៅ​ឃ្លាំងស្តុកស្បៀង​អ៊ុយ​ក្រែន ដែលរងការបំផ្លាញ​ដោយសារ​មីស៊ីល​របស់​រុស្ស៊ី នៅខែមីនា ឆ្នាំ ២០២២
អ្នកកាសែត​នៅ​ឃ្លាំងស្តុកស្បៀង​អ៊ុយ​ក្រែន ដែលរងការបំផ្លាញ​ដោយសារ​មីស៊ីល​របស់​រុស្ស៊ី នៅខែមីនា ឆ្នាំ ២០២២ AP - Rodrigo Abd
ផ្សាយពាណិជ្ជកម្ម

ក្នុងរយៈពេល ២០ឆ្នាំ គិត​ចាប់តាំង​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០២២ អ្នកកាសែត​ចំនួន ១៦៦៨នាក់​ត្រូវ​គេ​សម្លាប់ នៅក្នុងពេល​កំពុង​បំពេញការងារ​របស់ខ្លួន ពោល​គឺ​ប្រមាណ ៨០នាក់ ក្នុងមួយឆ្នាំ។ តាម​របាយការណ៍​បូកសរុប​របស់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន ហៅកាត់ជា​ភាសា​បារាំង RSF អ្នកកាសែត​រងគ្រោះ​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម ការសម្លាប់​ជំរះបញ្ជី ការលួចវាយប្រហារ សង្រ្គាម ជម្លោះប្រដាប់អាវុធ។

ឆ្នាំ​២០១២ និង​ឆ្នាំ ២០១៣ ជា​ឆ្នាំ​ខ្មៅដ៏ងងឹត​សម្រាប់​អ្នកកាសែត ជាមួយ​ចំនួន​អ្នកកាសែត​ត្រូវគេសម្លាប់ ១៤៤នាក់ នៅ​ឆ្នាំ ២០១២ និង​១៤២​នៅ​ឆ្នាំ ២០១៣។ តាម​ការពន្យល់​របស់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន ការផ្ទុះ​សង្រ្គាម នៅ​ស៊ីរី ជា​ហេតុផល​ចំបង ដែល​ធ្វើ​ឲ្យ​មាន​ចំនួន​អ្នកកាសែត​ស្លាប់​ច្រើន​បែបនេះ។

សង្រ្គាម និងជម្លោះប្រដាប់អាវុធ ក៏ជាមូលហេតុ​ធ្វើ​ឲ្យ​ស៊ីរី និង​អ៊ីរ៉ាក់​ជាប់ចំណាត់ថ្នាក់​លើគេ ក្នុងនាមជា​ប្រទេស​ដ៏គ្រោះថ្នាក់​សម្រាប់​អ្នកកាសែត។ ចំនួន​អ្នកកាសែត​ដែលត្រូវ​គេ​សម្លាប់ នៅក្នុង​ប្រទេស​ទាំងពីរ មានចំនួន​៥៧៨នាក់ ស្មើនឹង​មួយភាគបី នៃ​អ្នកកាសែតសរុប ​ដែលត្រូវគេ​សម្លាប់ នៅក្នុង​ពិភពលោក។ ម៉ិចស៊ិក ជាប់ចំណាត់ថ្នាក់​ទី៣ ដោយ​មានអ្នកកាសែត​ត្រូវ​គេ​សម្លាប់ ចំនួន ១២៥នាក់ ចំណែក​ហ្វីលីពីន​ជាប់ចំណាត់ថ្នាក់​ទី ៤ នាំមុខ​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន។

តាម​របាយការណ៍​របស់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន បន្ទាប់ពី​ធូរស្រាល ល្អប្រសើរ ចាប់តាំង​ពី​ឆ្នាំ ២០១៩ ចំនួន​អ្នកកាសែត​ដែលត្រូវ​គេ​សម្លាប់ ក៏ចាប់កើនឡើង​វិញ នៅ​ឆ្នាំ ២០២២ ដោយសារ​សង្រ្គាម​អ៊ុយក្រែន ជាទីដែល អ្នកកាសែត ៨នាក់ ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង ការបំផ្ទុះគ្រាប់ ចាប់តាំង​ពីការធ្វើសង្រ្គាម​ឈ្លានពាន​របស់រុស្ស៊ី នៅ ចុងខែ​កុម្ភៈ។ សង្រ្គាម​ធ្វើ​ឲ្យ​អ៊ុយក្រែន​ជាប់ចំណាត់ថ្នាក់​ទី ២ នៅក្នុងចំណោមប្រទេស​នៅអឺរ៉ុប នៅពីក្រោយ​រុស្ស៊ី។ តាម​របាយការណ៍​របស់​អង្គការ​RSF រុស្ស៊ី នៅក្រោមអំណាចដឹកនាំ​របស់លោក​ពូទីន បានផ្តើម​យុទ្ធនាការ​រឹតត្បិត​សិទ្ធិសេរីភាព​សារព័ត៌មាន ប្រឆាំង​អ្នកកាសែតប្រឆាំង។

សម្រាប់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន ជាការពិត អ្នកកាសែត​ប្រឈម​ខ្លាំង​នឹង​គ្រោះថ្នាក់​បាត់បង់ជីវិត នៅក្នុង​ពេលចុះ​យកព័ត៌មាន​នៅតាម​តំបន់​ដែល​មានសង្រ្គាម ជម្លោះប្រដាប់អាវុធ។ ប៉ុន្តែ ប្រទេស​ដែល​គ្មាន​សង្រ្គាម ក៏មិនមែន​ជា​កន្លែង​សុខ​សុវត្ថិភាព សម្រាប់​អ្នកកាសែត​ដែរ។ ជាក់ស្តែង អ្នកកាសែត នៅ​ម៉ិកស៊ិក ប្រេស៊ីល កូឡុំប៊ី និង​ហុងឌុយរ៉ាស ជាដើម ត្រូវ​គេ​លួចធ្វើឃាត ច្រើន ដោយសារ​តែអត្ថបទ​ស៊ើបអង្កេត​របស់ពួកគេ​ទាក់ទង​នឹង​រឿងពុករលួយ ឬ​ក្រុមឧក្រិដ្ឋ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស។ ជារួម ទ្វីបអាមេរិក ដែល​គ្មាន​សង្រ្គាមស៊ីវិលសោះ បានក្លាយ​ជា​តំបន់​ដ៏គ្រោះថ្នាក់ មាន​ចំនួនអ្នកកាសែត​ត្រូវគេ​សម្លាប់ ច្រើនជាង​នៅតំបន់​ដែលជួបសង្រ្គាមទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ