អានតួអត្ថបទ
អង់គ្លេស-ចិន

ចិនព្រមានអង់គ្លេសពីគម្រោងបញ្ជូននាវាដឹកយន្តហោះចម្បាំងទៅមហាសមុទ្រប៉ាស៊ីហ្វិក

អង់គ្លេស និង​ចិន​កំពុង​បន្ត​ដំឡើង​សាច់ដុំ​ដាក់​គ្នា។ នៅ​ថ្ងៃ​សៅរ៍ ទី១៨ កក្កដា ចិន​តាម​រយៈ​ឯកអគ្គរដ្ឋទូត​ប្រចាំ​ទីក្រុង​ឡុងដ៏​លោក​លីវ សៀវម៉ីង​បាន​ជំរុញ​អង់គ្លេស​ឲ្យ​បោះបង់​ចោល​នូវ​គម្រោង​ចង់​បញ្ជូន​នាវាដឹក​យន្តហោះចម្បាំង​ទៅ​កាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ លោក​លីវ សៀវម៉ីង​បាន​គូសបញ្ជាក់​ថា អ្វី​ដែល​អង់គ្លេស​ចង់​ធ្វើ​នេះ​ជា​កាយវិការ​ដ៏​គ្រោះថ្នាក់​ខ្លាំង​ណាស់ និង​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​កំពុង​តានតឹង​ស្រាប់​រឹត​តែ​ឡើង​ខ្លាំង​មួយ​កម្រិត​ទៀត។ គួរ​បញ្ជាក់​ថា ទីក្រុង​ប៉េកាំង​កំពុង​បន្ត​ខឹងសម្បារ​នឹង​ទីក្រុង​ឡុងដ៏​ដែល​បាន​បរិហារ​ចិន​ក្នុង​រឿង​ហុងកុង និង​បាន​ឈប់​បំពាក់​ប្រព័ន្ធ ៥G របស់​ក្រុមហ៊ុន​ចិន Huawei។

ឯកអគ្គរដ្ឋទូតប្រចាំទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស​លោក Liu Xiaoming
ឯកអគ្គរដ្ឋទូតប្រចាំទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស​លោក Liu Xiaoming AFP - TOLGA AKMEN
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​របស់​លោក​លីវ សៀវម៉ីង​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ប្រចាំថ្ងៃ The Times។ « បន្ទាប់​ពី​អង់គ្លេស​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​នា​ដំណាច់​ខែ​មករា ខ្ញុំ​គិត​ថា​អង់គ្លេស​នៅ​តែ​ចង់​ដើរ​តួនាទី​សំខាន់​ក្នុង​លោក » នេះ​ជា​ការ​ថ្លែង​របស់​លោក​លីវ សៀវម៉ីង មុន​នឹង​បន្ថែម​ថា អ្វី​ដែល​អង់គ្លេស​ចង់​ធ្វើ​នេះ​មិនមែន​ជា​វិធី​ដើរ​តួនាទី​សំខាន់​មួយ​ទេ និង​បាន​ព្រមាន​អង់គ្លេស​ត្រង់ៗ​កុំ​ឲ្យ​ភ្ជាប់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​ប្រឆាំង​ចិន។ ប្រតិកម្ម​ខ្លាំងៗ​របស់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ឡុងដ៏​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​កាសែត The Times បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ក្នុង​សប្តាហ៍​នេះ​ដែល​ថា អង់គ្លេស​គ្រោង​បញ្ជូន​នាវាដឹកយន្តហោះចម្បាំង​ឈ្មោះ HMS Queen Elizabeth ទៅ​កាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក្នុង​ក្របខណ្ឌ​នៃ​សម្ព័ន្ធអន្តរជាតិ​សំដៅ​ប្រឆាំង​ចិន។

នាវា HMS Queen Elizabeth គ្រោង​ចូលរួម​ធ្វើ​លំហាត់សឹក​ជាមួយ​ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក។ រឿងរ៉ាវ​ថ្មី​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ចិន​កំពុង​បន្ត​ខឹងសម្បារ​នឹង​អង់គ្លេស​ដែល​បាន​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ហុងកុង និង​ការ​ដែល​អង់គ្លេស​បាន​សម្រេច​ឈប់​បំពាក់​ប្រព័ន្ធ ៥G របស់​ក្រុមហ៊ុន​ចិន Huawei។ ទាក់ទង​នឹង Huawei ត្រូវ​បាន​លោក​លីវ សៀវម៉ីង​ព្រមាន​ថា ការ​ដែល​អង់គ្លេស​បាន​ទាត់​ចោល Huawei នឹង​ធ្វើ​ឲ្យ​ការ​វិនិយោគ​របស់​ចិន​នៅ​អង់គ្លេស​ធ្លាក់​ចុះ។ គួរបញ្ជាក់​ថា​ក្នុង​នាម​ជា​អតីត​អាណា​ព្យាបាល​ហុងកុង អង់គ្លេស​បាន​បរិហារ​ចាស់​ដៃ​លើ​ចិនដីគោក​ដែល​ទើប​បាន​បង្កើត​ច្បាប់សន្តិសុខជាតិ​លើ​ហុងកុង។

បន្ទាប់​មក ទីក្រុង​ឡុងដ៏​បាន​សន្យា​ពិនិត្យមើល​ឡើង​វិញ​លើ​ច្បាប់​អន្តោប្រវេសន៍​ដើម្បី​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ហុងកុង​រាប់លាននាក់​អាច​សុំ​សញ្ជាតិ​អង់គ្លេស។ ថ្មីៗ​នេះ ពោល​ក្រោយ​ពី​ច្បាប់សន្តិសុខជាតិ​ចូល​ជា​ធរមាន អង់គ្លេស​បាន​អនុញ្ញាត​ឲ្យ​សកម្មជន​អ្នកប្រជាធិបតេយ្យ​ហុងកុង​ម្នាក់​ឈ្មោះ​ណាតាន ឡដ៏​ជ្រកកោណ។ លោក​ណាតាន ឡដ៏​បាន​និយាយ​ប្រាប់​កាសែត​ប្រចាំ​ថ្ងៃ​អង់គ្លេស The Times ថា លោក​ភៀសខ្លួន​ទៅ​អង់គ្លេស​ដើម្បី​បន្ត​បញ្ចេញ​មតិ​ដោយ​សេរី​តាំង​នាម​ឲ្យ​ពលរដ្ឋ​ហុងកុង។ លោក​ណាតាន ឡដ៏​បាន​បន្ថែម​ថា​នៅ​ហុងកុង ពលរដ្ឋ​លែង​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ រង​ការ​បំភិតបំភ័យ ការ​ចាប់​ខ្លួន និង​ការ​ឃុំខ្លួន​ដោយ​កម្លាំង​ប៉ូលិស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ