អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​អំណាច​ថ្មី​មួយ​ឆ្នាំ​នៅអ៊ុយក្រែន​ បាន​នាំឲ្យ​ទំនាក់ទំនង​ប្រទេស​នេះ​ជាមួយ​រុស្ស៊ី​ប្រែប្រួល​ឫទេ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយឆ្នាំមុន នៅថ្ងៃ ២០ ឧសភា ឆ្នាំ ២០១៩  អតីតតារាកំប្លែង លោក Volodymyr Zelensky បាន ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីដឹកនាំរដ្ឋអ៊ុយក្រែន ដោយទទួលបានជំនឿទុកចិត្តសែនខ្ពស់ មិនធ្លាប់មានពីសំណាក់ប្រជាជន។ ក្នុងការបោះឆ្នោតជុំទី២ មានអ្នកស្រុកដល់ទៅជាង ៧៣% បានប្រគល់សម្លេងខ្លួនគាំទ្រដល់បេក្ខភាពគាត់ដោយសង្ឃឹមថា គាត់នឹងបញ្ចប់សង្គ្រាមក្នុងតំបន់បះបោររុស្ស៊ីនិយម នៅប៉ែកខាងកើតប្រទេសដូចដែលគាត់បានសន្យាពេលឃោសនាបោះឆ្នោត ហើយរៀបរយទំនាក់ទំនង ជាមួយរុស្ស៊ីនៅជិតខាង ឲ្យមានប្រក្រតីភាពវិញ។ ប៉ុន្តែ តាមការសង្កេតឃើញនៃក្រុងម៉ូស្គូ ក្នុងមួយឆ្នាំកន្លងទៅ គ្មានអ្វីប្រែប្រួលជាធំដុំទេ។ មិនតែប៉ុណ្ណោះ ថ្លែងក្នុងមហាសន្និសីទកាសែតឧទ្ទិសដល់ខួបមួយឆ្នាំនេះ មេដឹកនាំអ៊ុយក្រែនថែមទាំងទាមទារសំណងពីរុស្ស៊ីទៅផង ដែលតាមសំដីគាត់ គឺចំពោះការកាន់កាប់ទឹកដីគ្រីមេ និងដុនបាស់របស់អ៊ុយក្រែន ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ ASSOCIATED PRESS - Efrem Lukatsky
ផ្សាយពាណិជ្ជកម្ម

ទោះបីកន្លងផុតមួយឆ្នាំក្តី ក៏រវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែមិនទាន់ស្តារឡើងវិញឯណា ទំនាក់ ទំនងផ្លូវអាកាស ចំណែកទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរស្ថិតក្នុងសភាពបង្កកទុកដដែល។ មិនតែប៉ុណ្ណោះ កាលដែលនៅសល់មួយសប្តាហ៏ដល់កាលបរិច្ឆេទខួបមួយឆ្នាំនៃអំណាចខ្លួន លោក Zelensky ថែម ទាំងបានពន្យារទៅផង បម្រាមចេញដោយប្រធានាធិបតីមុន គឺលោក Poroshenko ហាមមិឲ្យបណ្តាញ សង្គមរុស្ស៊ី ដំណើរការនៅអ៊ុយក្រែន។

ពន្លត់ភ្លើងសង្គ្រាមឲ្យបានយ៉ាងឆាប់ នៅតំបន់បះបោរដុនបាស់រុស្ស៊ីនិយម ប៉ែកខាងកើតអ៊ុយក្រែន លោក Zelensky មិនបានសម្រេចដូចបំណងខ្លួនឡើយ ទោះបី ក្នុងសម័យឃោសនាបោះឆ្នោត គាត់បានថ្លែងយ៉ាង ក្លៀវក្លាថា “ ត្រូវតែឈប់បាញ់គ្នាគឺចប់ទៅហើយ”។ ក្នុងមួយឆ្នាំចុងក្រោយ នៅតំបន់ ដុនបាស់ ថ្វីត្បិតតែ គ្មាន សកម្មភាពយោធាទ្រង់ទ្រាយធំក្តី ក៏ ជាទូទៅ ស្ថានការណ៍ នៅតាមបណ្តោយខ្សែខ័ណ្ឌនៃសមរភូម៏ មិនសូវខុសប្លែក ពី អ្វីៗដែលធ្លាប់កើតមាន នៅទីនោះ រយៈពេល ៥ ឆ្នាំ ក្រោយពីមានចុះបានកិច្ចព្រមព្រៀង ក្រុង Minsk ។

ថ្លែងថ្ងៃ ២០ ឧសភា ក្នុងមហាសន្និសីទសារពត៏មាន បូកសរុបតុល្យាការនៃអំណាចមួយឆ្នាំរបស់គាត់ លោក ប្រធានាធិបតី Volodymyr Zelensky ប្រកាសថា ក្រោយពីចប់ទៅ រលកឆ្លងនៃកូវីដ-១៩ លើភពផែនដី អាល្លឺម៉ង់ បារាំង អ៊ុយក្រែន រុស្ស៊ី  នឹងបើកធ្វើជំនួបកំពូលថ្មី បន្ទាប់ពីជំនួបបែបនេះលើកមុន នៅក្រុងប៉ារីស កាលពីខែធ្នូឆ្នាំ ២០១៩ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី តទៅទៀត ឲ្យតំបន់ ដុនបាស់។

មិនតែប៉ុណ្ណោះ លោក Zelensky ថ្លែងថា អ៊ុយក្រែន ត្រៀមចរចា ជាមួយ រុស្ស៊ី ជុំវីញបញ្ហាដុនបាស់ទាំង ក្នុងក្របខ័ណ្ឌនៃ រូបមន្តផ្សេង។ តាមសំដីគាត់ ៖ កិច្ចព្រមព្រៀងក្រុង Minsk ជា អាទិភាព ប៉ុន្តែ គ្មាន នរណា ហាមមិនឲ្យដោះស្រាយបញ្ហានេះ តាមរូបមន្តផ្សេងឡើយ។ ខ្ញុំត្រៀមទទួលយក រូបមន្តណាក៏ដោយ ដែល នឹងបង្ខិតយើង ទៅដល់ទីអវសាននៃសង្គ្រាម ហើយបង្វែរដែនដីយើង មកវិញ។ ដោយមិនអាស្រ័យនឹង រូបមន្តណាឡើយ សម្រាប់ខ្ញុំសំខាន់គឺ លទ្ធផល។

លោកប្រមុខរដ្ឋ ក៏បានឲ្យដឹងថា ឥឡូវកំពុងប្រព្រឹត្តទៅ កិច្ចចរចាជាមួយរុស្ស៊ី ដើម្បីផ្តោះប្តូរ ឈ្លើយទៅវិញ ទៅមក ទាំងសំដែងនូវបំណង បង្វែរមកវិញ ពួកអ្នកទោសនយោបាយអ៊ុយក្រែន ដែលកំពុងជាប់ ក្នុងការ ឃុំឃាំង នៅរុស្ស៊ី ឫ នៅតាមពន្ធនាគារទៀបកោះ គ្រីមេ។ កិច្ចចរចា ប្រព្រឹត្តទៅ តាំងពីខែកុម្ភៈម៉្លេះ ។ វិមាន ក្រេមឡាំង តែងនិយាយថា ម៉ូស្គូ ប្រាថ្នាធ្វើការដោះដូរ គឺតាមរូបមន្ត “ដោះដូរឈ្លើយកុំឲ្យសល់ម្នាក់ឡើយ” ប៉ុន្តែ ការឆ្លងរាតត្បាតនៃកូវីដ-១៩ នៅក្នុងលោក និង វិធានការរឹតត្បិតបណ្តាលមកពីការឆ្លងនេះ បានផ្តាច់ ទៅ នីតិវិធីនេះ។

មិនតែប៉ុណ្ណោះ លោក Zelensky បានថ្លែងពី បំណងដោះស្រាយបញ្ហាគ្រីមេ។ “ យើងមិនភ្លេចសោះឡើយ អំពីការបង្វែរប្រជាពលរដ្ឋយើងនៅទៀបកោះគ្រីមេ និង ទៀបកោះនេះផ្ទាល់ ជា ដែនដីយើង ដែលកាន់កាប់ ខុសច្បាប់ ដោយរុស្ស៊ី -  លោក Zelensky កត់សម្គាល់ ទាំងបន្ថែមថា កិច្ចចរចាត្រង់ផ្ទាល់ជាមួយលោក ប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺចាំបាច់ត្រូវតែធ្វើ ទន្តឺមនឹង ការងារខាងបំពេញតាមកិច្ចព្រមព្រៀងក្រុង Minsk។

លោក Zelensky ថ្លែងថា គាត់នឹងតស៊ូរហូតដល់ទីអវសាន ដើម្បី កិច្ចព្រមព្រៀងក្រុង Minsk ហើយ ប្តេជ្ញា បំពេញតាមឯកសារនេះ ទាល់តែដល់ចុងដល់ត្រើយ ក្នុងប៉ុន្មានខែចំពោះមុខ។ ។ ព្រមជាមួយនេះ គាត់ ថែមទាំងរំលឹក អំពី ផែនការ B និង C ទាក់ទងនិង ដុនបាស់ ដែលនឹងដាក់ឲ្យដំណើរការ ក្នុងករណីបើ ផែនការ A មិនលេចចេញជាផ្លែផ្កា ដូចចិត្តទេ ប៉ុន្តែ តើអ្វីជាខ្លឹមសារនៃផែនការទាំងនេះ គាត់មិនលំអិតឲ្យ ដឹងឡើយ ដោយគ្រាន់តែថ្លែងថា គាត់មិនសូវចង់លើកវាយកមកអនុវត្ត ។

កាលពីចុងឆ្នាំមុន មានលេចចេញមកជា ពត៏មានដែលថា អ៊ុយក្រែន បានតាក់តែង សេណារីយ៉ូ ៥ ដើម្បី បញ្ចូលតំបន់ដុនបាស់ មកក្នុងសមាសភាពអ៊ុយក្រែនវិញ។ កាលណោះ លោក Zelensky បានបំផុសមក ទស្សនាទាន ក្រោមឈ្មោះថា “ តុលាការអន្តរកាល” ដែលនឹង សាយភាយទៅលើទៀបកោះគ្រីមេ និង តំបន់ ដុនបាស់។ ក្នុងឋានៈជា ភារកិច្ចជាយថាហេតុ ពួកអ្នកតាក់តែង ទស្សនាទាននេះ លើកឡើង គឺ ការកាត់ ទោស ពួកអ្នកជាប់ពិរុទ្ធ ចំពោះឧក្រិដ្ឋកម្មប្រព្រឹត្ត ក្នុងជម្លោះប្រដាប់អាវុធ , ការសងសំណងប៉ះប៉ូវ ចំពោះ ការខូចខាត ដល់អ្នកណាដែលរងគ្រោះ , “ការស្តារឡើងវិញរឿងពិត” បានន័យថា ស៊ើបអង្កេតពី បទឧក្រិដ្ឋ ណាដែលលាន់រន្ទឺ ព្រមទាំង បញ្ចៀសកុំឲ្យមានជម្លោះបែបនេះ កើតឡើងទៀតឡើយក្នុងអនាគត។

បើពិចារណាទៅតាម ឯកសារដែលមានត្រៀមទុក អ៊ុយក្រែន នឹងដាក់ពាក្យបណ្តឹងទល់នឹងរុស្ស៊ី ទៅ តុលាការព្រហ្មទណ្ឌអន្តរជាតិ  ដើម្បីចោទរុស្ស៊ី តាមបទប្រព្រឹត្ត ឧក្រិដ្ឋកម្មសង្គ្រាម, ឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ និង តាមបទរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តនៅតាម ដែនដីទាំងសងខាងពី ខ្សែខ័ណ្ឌនៃសមរភូម៏។

មិនតែប៉ុណ្ណោះ ក្រុង គៀវ ចង់ទាមទារពីម៉ូស្គូ ឲ្យសងសំណងប៉ះប៉ូវ ចំពោះការកាន់កាប់តំបន់ ដុនបាស់។ តាម ការបកស្រាយរបស់អ៊ុយក្រែន រុស្ស៊ីជា ”ប្រទេសឈ្លានពាន” ដូច្នេះ តាមរយៈ តុលាការអន្តរជាតិនានា គឺ ត្រូវផ្ទេរប្រាក់ ទៅក្នុងមូលនិធិពិសេសដែលបង្កើតឡើង។ មូលនិធិនេះ នឹងចែកចាយប្រាក់ ដែលនឹងទទួល បានពីរុស្ស៊ី ដល់អ្នកស្រុកដុនបាស់ ។ មូលនិធិក៏នឹងបំពេញទៅដោយ ធនធាននៃថវិការរដ្ឋអ៊ុយក្រែន នៃ មូលនិធិមនុស្សធម៏ប្លែកៗ និង ជំនួយអន្តរជាតិ។ បញ្ហា តើ អ្នកណា និង ប្រាក់ទំហំប៉ុណ្ណា ដែលត្រូវទទួល បាន ចំពោះការខូចខាតនៅតំបន់ដុនបាស់ គឺនឹងដោះស្រាយដោយ អង្គការពិសេស បង្កើតឡើងដោយ រដ្ឋាភិបាលអ៊ុយក្រែន៕

ចំណែក ភារកិច្ចខាង” ស្តារការពិតឡើងវិញ” អំពីព្រឹត្តិការណ៍ដែលប្រព្រឹត្តទៅ ក្នុងជម្លោះប្រដាប់អាវុធ នៅ ដុនបាស់ គឺ នឹងជាប់ដៃរវល់ដោយ អង្គការឯករាជពិសេស  បង្កើតឡើង ទៅតាមគម្រូ នៃ គណៈកម្មការ សច្ចធម៏ និង ផ្សះផ្សាជាតិ  ដែលបានដំណើរការនៅអាហ្វ្រិកខាងត្បូង ក្រោយពី របប Apartheid រលំទៅ ក្នុងឆ្នាំ ១៩៩១ ព្រមទាំង ដូចគណៈកម្មការបែបនេះ នៅតាមប្រទេស អាមេរិកឡាទីន និង អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ