អានតួអត្ថបទ
ណូបែលវេជ្ជសាស្ត្រ

ជ័យលាភីណូបែលវេជ្ជសាស្ត្រ ២០២០ ជា​អ្នករកឃើញវីរុសបង្កជំងឺរលាកថ្លើម ប្រភេទ c

នៅ​ឆ្នាំ​២០២០​នេះ​ ដោយ​ហេតុកូរ៉ូណាវីរុស រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​បាន​ទទួល​ចំណាប់ជាពិសេស ព្រោះ​ការរាតត្បាតរបស់​​កូវីដ​១៩ បាន​បង្ក​ជា​វិបត្តិ​​យ៉ាង​ធ្ងន់ធ្ងរ និង​​បានប​ង្ហាញ​ថា​​វេជ្ជសាស្ត្រ​សំខាន់​សម្រាប់មនុស្ស​ជាតិ​ខ្លាំងណាស់។ ដូច​ការ​គ្រោង​ទុក និង​ដូច​ជា​រៀង​រាល់​ឆ្នាំ ​ណូបែលវេជ្ជសាស្ត្រ ត្រូវ​មកបើក​ឆាក​ប្រកាស​លទ្ធផលមុន​គេ នៅថ្ងៃ​ទី ៥ តុលា​នេះ។ ជ័យលាភី​ណូបែល​វេជ្ជសាស្ត្រ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បី នាក់ គឺ​លោក Michael Houghton ជា​ជនជាតិ​អង់គ្លេស និង​ Harvey Alter  ព្រមទាំង​លោក Charles Rice ជា​ជនជាតិ​អាមេរិក ចំពោះ​ស្នាដៃ​រក​ឃើញ​វីរុស​ បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទសេ​ C ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​គណៈកម្មការ​ណូបែល​ នៅ​វេលា​ម៉ោង​៩​កន្លះ​ ម៉ោង​សកល។

លោក  Harvey Alter  លោក Charles Rice និង​លោក Michael Houghton ជ័យលាភី​ណូបែល​វេជ្ជសាស្ត្រ ២០២០
លោក Harvey Alter លោក Charles Rice និង​លោក Michael Houghton ជ័យលាភី​ណូបែល​វេជ្ជសាស្ត្រ ២០២០ AP - Claudio Bresciani
ផ្សាយពាណិជ្ជកម្ម

​ជ័យ​លាភី រង្វាន់​ណូបែលវេជ្ជសាស្ត្រ​​ប្រចាំ​ឆ្នាំ​២០២០ ត្រូវ​ប្រគល់​ជូន​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បីរូប ដែល​បាន​រក​ឃើញ​វីរុស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ តាំង​ពី​ឆ្នាំ​១៩៧០មក។ អ្នក​ទាំង​បី​​បាន​ចូល​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​មុះមុត​ប្រឆាំង​នឹង​បញ្ហា​​សុខភាពដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក ដែល​នាំ​ឱ្យ​មាន​ជំងឺ​ក្រិនថ្លើម​និង​មហារីក​ថ្លើម។ នេះ​បើ​តាម​ការប្រកាស​បញ្ជាក់​របស់​ប្រធាន​គណៈកម្មការ​មេប្រយោគ​ណូបែល។

នៅ​ចុង​ឆ្នាំ​១៩៧០ លោក Harvey Alter ដែលបច្ចុប្បន្ន​មានអាយុ​៨៥​ឆ្នាំ ​បានរក​ឃើញ​ថា​ការ​ចម្លងវីរុស​​​រោគ​រលាក​ថ្លើម​ដ៏ចម្លែក​មួយ នៅ​ពេល​បញ្ចូល​ឈាម​ ខណៈដែលអ្នកជំងឺ​គ្មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ អា និង​ប្រភេទ​ បេ សោះ។ ច្រើន​ឆ្នាំ​កន្លង ពោលគឺ​នៅ​ឆ្នាំ​១៩៨៩ លោក Michael Houghton និង​ក្រុមការងារ​លោក បាន​រក​ឃើញ​បន្ថែម​ទៀត​ថា អំពី​អត្តសញ្ញាណ​ហ្សេណេទិច​របស់​វីរុសនោះ។ ហើយ​លោក Charles Rice (៦៨ឆ្នាំ) បានចំណាយ​ពេលវេលា​​សិក្សា​វិភាគ​រាប់​សិប​ឆ្នាំ​ តាមដាន​អំពី​របៀប​លូតលាស់​របស់​វីរុស រហូត​សម្រេច​លទ្ធផល​ដ៏​អស្ចារ្យ​គឺមាន​ថ្នាំប្រកប​ដោយ​ប្រសិទ្ធភាព​​​​​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ ​នៅ​ឆ្នាំ​២០១០ ឈ្មោះ​ថា sofosbuvir។ ការ​ងារ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ផ្នែក​វីរុស​ទាំង​បី​ ជា​សមិទ្ធ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ចម្លង​រោគ​ដោយ​វីរុស។ នេះ​បើ​តាម​ការលម្អិត​បន្ថែម​របស់​គណៈកម្មការ​ណូបែល។

អង្គការ​សុខភាពពិភពលោក ប៉ាន់ស្មាន​ថា​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​សេ បាន​ចម្លង​លើ​មនុស្សនៅ​លើ​ពិភពលោក​​បច្ចុប្បន្ន ​ប្រមាណ​ជាង​៧០​លាន​នាក់​​ ហើយ​ក្នុងនោះ​​៤​សែន​នាក់​បាន​ស្លាប់​​ក្នុង​មួយ​ឆ្នាំៗ។

នេះ​ជា​លើក​ទី​ពីរ​ ក្នុង​ប្រវត្តិណូបែលវេជ្ជសាស្ត្រ ដែល​ជា​ជ័យលាភី​ណូបែល​​បាន​ប្រគល់​ជូន​អ្នក​ស្រាវជ្រាវ​អំពី​វីរុស​ដោយ​ផ្ទាល់​។ លើក​ទី​មួយ គឺនៅ​ឆ្នាំ​២០០៨ ជូន​ចំពោះអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ​បារាំង​ដែល​បានរកឃើញ​មេរោគ​ស៊ីដា ឬអេដស៍។

នៅ​ថ្ងៃស្អែក គណៈកម្មការ​ណូបែល​នឹងប្រកាស​ជ័យលាភី​ផ្នែក​រូបវិទ្យា គីមីនៅ​ថ្ងៃពុធ ... ​កម្មវិធី​ប្រកាស​ជ័យលាភីនឹង​ប្រព្រឹត្ត​ទៅបន្តបន្ទាប់​​ដូច​​រៀង​ឆ្នាំ ប៉ុន្តែដោយហេតុ​កូរ៉ូណាវីរុស ​ពុំ​មាន​ទេ​កម្មវិធី​ប្រគល់​ជ័យ​លាភី​នៅ​ថ្ងៃ​ទី ១០​ធ្នូ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ