អានតួអត្ថបទ
វិសមភាព​សង្គម

Oxfam ​រិះគន់ភាព​អសកម្ម​របស់​​រដ្ឋាភិបាល​លើ​ពិភពលោក ក្នុងការ​លុបបំបាត់​វិសមភាពសង្គម

នៅក្នុងរបាយការណ៍​ចេញផ្សាយ នា​ថ្ងៃ​អង្គារ​ទី ១១ តុលា ២០២២​នេះ អង្គការOxfam បាន​បរិហារភាព​អសកម្ម​របស់​បណ្តា​រដ្ឋាភិបាល​នៅលើ​ពិភពលោក ក្នុង​ការ​លុប​បំបាត់​​វិសមភាព។ តាំង​ពី​ផ្ទុះ​វិបត្តិ​កូវីដ​មក វិសមភាព​សង្គម​មាន​កាន់​តែធ្ងន់ធ្ងរ។​ អ្នក​ក្រីក្រ និង​ទន់​ខ្សោយ​ខ្លាំង ​រង​គ្រោះ​ខ្លាំង​​ជា​ពិសេសជាង​គេ ប្រឈម​នឹង​ជំងឺ​ផង និង​បញ្ហា​ថវិកា​ផង។

Oxfam ចេញ​របាយការណ៍ស្តីពី​វិសមភាព​សង្គម នៅលើ​ពិភពលោក ​ជា​រៀង​រាល់​ពីរ​ឆ្នាំម្តង
Oxfam ចេញ​របាយការណ៍ស្តីពី​វិសមភាព​សង្គម នៅលើ​ពិភពលោក ​ជា​រៀង​រាល់​ពីរ​ឆ្នាំម្តង oxfamfrance.org
ផ្សាយពាណិជ្ជកម្ម

ចេញ​ផ្សាយ​ជា​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង របាយការណ៍​វាស់​វែង​សកម្មភាព​លុប​បំបាត់​វិសមភាព​សង្គម​ ប្រចាំ​ឆ្នាំ​២០២២ បាន​បង្ហាញ​​ឱ្យ​ឃើញ​យ៉ាង​ច្បាស់ថា រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​ច្រើន​នៅលើពិភពលោក មិន​បាន​ចាត់​វិធានការ​ហ្មត់ចត់​ ទ្រង់ទ្រាយ​ធំ ដើម្បី​កាត់​បន្ថយ​វិសមភាព​សង្គម​ទេ។ ​កាន់​តែអាក្រក់​បំផុត​ទៅ​ទៀត ដោយហេតុ​មាន​ជំងឹ​រាតត្បាត​សកល​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​ប្រទះ​ក្នុង​សតវត្សរ៍​​នេះ ប្រទេស​ក្រីក្រ​និង​មាន​ចំណូល​មធ្យម​ចំនួន​ពាក់​កណ្តាល​ កាត់​បន្ថយ​ចំណាយ​សាធារណៈ​ផ្នែក​សុខភាព​ ក្នុងពេល​កំពុង​មាន​វិបត្តិកូវីដ និង​កាត់​បន្ថយ​៧០%​ចំណាយ​ក្នុង​វិស័យ​អប់រំ។ នេះ​បើ​តាម​ការលម្អិត​បន្ថែម​ក្នុង​របាយការណ៍​របស់​អង្គការ​Oxfamដដែល ដែល​ព្រមាន​ថា​វិសមភាព​នឹង​ជំរុញ​ឱ្យ​មនុស្ស​ចំនួន ២៦៣​លាន​នាក់​បន្ថែម​ទៀត​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​ នៅ​ដំណាច់​ឆ្នាំ។​

ជាង​នេះទៅ​ទៀត បើ​ទោះ​បី​ប្រទេស​បាន​ទទួល​ចំណូល​ពន្ធដារ​ទាប​ជាង​ធម្មតា ហើយ​ក្រុម​អ្នកមាន និង​ក្រុមហ៊ុន​ធំៗ ​កើន​ប្រាក់​កាន់​តែ​ខ្លាំង ប្រទេស​ចំនួន​១៤៣​ក្នុង​ចំណោម​១៦១​នៅ​ប្រទេស​នៅ​លើ​ពិភពលោក មិន​បាន​បង្កើន​ការ​ទារ​ពន្ធ​ពី​ក្រុម​អ្នកមាន​ខ្លាំង​ទេ។ ១១​ប្រទេស​បាន​ថែម​ទាំង​បន្ថយ​ពន្ធ​ឱ្យ​អ្នក​មាន​ផង។

ដោយ​គ្មានការ​ភ្ញាក់ផ្អើល បើ​តាម​​Oxfam ក្រុមប្រទេសជឿនលឿន​​​ដែល​មាន​មធ្យោបាយនយោបាយ​សាធារណៈ​ច្រើនក្នុង​ការ​លុប​បំបាត់​វិសមភាព ជាប់​ចំណាត់ខ្ពស់​ៗ នាំ​មុខ​គេ​បង្អស់​ដោយ ​ន័រវែស ​និង​បន្ត​ដោយ​អូស្តា្រលី ប៊ែលហ្សិក និង​កាណាដា។ បារាំង​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ពី​លេខ​៥​ទៅ​លេខ​១២  ដោយមក​ពី​បន្ថយ​ពន្ធ​ពី​ក្រុម​ហ៊ុន​និ​ងអ្នក​មាន តាំងពី​ឆ្នាំ​២០១៩មក។ ចំណែកក្រុមប្រទេស​ក្រីក្រ​កំពុងអភិវឌ្ឍ ដែល​កំពុង​មាន​ជម្លោះ​ប្រដាប់​អាវុធ ឬ​អស្ថិរភាព​នយោបាយ​ ជា​សិស្ស​អាក្រក់​ជាង​គេ ដោយ​មាន​ស៊ូដង់ខាង​ត្បូង​ជាប់​លេខ​ចុង​ប៉ូច​បំផុត ពីក្រោយ​ប្រទេស​នីហ្សេរីយ៉ា។ សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​វិសមភាព​បាន​ធ្លាក់​ចុះ​ជា​គំហុក ក្នុង​១៨ប្រទេស​ ព្រមទាំង​ក្នុង​ដែន​ដី​មួយ​ចំនួន​ ជាក់ស្តែង​គឺ​ហុងកុង។ តែ​​​ប្រទេសមាន​ប្រាក់​ចំណូល​ទាប ដូចយ៉ាង​តាដជីគីស្ថាន និង​ប្រទេស​មាន​ចំណូល​មធ្យម​បួន ​មាន​សកម្មភាព​ប្រសើរ​ឡើង​ក្នុង​កាត់​បន្ថយ​គម្លាត​សង្គម។

អង្គការ​ក្រៅរដ្ឋាភិបាល Oxfam បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តើម​សកម្មភាព​ជា​បន្ទាន់ បើ​មិន​ចង់​ខាត​បង់​នូវ​អ្វី​បាន​ប្រឹងប្រែង​ជាង​១០​ឆ្នាំ​កន្លង​មក ដោយ​ត្រូវ​បង្កើន​ចំណាយ​សាធារណៈសង្គម ដំឡើងពន្ធ​ពី​អ្នក​មាន ការពារ​សិទ្ធិ​របស់​ពលករ​និង​ធានា​ផ្តល់​ប្រាក់​ខែ​ដែល​អនុញ្ញាត​ឱ្យ​ពួកគេ​បាន​រស់​សមរម្យ លើ​បន្ទាត់​នៃ​ភាព​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ