អានតួអត្ថបទ

បារាំង​អះអាងថា បាន​គ្រប់គ្រង​វិបត្តិកូវីដ​១៩

បារាំង​ប្រកាស​ថា ជំងឺរាតត្បាតកូវីដ បាន​ថមថយ មកនៅ​ត្រឹម​កម្រិត​មួយ​ដែល​គេ​អាច​គ្រប់គ្រង​បាន។ តាម​ប្រធាន​ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត​ដែល​ជា​អង្គភាព​ពិគ្រោះយោបល់​សម្រាប់រដ្ឋាភិបាល​បារាំង នៅពេល​ករណីឆ្លង​មេរោគកូរ៉ូណា​បាន​ធ្លាក់ថយចុះ គេ​ក៏មាន​ធ្យោបាយ​គ្រប់គ្រាន់ ផងដែរ ដើម្បី​គ្រប់គ្រង ករណី​ឆ្លង​ជំងឺកូវីដ​១៩។ បារាំង​ដែល​មាន​ករណី​ឆ្លង ជាង ១សែន ៥ម៉ឺន និង​មនុស្ស​ស្លាប់​ដោយសារ​កូវីដ ជិត​៣ម៉ឺននាក់ បាន​បើក​ទីក្រុង ចាប់ផ្តើម​សេដ្ឋកិច្ច​របស់ខ្លួន ឡើងវិញ បណ្តើរៗ ចាប់តាំង​ពី​ថ្ងៃ​ទី ១១​ឧសភាមក។

People stroll at Trocadero square near the Eiffel Tower in Paris, Monday, May 25, 2020, as France gradually lifts its Covid-19 lockdown. In Paris, where all city parks remain closed, residents stroll along the Seine river and outside the Tuileries Gardens. (AP Photo/Michel Euler)
People stroll at Trocadero square near the Eiffel Tower in Paris, Monday, May 25, 2020, as France gradually lifts its Covid-19 lockdown. In Paris, where all city parks remain closed, residents stroll along the Seine river and outside the Tuileries Gardens. (AP Photo/Michel Euler) AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

តាម​សាស្រ្តាចារ្យ Jean François Delfraissy ប្រធាន​ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត សម្រាប់​រដ្ឋាភិបាល មេរោគកូរ៉ូណា​នៅ​តែ​សកម្ម​ក្នុង​តំបន់​មួយ​ចំនួន នៅ​ប្រទេស​បារាំង ប៉ុន្តែ វា​ឆ្លង​ក្នុង​ល្បឿន​យឺត។ ករណី​ឆ្លងថ្មី​មេរោគ​កូរ៉ូណា បាន​ធ្លាក់ចុះ​ពី ៨ពាន់នាក់ នៅដើម​ខែ​មីនា មក​នៅ​ជាង ១ពាន់នាក់ ក្នុង​មួយថ្ងៃ នាពេល​សព្វថ្ងៃនេះ។

តាម​ប្រធានក្រុមប្រឹក្សា​វិទ្យាសាស្រ្ត ករណីឆ្លងថ្មី នៃ​ជំងឺ​កូវីដ ធ្លាក់ចុះ គួរ​ឲ្យ​កត់សំគាល់ ដោយ​មកពី​មាន​វិធានការ​បិទទីក្រុង ដាក់មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ ដែល​បាន​ទប់ស្កាត់​ច្រើន​មិន​មានការចម្លង​មេរោគកូរ៉ូណា។ មួយវិញទៀត គេអាច​ថា មកពី​មេរោគកូរ៉ូណា​អាច​ចុះថយ ឥទ្ធិពល​ដោយសារ​កំដៅ​ថ្ងៃ។

គិត​មកដល់​ថ្ងៃ​ព្រហស្បតិ៍ បារាំងមានមនុស្ស​ស្លាប់​ថ្មី ដោយសារ​ជំងឺ​កូវីដ ចំនួន ៤៤នាក់ ក្នុង​មួយថ្ងៃ ដែល​ធ្វើ​បារាំង​មាន​មនុស្ស​ស្លាប់​ដោយសារ​កូវីដ សរុប ២៩០៦៥នាក់។ ចំនួន​អ្នកជំងឺ​ដែលត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធ្លាក់ចុះ ចំណែកគ្រែ​នៅ​បន្ទប់​សង្រ្គោះបន្ទាន់ ក៏​ចាប់ទំនេរ​ច្រើនឡើង​វិញ។

ករណីឆ្លងថ្មី​ធ្លាក់​ថយចុះ​ចំនួន នឹង​ជួយសម្រាល​បន្ទុក​របស់មន្ទីរពេទ្យ ដើម្បី​អាច​ព្យាបាលអ្នកជំងឺ​ដោយ​ប្រសិទ្ធិភាព។ ចំនួនឆ្លងមេរោគកូរ៉ូណា​ថ្មី​ធ្លាក់ចុះ ចំណែក​មធ្យោបាយ​ព្យាបាល និង​ឧបករណ៍​ធ្វើតេស្ត​រកអ្នកឆ្លងថ្មី ក៏មានគ្រប់គ្រាន់។ ការណ៍នេះ​ធ្វើ​ឲ្យគេ​គិត​ថា គេ​អាច​គ្រប់គ្រង​បាន​វិបត្តិកូវីដ។

ទោះបី​ជា​ជំងឺកូវីដ ស្ថិតនៅក្រោម​ការគ្រប់គ្រង ប៉ុន្តែ ប្រធាន​ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​បារាំង​ភ្លេចខ្លួន និង​ត្រូវ​បន្ត​អនុវត្ត​គម្លាតសង្គម ពាក់ម៉ាស​ជាប្រចាំ និង​យូរតទៅទៀត នៅពេល​ប្រើមធ្យោបាយ​ដឹកជញ្ជូន។

នៅក្នុង​សេចក្តីប្រកាស​ផ្តល់​យោបល់ របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុមប្រឹក្សា វិទ្យាសាស្រ្ត​បាន​បង្ហាញ​ផែនការ​ស្តីពី​វិធានការ​មួយចំនួន ដើម្បី ទប់ស្កាត់​ការឆ្លងជំងឺ​កូវីដ នៅ​រយៈពេល​ប៉ុន្មាន​ខែខាងមុខ។ នៅពេល​ចំនួន​អ្នកឆ្លង​ធ្លាក់ចុះ​ដោយមកមាន​វិធានការ​បិទខ្ទប់មនុស្ស​ក្នុង​ផ្ទះ អស់ ២ខែ ក្រុមប្រឹក្សា​វិទ្យាសាស្រ្ត លើកនេះ មិន​ផ្តល់​យោបល់​ឲ្យ​គេ​ចាប់ដាក់មនុស្ស​នៅក្នុង​ផ្ទះ​ដូចមុនទេ ព្រោះថា ធ្វើដូច្នេះ វា​មិនត្រឹម​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ប៉ុន្តែ វាប៉ះពាល់​ដល់​សិទ្ធិមនុស្ស ដែល​ប្រជាជន​បារាំង ពិបាក​នឹង​អាច​ទទួល​បាន​ជាលើកទី២៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ