អានតួអត្ថបទ
ហុងកុង

វិបត្តិ​ហុងកុង៖ ចិន​រិះគន់​អង់គ្លេស ​ថាលូកដៃ​ចូលកិច្ចការ​ផ្ទៃក្នុង​គេ ​ដោយ​ឥត​អៀនខ្មាស

អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍​ បានថ្លែងថ្កោលទោសរដ្ឋាភិបាលអង់គ្លេស ថាកំពុងតែលូកដៃ កកូរកកាយកិច្ចការផ្ទៃក្នុងរបស់ចិន ដោយឥតអៀនខ្មាស។ ការថ្លែងថ្កោលទោសបែបនេះ គឺបន្ទាប់ពីតំណាងរដ្ឋាភិបាលអង់គ្លេស បាន​បញ្ជាក់ថា គេនឹងសើរើច្បាប់អន្តោប្រវេសន៍ ដើម្បីសម្រួល​អនុញ្ញាត​ឲ្យ​ប្រជាជនហុងកុង ដែលកាន់លិខិតឆ្លងដែនពិសេសរបស់អង់គ្លេស អាចមករស់នៅ និងសុំសញ្ជាតិអង់គ្លេសបាន ដោយងាយ។

បាតុករហុងកុង នាំគ្នាយកញត្តិទៅជូនតំណាងកុងស៊ុលអង់គ្លេស ប្រចាំដែនដីហុងកុង ដើម្បីបញ្ជាក់ពីការ​ប្តេជ្ញា​របស់ពួកគេ ក្នុង​ការប្រឆាំង​នឹងច្បាប់​សន្តិសុខជាតិចិន។ ហុងកុង ថ្ងៃទី​២៦ មិថុនា ២០២០
បាតុករហុងកុង នាំគ្នាយកញត្តិទៅជូនតំណាងកុងស៊ុលអង់គ្លេស ប្រចាំដែនដីហុងកុង ដើម្បីបញ្ជាក់ពីការ​ប្តេជ្ញា​របស់ពួកគេ ក្នុង​ការប្រឆាំង​នឹងច្បាប់​សន្តិសុខជាតិចិន។ ហុងកុង ថ្ងៃទី​២៦ មិថុនា ២០២០ REUTERS - Tyrone Siu
ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអ្នកកាសែត រសៀលថ្ងៃទី​៦កក្កដា លោក Liu  Xiaoming ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ បាននិយាយថា វិធានាការដែលរដ្ឋាភិបាលអង់គ្លេស បានសម្រេច គឺជាការលូកដៃកកូរកកាយ ដោយឥតខ្មាសអៀន មកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។​ លោកបន្តថា អង់គ្លេស​ គ្មានសិទ្ធិអំណាចអ្វីទាំងអស់​ ទៅលើដែនដីហុងកុង។ ការបំពានចូលក្នុងកិច្ចការផ្ទៃក្នុងចិននេះ គឺអង់គ្លេស​ធ្វើខុស នឹងវិធានគ្រប់គ្រងវិស័យការទូតអន្តរជាតិ។

អ្នកនាំពាក្យខុទ្ទការល័យ​លោកបូរីស ចនសុន​នាយករដ្ឋមន្ត្រីអង់គ្លេស បានលើកឡើងថា ច្បាប់សន្តិសុខជាតិ ដែលចិនទើបអនុម័ត គឺជាការបញ្ជាក់ថា ចិនបានរំលោភពាក្យសន្យារបស់ខ្លួន នៅសេចក្តីថ្លែងការរួមគ្នាជាមួយអង់គ្លេស នៅឆ្នាំ១៩៨៤។ អង់គ្លេសបានសន្យាជាមួយប្រជាជនហុងកុងថា បើចិនអនុវត្តច្បាប់សន្តិសុខជាតិ នោះអង់គ្លេស នឹងធ្វើកំណែទម្រង់ច្បាប់អន្តោប្រវេសន៍ បើកទ្វារស្វាគមន៍ប្រជាជនហុងកុង ដែលកាន់លិខិតឆ្លងដែនពិសេស របសអង់គ្លេស។ ពាក្យសន្យានេះ អង់គ្លេសហ៊ាននិយាយគឺហ៊ានធ្វើ។

សូមបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេសនឹងធ្វើការកែប្រែច្បាប់អន្តោប្រវេសន៍ ដើម្បីជួយសម្រួលដល់ប្រជាជន​ហុងកុង ក្នុងការធ្វើចំណាកស្រុក។ យោងតាមច្បាប់អង់គ្លេស ប្រជាជនហុងកុងដែលកើតមុនឆ្នាំ១៩៩៧ ពោលគឺមុន​ពេលអង់គ្លេសប្រគល់ហុងកុងទៅឲ្យច​ិន​វិញ គឺពួកគេមានសិទ្ធិស្នើសុំលិខិតឆ្លងដែនពិសេស របស់អង់គ្លេស BN(O)។ បច្ចុប្បន្ន​មានប្រជាជនហុងកុង ដែលកាន់លិខិតឆ្លងដែននេះ ប្រមាណ​​៣៥០០០០នាក់។ តែរដ្ឋាភិបាលអង់គ្លេស អះអាង អ្នកហុងកុងដែល​បំពេញលក្ខខណ្ឌ ទទួលបាន​លិខិតឆ្លងដែននេះ គឺមាន​ប្រមាណ​ជិត​៣លាននាក់ទៀត។

យោងតាមច្បាប់ចាស់ អ្នកកាន់លិខិតឆ្លងដែនពិសេសនេះ អាចចូលដីអង់គ្លេសរយៈពេល​៦ខែ។ តែការធ្វើកំណែទម្រង់ថ្មី គឺរដ្ឋាភិបាលអង់គ្លេស និងបើកឲ្យ​អាចស្នាក់នៅ​៥ឆ្នាំ បន្ទាប់មកទៀត អាចសុំសញ្ជាាតិអង់គ្លេសតែម្តង នៅពេលដាច់ឆ្នាំទី​៦។ ទោះយ៉ាងណា កាលពីសប្តាហ៍កន្លងទៅ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេសបានលើកឡើងថា អង់គ្លេសបើកទ្វារទទួលប្រជាជន​ហុងកុងមែន តែបើចិនមិនបើកទ្វារឲ្យធ្វើដំណើរចេញ ក៏អង់គ្លេសមិនដឹងថាត្រូវធ្វើដូចម្តេចដែរ៕

គួរកត់សំគាល់ថា វិធានាការបើកផ្លូវ ទទួលស្វាគមន៍ប្រជាជនហុងកុង ឲ្យ​មករស់នៅសុំសញ្ជាតិអង់គ្លេសនេះ បានធ្វើឲ្យ​រដ្ឋាភិបាលចិនខឹងច្រឡោតជាខ្លាំង។ ស្របពេលដែលថ្លែងថ្កោលទោសអង់គ្លេស លោកទូតចិនប្រចាំទីក្រុងឡុងដ៍ បានលើកឡើងថា ចិននឹងចាត់វិធានការឆ្លើយតបវិញឲ្យសមស្រប។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ