អានតួអត្ថបទ

សង្គ្រាមអ៊ុយក្រែន៖សហគមអន្តរជាតិថ្កោសទោសរុស្ស៊ីថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍

ក្រោយ​រុស្ស៊ី​ដកទ័ពពី​​រដ្ឋធានី​កៀវ​ កាល​ពីថ្ងៃ​សៅរ៍​, នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ សហគម​អន្តរជាតិនិង​ប្រទេស​មហាអំណាច​ជាច្រើន​ បាន​ចេញ​មុខ​​ថ្កោសទោស​អំពើ​ឃោរឃៅ​ និង​ថា ​រុស្ស៊ី​​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ដែលត្រូវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់​ទោស​។​ ប្រតិកម្ម​របស់​សហគម​អន្តរជាតិ បាន​​ធ្លាក់​មក​ជាបន្តបន្ទាប់ គឺក្រោយ​ពីបាន​ឃើញ​រូបភាព​​ដ៏​ឃោរឃៅ និង​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​អាណោចអាធម្ម នៅ​តំបន់​ដែល​រុស្ស៊ី​ដកជម្លៀស​កងទ័ព​ចេញ​។

សង្គ្រាមអ៊ុយក្រែន៖សហគមអន្តរជាតិថ្កោសទោសរុស្ស៊ីក្នុង​បទប្រព្រឹត្តអំពើប្រល័យពូជសាសន៍
សង្គ្រាមអ៊ុយក្រែន៖សហគមអន្តរជាតិថ្កោសទោសរុស្ស៊ីក្នុង​បទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ REUTERS - ZOHRA BENSEMRA
ផ្សាយពាណិជ្ជកម្ម

«ប៊ូតឆា» ជាក្រុង​មួយ​ជិត​នឹងក្រុង​កៀវ ដែល​ទ័ព​រុស្ស៊ី​បាន​ដកថយ​ចេញ និង​ក្រុង​មួយ​ចំនួន​ទៀត​នៅប៉ែក​ខាងជើង​អ៊ុយក្រែន​។ គឺនៅ​ទីនេះ​ហើយ  តាមរូប​ថត​របស់​អ្ន​កកាសែត ​គេឃើញ មនុស្សដេក​​ស្លាប់​​រាយបាយ​តាម​ដង​ផ្លូវ។​ ចំពោះ​អ៊ុយក្រែន ជាភាគី​ជម្លោះ ប្រធានាធិបតី​ Volodymyr Zelensky ចោទប្រកាន់​ដោយ​ពេញៗមាត់​តែម្តង​ថា រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ​មកលើ​ពលរដ្ឋ​អ៊ុយក្រែន។ ថ្លែង​ប្រាប់​ទូរទស្សន៍​អាមេរិកាំង CBS ប្រមុខ​រដ្ឋអ៊ុយក្រែន  Zelensky ថា ​​ប្រជាជនក្នុង​ប្រទេសគាត់​ ​មាន​សញ្ជាតិ​ចម្រុះជាតិ​សាសន៍ ​ដល់​ជាង​១០០សញ្ជាតិ  ដូច្នេះ ការ​កាប់​​សម្លាប់​របស់​រុស្ស៊ី គឺជាការ​កម្ទេច​ស្ទើរតែ​​គ្រប់​ជាតិ​សាសន៍​លើពិភព​​លោក។ នេះជា​អំពើ​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍​។​

ចំពោះ​អង់គ្លេស ឃាតកម្ម​ប្រព្រឹត្តិ​ដោយ​យោធារុស្ស៊ីនេះ​ គឺ​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស Liz Truss ​បាន​ទាមទារ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើក​ការ​ស៊ើប​អង្កេត​ចំពោះ​បទ​ល្មើ​សឧ​ក្រិដ្ឋកម្ម​សង្គ្រាម។​ ស្រដៀងគ្នានេះដែរ រដ្ឋមន្ត្រីការ​បរទេស​អាមេរិក Antony Blinken បាន​ហៅ​អំពើ​របស់​ទ័ព​រុស្ស៊ី​នៅ​អ៊ុយក្រែនថា​ជា​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​  និងអាច​ថា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ផង​។

ប្រមុខ​ការទូត​បារាំង លោក Jean-Yves Le Drian ថាបារាំង​ក្នុង​វេន​ជា​ប្រធាន​សហភាព​អឺរ៉ុប ​នឹង​ធ្វើ​ការ​ជាមួយ​ដៃ​គូប្រទេស​ជាមិត្ត របស់​អឺរ៉ុប​, សហការ​ប្រទេសសេដ្ឋកិច្ច​ជឿនលឿន​ទាំង​៧, សហការជាមួយ​​អាជ្ញាធរអ៊ុយក្រែន និង​តុលាការ​អន្តរជាតិ ជាពិសេស​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ដើម្បី​កុំ​ឲ្យ​មាន​នីទ្ទណ្ឌភាព ហើយ​ជនប្រព្រឹត្ត​ល្មើស​ត្រូវ​កាត់ទោស​និង​ផ្តន្ទាទោស​។  បន្ថែម​លើ​រដ្ឋមន្ត្រីរបស់ខ្លួន ​​ប្រធានាធិបតី​បារាំង ​ Emmanuel Macron ដែល​បាន​ឃើញ​រូប​ភាព​ដ៏​តក់​ស្លត់ គឺថា​ មិន​អាច​ទទួល​យក​បាន និង​ថែមទាំង​បាន​បញ្ជាក់ថា រដ្ឋអំណាច​រុស្ស៊ី​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះបទល្មើស​ឧក្រិដ្ឋ​ដែល​ខ្លួន​ប្រព្រឹត្ត។​

ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុបលោក Charles Michel ​ បរិហារ​ពីភាពឃោរឃៅ​របស់​រុ​ស្ស៊ី​ ដោយ​​សរសេរ​លើ​ទ្វីតធ័រ​ថា លោក​រន្ធត់​តក់ស្លុត​​ចំពោះរូបភាព​ដ៏​ឃោរឃៅ​ដែល​ទាហាន​រុស្សី​បាន​បង្កឡើង​ និងថា សហភាព​អឺរ៉ុប​ និង​អង្គការ​សង្គម​ស៊ីវិល នឹង​ប្រមូល​ភស្តុតាង​ដាក់​ប្តឹង​រុស្ស៊ី​ទៅ​តុលាការ​អន្តរជាតិ។

រីឯអគ្គ​លេខាធិការ​អង្គការ​សម្ព័ន្ធ​មិត្ត​អូតង់ លោក Jens Stoltenberg វាយតម្លៃថា ទង្វើ​ឃោរឃៅ​នេះ មិនដែល​កើត​មាន​នៅ​អឺរ៉ុប​ឡើយ​នា​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​។  តាម​មន្ត្រី​ជាន់​ខ្ពស់អូតង់​រូបនេះ យោធារុស្ស៊ី​យក​ពលរដ្ឋ​ស៊ីវិល​ជា​ផ្ទាំង​ស៊ីប គឺ​ មិន​អាច​ទទួល​យក​បាន​ឡើយ​។​ សង្គ្រាម​ដ៏​ព្រៃផ្សៃ​នេះ​ត្រូវ​តែ​បញ្ចប់។​

ចំណែក អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ (Olaf Scholz) ថា យើងត្រូវតែរកពន្លឺយុត្តិធម៌ចំពោះ​ឧក្រិដ្ឋប្រព្រឹត្តដោយយោធារុស្ស៊ី៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ