អានតួអត្ថបទ
ស៊ុយអែត-ណូបែល

ណូបែលរូបវិទ្យា២០២០បានទៅរូបវិទូ៣នាក់សម្រាប់ការ​ស្រាវជ្រាវ​រក​ឃើញ « ប្រហោងខ្មៅ »

នៅ​ថ្ងៃ​អង្គារ ទី៦ តុលា គណៈកម្មការ​ណូបែល​ក្នុង​ប្រទេស​ស៊ុយអែត​បាន​សម្រេច​ប្រគល់​រង្វាន់​ណូបែល​រូបវិទ្យា​ឲ្យ​អ្នកស្រាវជ្រាវ​ចំនួន ៣នាក់ គឺ​ជនជាតិ​អង់គ្លេស លោក Roger Penrose មាន​អាយុ ៨៩ឆ្នាំ ជនជាតិ​អាល្លឺម៉ង់​លោក Reinhard Genzel មាន​អាយុ ៦៨ឆ្នាំ និង​ជនជាតិ​អាមេរិក​លោកស្រី Andrea Ghez មាន​អាយុ ៥៥ឆ្នាំ។ ស្នាដៃ​របស់​អ្នកវិទ្យាសាស្រ្ត​ទាំង ៣នាក់ គឺ​ការ​ស្រាវជ្រាវ​រក​ឃើញ « ប្រហោងខ្មៅ » ឬ​ហៅ​ជា​ភាសា​អង់គ្លេស « Black Hole »។ តែ​គណៈកម្មការ​ណូបែល​បាន​បញ្ជាក់​ថា ប្រាក់​សម្រាប់​រង្វាន់ណូបែល​ដែល​មាន ១លាន​អឺរ៉ូ​ប្រគល់​ឲ្យ​លោក Penrose ចំនួន​ពាក់កណ្តាល គឺ ៥០ម៉ឺន ហើយ​នៅ​សល់​ពាក់កណ្តាល​ទៀត​ត្រូវ​ចែក​ជា​ពីរ​រវាង​លោក Genzel និង​លោកស្រី Ghez។

អ្នកវិទ្យាសាស្រ្ន ៣នាក់សម្រាប់ស្នាដៃស្រាវជ្រាវលើ « Black Hole » ​បានទទួល​រង្វាន់ណូបែលរូបវិទ្យាឆ្នាំ ២០២០
អ្នកវិទ្យាសាស្រ្ន ៣នាក់សម្រាប់ស្នាដៃស្រាវជ្រាវលើ « Black Hole » ​បានទទួល​រង្វាន់ណូបែលរូបវិទ្យាឆ្នាំ ២០២០ TT News Agency/AFP
ផ្សាយពាណិជ្ជកម្ម

ស្នាដៃ​របស់​លោក Roger Penrose គឺ​ការ​បញ្ជាក់​ពី​វត្តមាន​ប្រហោងខ្មៅ ឬ​ហៅ​ជា​ភាសា​អង់គ្លេស « Black Hole » ដោយ​ផ្អែក​តាម​ទ្រឹស្តី General Relativity របស់​លោក Einstein។ យោង​តាម​ទ្រឹស្តី General Relativity នៅ​ក្នុង​ប្រហោង​ខ្មៅ ឬ « Black Hole » គឺ​គ្មាន​អ្វី​ដែល​អាច​យក​ឈ្នះ​ពី​កម្លាំង​ទំនាញ​បាន​ទេ មាន​ន័យ​ថា កម្លាំង​ទំនាញ​នឹង​ធ្វើ​ឲ្យ​គ្រប់​សារធាតុ​ទាំងអស់​នៅ​ក្នុង​ប្រហោងខ្មៅ​ត្រូវ​ប្រមូល​ផ្តុំ​ចូល​គ្នា​យ៉ាង​ហាប់​ណែន​ជា​ចំណុច​ដ៏​តូច​បំផុត​គ្មាន​ទីបញ្ចប់​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Singularity”។ លោក​ Roger Penrose ធ្លាប់​បាន​បង្ហាញ​តាំង​ពី​ឆ្នាំ ១៩៦៥ ថា កម្លាំងទំនាញ​របស់ « Black Hole » គឺ​ខ្លាំងក្លា​ដោយ​គ្មាន​អ្វី​អាច​គេច​ផុត​ឡើយ សូម្បី​តែ​ពន្លឺ។

ចំណែក​ស្នាដៃ​របស់​លោក Reinhard Genzel លោកស្រី Andrea Ghez គឺ​ការ​បញ្ជាក់​ពី​ម៉ាស់​ដ៏​ធំ​មហិមា​របស់ « Black Hole » ដែល​មាន​ប្រមាណ ៤លានដង​ធំ​ជាង​ម៉ាស់​របស់​ព្រះអាទិត្យ។ តាំង​ពី​ដើម​ទសវត្ស ៩០ លោក Reinhard Genzel លោកស្រី Andrea Ghez បាន​ធ្វើ​ការ​ស្រាវជ្រាវ​រួម​គ្នា​លើ​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « Sagittaite A »។ តាម​លោកស្រី Andrea គេ​មិន​ថា​មាន​អ្វី​ខ្លះ​នៅ​ក្នុង​ប្រហោងខ្មៅ ហើយ​គេ​ក៏​ពិបាក​ស្មាន​ដែរ។ គឺ​អាថ៌កំបាំង និង​ភាព​នៅ​ស្រពិចស្រពិល​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ក្រុមអ្នកស្រាវជ្រាវ​បន្ត​ប្រឹងប្រែង​ស្រាវជ្រាវ​ជា​បន្ត​ទៀត នេះ​ជា​ការ​បន្ថែម​របស់​លោកស្រី Andrea។

ក្រុម​អ្នកវិទ្យាសាស្រ្ត​គិត​ថា កម្លាំងទំនាញ​របស់​ប្រហោងខ្មៅ ឬ « Black Hole » បាន​លេបត្របាក់​ក្នុង​ល្បឿន​ដូច​ផ្លេកបន្ទោរ​នូវ​បរិមាណ​ឧស្ម័ន​ដ៏​ក្រាស់ឃ្មឹក​ដែល​ព័ទ្ធ​ជុំវិញ។ គួរ​បញ្ជាក់​ថា រូបភាព​ប្រហោងខ្មៅ​លើកទី១ ត្រូវ​បាន​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​កាល​ពី​ខែ​មេសា ឆ្នាំ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ