អានតួអត្ថបទ
កូវីដ១៩-វីតាមីនD

ជំងឺកូវីដ១៩៖ អ្នកជំនាញ​ពេទ្យ​បារាំង​អំពាវនាវ​ឲ្យ​ផ្តល់វីតាមីន D ដល់​ប្រជាជន

តើ​វីតាមីន D នឹងជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ដែរឬទេ? វីតាមីន​D នឹង​មិនអាច​ទៅជំនួស វ៉ាក់សាំង បង្ការជំងឺកូវីដ​បាននោះទេ។ ប៉ុន្តែ ក្នុង​កាលៈទេសៈ ដែល​គេ​គ្មាន​ថ្នាំព្យាបាល ជំងឺកូវីដ ហើយ យុទ្ធនាការ​ចាក់វ៉ាក់សាំង ត្រូវយឺតយ៉ាវ ដោយសារ​តែ​ក្រុមហ៊ុន​ផលិតវ៉ាក់សាំង ពន្យារពេល អ្នកជំនាញពេទ្យ​បារាំង មួយក្រុម​បាន​ដាក់ញត្តិ អំពាវនាវ​ឲ្យ​គេ​ផ្តល់​វីតាមីន D សម្រាប់​ប្រជាជន​បារាំង​ជាទូទៅ។ សម្រាប់អ្នកជំនាញ​បារាំង​ដែល​ជា​ម្ចាស់ញត្តិ វីតាមីន D​មាន​ប្រសិទ្ធភាព ជួយ​កាត់បន្ថយ ការបង្ករោគ អាំងហ្វិចស្យុង ដែល​បង្កឡើង​ដោយ​ជំងឺកូវីដ ១៩។ 

វីតាមីន​D តាំង​បង្ហាញ​នៅទីក្រុង​ញូវយ៉ក ឆ្នាំ ២០១៦
វីតាមីន​D តាំង​បង្ហាញ​នៅទីក្រុង​ញូវយ៉ក ឆ្នាំ ២០១៦ AP - Mark Lennihan
ផ្សាយពាណិជ្ជកម្ម

នៅ សប្តាហ៍មុន គ្រូពេទ្យ និង​អ្នកជំនាញសុខភាព​បារាំង ចំនួន ៧៣នាក់ បាន​ដាក់​ញត្តិ​ស្នើ​ឲ្យ​គេ​ផ្តល់​វីតាមីន​D ដល់​ប្រជាជន​បារាំង ជាទូទៅ ជាពិសេស មនុស្ស​ចាស់ ដែលជា​ក្រុមមនុស្ស​ងាយនឹង​រងគ្រោះថ្នាក់ ស្លាប់ ដោយសារ​ជំងឺកូវីដ។ សម្រាប់​ក្រុមគ្រូពេទ្យ​ដែល​ជា​ម្ចាស់​ញត្តិ វីតាមីន D អាច​ជួយ​កាត់បន្ថយ ការបង្ករោគ Infection បង្កឡើង​មេរោគកូវីដ ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ ឬ​ស្លាប់ ដោយសារ ជំងឺកូវីដ ១៩។ ក្រុមគ្រូពេទ្យ​បារាំង បាន​ពឹងផ្អែក​លើ​ការសិក្សា​សង្កេតមួយចំនួន​ដែល​ថា នៅក្នុង​ចំណោម​មនុស្ស​ចាស់​ដែល​បាន​ទទួល​វីតាមីន​D ទៀងទាត់ ហានិភ័យ ធ្វើ​ឲ្យ​ពួកគាត់​ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារ​កូវីដ ត្រូវ​កាត់បន្ថយ ដល់​ទៅ ៩០ភាគរយ។

ការសិក្សា​កន្លងមក​របស់​ក្រុមគ្រូពេទ្យ​អេស្ប៉ាញ បាន​បង្ហាញថា នៅក្នុង​ចំណោម​អ្នកជំងឺ​កូវីដ១៩ជាតិអេស្ប៉ាញ ​ដែល​គេ​ជ្រើសរើស​យកមក​សិក្សា មាន​ដល់​ទៅ​ ​៨២,២% ដែល​មាន​បញ្ហា​ខ្វះ​វីតាមីនD ពោល​គឺ​ក្រោម ១៣,៨% (២០,៩% ជាកំរិត​ធម្មតា) ទល់​នឹង​៤៧,៧%សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។ ការសិក្សា​មួយ​ទៀត​បាន​សន្និដ្ឋាន​ថា  កង្វះ​វីតាមីនD​ ទំនង​ជា បាន​បង្កើន​ហានិភ័យ​១៥%​បន្ថែម ធ្វើ​ឱ្យ​អ្នក​ជំងឺ​ កូវីដ១៩ធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់ធ្ងរ​ និង​បង្កើន​គ្រោះ​មរណៈ លើស​អ្នក​ជំងឺកូវីដ​១៩ ដែល​មាន​វីតាមីនD គ្រប់គ្រាន់។

នៅបណ្តាប្រទេស​អឺរ៉ុប ជាពិសេស នៅប្រទេស​បារាំង ប្រជាជន​ពាក់កណ្តាល​ជូបបញ្ហា ខ្វះវីតាមីន D ដោយសារ​ខ្វះពន្លឺថ្ងៃ នៅរដូវត្រជាក់ (យប់​មានរយៈពេល​វែងជាង​ថ្ងៃ)។

សម្រាប់​វេជ្ជបណ្ឌិត​បារាំង លោក Cédric Annweiler ប្រធាន​ផ្នែក​ព្យាបាល​មនុស្ស​ចាស់ នៅ​មន្ទីរពេទ្យ Angers វីតាមីន​D មានសារធាតុ​សំខាន់​ជួយ ធ្វើឲ្យ​ប្រព័ន្ធភាពស៊ាំ​ក្នុង​ខ្លួន​មនុស្ស​ដំណើរការ​ល្អ។ វីតាមីន​មិន​អាច​ជំនួស វ៉ាក់សាំង ឬ ព្យាបាល​អ្នកជំងឺកូវីដ ឲ្យជាសះស្បើយ នោះទេ ប៉ុន្តែ បើសិន​វីតាមីន​D អាច​ជួយពង្រឹង​ភាពស៊ាំ ដែល​ដើរតួនាទី ចាំបាច់ សម្រាប់​ទប់ទល់​មេរោគកូវីដ នោះ គេ​មិនត្រូវ​មើល​រំលង​ពី​សារៈប្រយោជន៍​របស់​វានោះទេ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ កាលពី​ពាក់កណ្តាល​ឆ្នាំ មុន​រដ្ឋបណ្ឌិតសភា​វេជ្ជសាស្ត្រ​បារាំង​ បាន​បញ្ជាក់​ហើយថា​ វីតាមីន​D ពិត​ជា​អាច​មាន​សកម្មភាព​លើ​ដំណើរការ​របស់​ប្រព័ន្ធភាព​ស៊ាំ និង​មាន​តួនាទី​សម្របសម្រួល លុប​បំបាត់​ការរោលរលាកខ្លាំង​cytokinesដែល​ជា​ដើមហេតុ​ជំរុញ​ឱ្យ​អ្នក​ជំងឺកូវីដ១៩​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ខ្លាំង​និង​ស្លាប់​មែន។ ប៉ុន្តែ​រដ្ឋបណ្ឌិត​សភា​វេជ្ជសាស្ត្រ មិន​បាន​ចាត់ទុក​ និង​ណែនាំ​ឱ្យ​ប្រើ​ ​វីតាមីនដេ​ ជា​កិច្ចការពារ ឬ​ថ្នាំ​ព្យាបាល​ជំងឺកូវីដ១៩​ទេ។ នៅថ្ងៃ​ព្រហស្បតិ៍ គ្រូពេទ្យ Jérémy Descoux ស្ថាបនិក​ក្រុមប្រឆាំង ព័ត៌មានមិនពិត​ទាក់ទង​នឹងការប្រើ​ថ្នាំ ​បាននិយាយ​ក្រើនរំលឹក​​ឲ្យ​គេ​ប្រុងប្រយ័ត្ន ព្រោះថា ការជ្រួលជ្រើម ប្រើប្រាស់ វីតាមីន​D ច្រើនហួស កម្រិត​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព ជាពិសេស ក្នុង​ចំណោម​កុមារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ