អានតួអត្ថបទ
បរិស្ថាន-អឺរ៉ុប-អាល្លឺម៉ង់

បរិស្ថាន៖កញ្ញា Greta Thunberg បរិហារពីភាពអសកម្មនយោបាយក្នុងការប្រឆាំងនឹងការឡើងកម្តៅលើភពផែនដី

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ សីហា សកម្មជន​បរិស្ថាន​កញ្ញា Greta Thunberg ជនជាតិ​ស៊ុយអែត និង​ក្រុម​ការងារ​ចំនួន ៣នាក់​ទៀត​ជា​ជនជាតិ​អាល្លឺម៉ង់ និង​បែលហ្ស៊ិក​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល​ទទួល​ជួប​ក្នុង​ទីក្រុង​ប៊ែរឡាំង​រយៈពេល ១ម៉ោង​កន្លះ។ នៅ​ក្នុង​ជំនួប កញ្ញា Greta បាន​ព្យាយាម​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​ចលនា​ដើម្បី​បុព្វហេតុ​អាកាសធាតុ​ក្រោម​ឈ្មោះ « Friday for future » របស់​កញ្ញា​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី២០ សីហា ឆ្នាំ ២០១៨ និង​ដែល​កំពុង​មាន​សកម្មភាព​រអាក់រអួល​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ទោះ​ជា​យ៉ាង​នេះ​ក្តី កញ្ញា Greta មិន​ញញើត​បរិហារ​ពី​ភាព​អសកម្មនយោបាយ​របស់​ថ្នាក់ដឹកនាំ​អឺរ៉ុប​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​លើ​ផែនដី។

German Chancellor Angela Merkel greets to climate activists Luisa Neubauer and Greta Thunberg and other representatives of Fridays for Future before their talks at the Chancellery in Berlin, Germany August 20, 2020. Steffen Kugler/Courtesy of Bundesregierung/Handout via REUTERS. THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES
German Chancellor Angela Merkel greets to climate activists Luisa Neubauer and Greta Thunberg and other representatives of Fridays for Future before their talks at the Chancellery in Berlin, Germany August 20, 2020. Steffen Kugler/Courtesy of Bundesregierung/Handout via REUTERS. THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES via REUTERS - Bundesregierung
ផ្សាយពាណិជ្ជកម្ម

ជម្រើស​ជួប​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​លោកស្រី​មែរកិល​ក្នុង​ថ្ងៃទី២០ សីហា​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​កាល​ពី ២ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី២០ សីហា ឆ្នាំ ២០១៨ កញ្ញា Greta Thunberg ដែល​ទើប​មាន​អាយុ ១៥ឆ្នាំ និង​គ្មាន​នរណា​ស្គាល់​កាល​ណោះ​បាន​ផ្តើម​ធ្វើ​កូដកម្ម​ដើម្បី​បុព្វហេតុ​អាកាសធាតុ​នៅ​ពី​មុខ​សភា​ស៊ុយអែត​ក្នុង​ទីក្រុង​ស្តុកខុល។ នៅ​ប៉ុន្មាន​ខែ​ក្រោយ​មក ចលនា​ក្រោម​ឈ្មោះ « Friday for future » បាន​កែន​ប្រមូល​យុវជន​អឺរ៉ុប​ជា​ច្រើន​ពាន់នាក់​នៅ​រៀងរាល់​សប្តាហ៍។ តែ ២ឆ្នាំ​ក្រោយ​មក ជោគជ័យ​មួយ​នេះ​ហាក់​មិន​បាន​ធ្វើ​ឲ្យ​បុព្វហេតុ​បរិស្ថាន​របស់​កញ្ញា​ចម្រើន​ទៅ​មុខ​ទេ នេះ​ជា​ចំណាប់អារម្មណ៍​សោកស្តាយ​របស់​កញ្ញា Greta។

នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ឲ្យ​ថ្នាក់ដឹកនាំ​អឺរ៉ុប​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២០ សីហា កញ្ញា Greta បាន​បរិហារ​ពី​ភាពអសកម្ម​នយោបាយ​ដែល​កំពុង​បន្ត​មាន​ក្នុង​ការ​ការពារ​បរិយាកាស និង​ពី​ភាព​ព្រងើយកន្តើយ​របស់​រដ្ឋាភិបាល។ នៅ​ក្នុង​ន័យ​នេះ កញ្ញា Greta បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​ធ្វើ​សកម្មភាព​ពិតប្រាកដ ហើយ​អាល្លឺម៉ង់​ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សា​អឺរ៉ុប​ត្រូវ​ផ្តួចផ្តើម​គំនិត​នេះ​ឡើង។ កញ្ញា Greta មាន​ការ​សោកស្តាយ​ថា វិបត្តិ​អាកាសធាតុ និង​បរិស្ថាន​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វិបត្តិ​ទេ។ ចំណែក​នៅ​ក្នុង​ជំនួប​រយៈពេល ១ម៉ោង​កន្លះ​ជាមួយ​លោកស្រី​មែរកិល កញ្ញា Greta រួម​ទាំង​សកម្មជន​បរិស្ថាន ៣នាក់​ទៀត និង​លោកស្រី​មែរកិល​បាន​ឯកភាព​គ្នា​ថា ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស​ជា​បញ្ហា​ប្រឈម​មួយ​របស់​ពិភពលោក ហើយ​ប្រទេស​ឧស្សាហកម្ម​ទាំង​អស់​មាន​ការ​ទទួល​ខុសត្រូវ​ពិសេស​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​បញ្ហា​នេះ។

កញ្ញា Greta មាន​ការ​សោកស្តាយ​ពី​គម្លាត​កាន់​តែ​ខ្លាំង​ពី​មួយ​នាទី​ទៅ​មួយ​នាទី​នូវ​អ្វី​ដែល​គេ​ត្រូវ​ធ្វើ និង​អ្វី​ដែល​កំពុង​កើត​មាន​ជាក់ស្តែង​ពេល​នេះ។ « ទោះ​បី​ជាមាន​ការ​កែនប្រមូល យើង​បាន​បាត់បង់​ពេល ២ឆ្នាំ​បន្ថែម​ទៀត​ដោយសារ​ភាព​អសកម្មនយោបាយ » នេះ​ជា​ចំណាប់អារម្មណ៍​សោកស្តាយ​របស់​កញ្ញា Greta ដោយ​អំពាវនាវ​ដល់​គ្រប់​ប្រទេសឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​ធ្យូងថ្ម។ កញ្ញា Greta បាន​ទទួល​ស្គាល់​ថា ជំងឺ​កូវីដ-១៩ និង​ការ​ថមថយ​សេដ្ឋកិច្ច​សកល​យ៉ាង​គំហុក​បាន​ធ្វើ​ឲ្យ​កម្រិត​ផ្សែងពុល​ធ្លាក់​ចុះ​នៅ​ក្នុង​បរិយាកាស។ តែ​វាបាន​បង្ក​ឲ្យ​មានការ​លំបាក​ដល់​ការ​ប្រមូលផ្តុំ​ដើម្បី​បុព្វហេតុ​អាកាសធាតុ ខណៈ​ដែល​ការ​ភ័យខ្លាច​បាត់បង់​ការងារ​ជា​រឿង​អាទិភាព។ យ៉ាង​ណា​ក៏​ដោយ ចលនា « Friday for future » គ្រោង​រៀបចំ​ទិវាជួបជុំសកល​នៅ​ថ្ងៃទី២៥ កញ្ញា​ខាង​មុខ​ដោយ​គិតគូរ​ពី​វិធានការ​បង្ការ​ទប់​ស្កាត់​នឹង​ការ​ឆ្លង​កូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ