អានតួអត្ថបទ
សង្គ្រាមអ៊ុយក្រែន

រុស្ស៊ី​ចោទ​អ៊ុយក្រែន ថា​បាន​បាញ់​មីស៊ីល កម្ទេច​ស្ថានីយ៍​ស្តុកប្រេង ក្នុង​ទឹកដី​​រុស្ស៊ី

កាលពី​ព្រឹកថ្ងៃសុក្រ ទី​១មេសា រុស្ស៊ីបានចោទថាកងទ័ពអ៊ុយក្រែន បានប្រើឧត្ថម្ភាគចក្រ បាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើ​ស្ថានីយ៍ស្តុកប្រេងមួយនៅក្នុងទឹកដីរុស្ស៊ី។ រុស្ស៊ីអះអាងថាទង្វើរបស់អ៊ុយក្រែននេះ នឹងជះផលអាក្រក់ ទៅលើដំណើរការចរចាគ្នា រវាងអ៊ុយក្រែន និង​រុស្ស៊ីជាក់ជាមិនខាន។​ តែយ៉ាងណា រហូតដល់ល្ងាចថ្ងៃសុក្រ ភាគីអ៊ុយក្រែន បាន​បដិសេធមិនធ្វើអត្ថាធិប្បាយ​ ប្រកែក ឬទទួលស្គាល់ ថាខ្លួន​បាន​វាយប្រហារនៅលើទឹកដីរុស្ស៊ី ពិតមែន​នោះទេ។

រូបថត​ផ្សព្វផ្សាយ ​ដោយ​ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ​រុស្ស៊ី ថ្ងៃទី​១មេសា ២០២២ បង្ហាញ​ឲ្យ​ឃើញ​ស្ថានីយ៍ស្តុកប្រេង នៅក្រុង Belgorod ត្រូវអគ្គីភ័យឆាបឆេះ។​
រូបថត​ផ្សព្វផ្សាយ ​ដោយ​ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ​រុស្ស៊ី ថ្ងៃទី​១មេសា ២០២២ បង្ហាញ​ឲ្យ​ឃើញ​ស្ថានីយ៍ស្តុកប្រេង នៅក្រុង Belgorod ត្រូវអគ្គីភ័យឆាបឆេះ។​ AP
ផ្សាយពាណិជ្ជកម្ម

ទីស្តាំងស្តុកប្រេងឥន្ទនៈមួយកន្លែង នៅទីក្រុង Belgorod ដែលស្ថិតនៅចំងាយ​ប៉ុន្មាន​ ៤០គីឡូម៉ែត្រ ពី​ព្រំដែនអ៊ុយក្រែន ត្រូវបាន​អគ្គីភ័យឆាបឆេះ នៅវេលាម៉ោង៦ទៀបភ្លឺ ថ្ងៃសុក្រ ទី​១មេសា។ អគ្គីភ័យនេះ បានបង្កឡើងដោយ​គ្រាប់មីស៊ីល ជាច្រើនគ្រាប់ បាញ់ចេញពី​ឧត្ថម្ភាគចក្រចំនួន​២គ្រឿង ដែលរុស្ស៊ីចោទថា ជារបស់​កងទ័ពអ៊ុយក្រែន។ នេះបើផ្អែកតាម​ការ​បង្ហោះសារ នៅលើតេឡេក្រាម របស់​លោកអភិបាល​តំបន់នេះ។

នៅក្នុងសារមួយទៀត បាន​សរសេរថា ហេតុការណ៍នេះ បានបង្កឲ្យ​បុគ្គលិកស្ថានីយ៍ស្តុកប្រេងឥន្ធនៈចំនួន​២នាក់ រងរបួស។ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ​រុស្ស៊ី បាន​បង្ហោះផ្សាយ​វីដេអូ ក្រុមពន្លត់អគ្គីភ័យ មានគ្នា​ប្រមាណ​១៧០នាក់ កំពុងព្យាយាម ពន្លត់ភ្លើង​យ៉ាងលំបាកលំបាក។ ដោយឡែក ប្រភពពីប្រធានក្រុមហ៊ុនមួយ ដែលមានទីតាំងនៅក្នុងតំបន់Belgorod ដែរ បានអះអាងថា ទីតាំងខ្លួន ក៏បានរងគ្រាប់មីស៊ីលបាញ់ចេញ​ពីឧត្ថម្ភាគចក្ររបស់អ៊ុយក្រែនដែរ។ នៅតាមបណ្តាញសង្គមវិញ គេឃើញមានការចែកចាយវីដេអូ ដែលគេអះអាងថាថតបានក្នុងពេលកើតហេតុ ដោយ​ឃើញមីស៊ីល​បាញ់ចេញពីឧត្ថម្ភាគចក្រ ហើយ​បណ្តាល​ឲ្យ​មានអគ្គីភ័យផ្ទុះឆាបឆេះ។

គួររំលឹកថា កាលពីថ្ងៃទី​២៥ កុម្ភៈ បណ្តាញព័ត៌មាន​រុស្ស៊ី និងអ៊ុយក្រែន ធ្លាប់​បានផ្សាយ​ថា កងទ័ពអ៊ុយក្រែន បានវាយ​ប្រហារទៅលើ​មូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ី នៅទីក្រុង Rostov។ តែយ៉ាងណាគ្មាន​ការបញ្ជាក់ណាមួយ ជាផ្លូវការ​ទេ ពីសំណាក់​ភាគីទាំងសងខាង។ សម្រាប់លើកនេះ ​ បើដូចអ្វីដែល​ភាគីរុស្ស៊ីបានអះអាងមែន គឺថានេះជាលើកដំបូងហើយ ដែល​កងទ័ពអ៊ុយក្រែន បើកការវាយ​ប្រហារ នៅលើទឹកដីរុស្ស៊ី បើគិតចាប់ពីថ្ងៃដែលរុស្ស៊ី​ បានលើកទ័ពឈ្លានពានអ៊ុយក្រែន។

ដោយ​ឡែក កាលពីថ្ងៃពុធ គេសង្កេតឃើញ​មានករណីផ្ទុះ នៅទីតាំង​ស្តុកគ្រាប់រំសេវមួយកន្លែង នៅក្នុងទីក្រុង Belgorod របស់រុស្ស៊ីនេះដែរ។ តែអាជ្ញាធររុស្ស៊ី មិនបានបញ្ជាក់ពីមូលហេតុទេ។ ក្រុងនេះស្ថិតនៅចំងាយ​ប្រមាណ​៨០គូឡូម៉ែត្រពីក្រុងការគីវរបស់អ៊ុយក្រែ។

យ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានបរទេស មិនអាចមានលទ្ធភាពទទួលបាន​ប្រភពឯករាជ្យ​ មកបញ្ជាក់បានទេ ថា​វាពិតជាស្នាដៃរបស់កងទ័ពអ៊ុយក្រែន។ នៅរសៀលថ្ងៃសុក្រ លោក Dmytri Kouleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បាន​ប្រាប់អ្នក​យកព័ត៌មានបារាំងថា លោកមិនអាចបដិសេធ ហើយ​ក៏មិនអាចទទួលស្គាល់ថា អ៊ុយក្រែនមានពាក់​ព័ន្ធនឹងករណី​នេះឬអត់ទេ ព្រោះលោកមិនមានធាតុផ្សំព័ត៌មានគ្រប់គ្រាន់ មកបញ្ជាក់ឡើយ។ ដូចគ្នាដែរ លោក Oleksandre Motouzianyk អ្នកនាំពាក្យ​ក្រសួងការពារជាតិអ៊ុយក្រែន ក៏បានប្រកែក​មិនឆ្លើយដែរ ដោយគ្រាន់តែ​បាន​លើកឡើងថា អ៊ុយក្រែនគ្មានរឿងអ្វីទៅ​ប្រកាសទទួលខុសត្រូវ ចំពោះការ​វាយ​ប្រហារខុសទិសដៅ ឬ គ្រោះថ្នាក់​​កើតឡើង បណ្តាល​មកពី​កំហុសបច្ចេកទេសណាមួយ នៅក្នុងទឹកដីរុស្ស៊ី នោះទេ។

វិមានក្រេមឡាំង បានអះអាងថា ហេតុការណ៍វាយ​ប្រហារមកលើស្ថានីយ៍​ប្រេងរុស្ស៊ី ពីសំណាក់កងទ័ពអ៊ុយក្រែននេះ នឹងប្រាកដជាជះផលអាក្រក់ ទៅលើការចរចា។ ការចរចា ដែលបានចាប់ផ្តើមធ្វើឡើងវិញ ពីចំងាយ រវាងភាគី​អ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃសុក្រ ទី​១មេសា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ