អានតួអត្ថបទ
ថាមពល-អាកាសធាតុ-កូវីដ១៩

IEA៖ កូវីដ​១៩​ នឹង​ធ្វើឲ្យការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ធ្លាក់ចុះ​ខ្លាំង​បំផុត​នៅ​ឆ្នាំ​២០២០​នេះ

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (IEA) ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៣០​ មេសា​នេះ​ បាន​ឲ្យ​ដឹង​ថា​ វិបត្តិ​កូវីដ​១៩​ ទំនងជា​នឹង​ធ្វើ​ឲ្យ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ក្នុង​វិស័យ​ថាមពល​ធ្លាក់ចុះ​ខ្លាំងបំផុត​នៅ​ឆ្នាំ​២០២០​នេះ​។ បើ​យោង​ទៅ​តាម​ការ​ព្យាករណ៍​របស់​ IEA ការ​បំភាយ​ឧស្ម័ន​កាបូនិក​ អាច​នឹង​ធ្លាក់ចុះ​រហូត​ដល់​ប្រមាណ​ជា​ ៨ %​ នៅ​ឆ្នាំ​នេះ​ ដោយសារតែ​ការ​ធ្លាក់​ចុះ​ដ៏​កម្រ​នូវ​តម្រូវ​ការ​ធ្យូងថ្ម​ ប្រេង​និង​ឧស្ម័ន​។

រោងចក្រថាមពលធ្យូងថ្មរបស់ក្រុមហ៊ុនថាមពលយក្សអាល្លឺម៉ង់ RWE នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០។,
រោងចក្រថាមពលធ្យូងថ្មរបស់ក្រុមហ៊ុនថាមពលយក្សអាល្លឺម៉ង់ RWE នៅភាគខាងលិចប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០។, © INA FASSBENDER / AFP
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ លើកឡើង​បែប​នេះ​ដោយ​ផ្អែក​តាម​ការ​វិភាគ​ទៅលើ​តម្រូវ​​ការ​ថាមពល​អគ្គិសនី​ក្នុង​រយៈពេល​ជាង​ ១០០​ ថ្ងៃ​ អំឡុង​ពេល​ដែល​ប្រទេស​នៅ​ជុំវិញ​​ពិភព​លោក​បិទទ្វារ​ និង​បង្ខាំង​ឲ្យ​ពលរដ្ឋ​នៅ​តែ​ក្នុង​ផ្ទះ​ ក្នុង​គោលបំណង​គ្រប់គ្រង​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ​១៩​។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ បាន​ព្យាករ​ថា​ តម្រូវការ​ថាមពល​សកល​ នឹង​ធ្លាក់ចុះ​ចំនួន​ ៦%​ ក្នុង​ឆ្នាំ​ ២០២០​នេះ​ ពោល​គឺ​ធ្លាក់​ចុះ​ ៧ ដង​ ច្រើនជាង​ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០០៨​ និង​ជាការ​ធ្លាក់ចុះ​ខ្លាំង​បំផុត​ ចាប់តាំង​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី ២​។

ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​ថាមពល​នេះ​ បណ្តាលមកពី​ប្រទេស​អ្នក​ប្រើប្រាស់​ថាមពល​ធំៗ​ លែង​ប្រើប្រាស់​ថាមពល​ច្រើន​ដូច​មុន​ ក្នុង​អំឡុងពេល​នៃ​ការ​រីករាលដាល​មេរោគ​កូរ៉ូណាថ្មី​។ តួយ៉ាង​ ឥណ្ឌា​ដែលជា​អ្នក​ប្រើប្រាស់​ថាមពល​ធំ​ជាងគេ​លំដាប់​ទី៣​ ក្នុង​ពិភពលោក​ លែង​មាន​តម្រូវការ​ថាមពល​ទាំងស្រុង​តែម្តង​ក្នុង​រដូវកាល​កូវីដ​១៩​។

ទន្ទឹមគ្នានេះ​ ការ​ប្រើប្រាស់​ថាមពល​ក៏​មាន​ការថយចុះ​ខ្លាំង​សម្បើមណាស់​ដែរ​ នៅក្នុង​បណ្តា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាច្រើន​។ ជាក់ស្តែង​ នៅ​សហរដ្ឋអាមេរិក​ តម្រូវការ​ធ្លាក់ចុះ​ចំនួន​ ៩%​ ហើយ​ការ​ធ្លាក់ចុះ​តម្រូវការ​ថាមពល​ទំនងជា​ធ្លាក់ចុះ​រហូត​ដល់​ ១១%​ នៅ​អឺរ៉ុប​។

“ នេះ​ គឺជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ពិភពថាមពល​ទាំងមូល​”។ នេះ​គឺជា​ប្រសាសន៍​របស់​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ លោក Fatih Birol ដោយ​បាន​បន្ថែមទៀត​ថា​ ការ​ថយចុះ​នៃ​តម្រូវការ​ប្រេង​ ធ្យូងថ្ម​ និង​ឧស្ម័ន​គឺជា​រឿង​មិន​គួរ​ឲ្យ​ជឿ​ឡើយ​។

គួរជ្រាបថា​ ស្របពេល​ដែល​តម្រូវការ​ថាមពល​ដើរ​ដោយ​ប្រេង​ ធ្យូងថ្ម​ ហើយនិង​ឧស្ម័ន​មាន​ការ​ធ្លាក់ចុះ​ខ្លាំង​ គេ​កត់សម្គាល់​ឃើញពី​ការផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​។ ការ​ផ្លាស់ប្តូរ​នោះ​ គឺ​ការ​ងាក​មក​ប្រើ​ប្រភព​ថាមពល​ដែល​បំភាយ​ឧស្ម័ន​កាបូនិក​ទាប​ ដូចជា​ថាមពល​ដើរ​ដោយ​កម្លាំង​ខ្យល់​ និង​ពន្លឺ​ព្រះអាទិត្យ​ជាដើម​។

និន្នាការ​ថ្មី​ចុងក្រោយ​នេះ​ នឹងអាច​ធ្វើឲ្យ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក​ក្នុង​វិស័យ​ថាមពល​ធ្លាក់​ខ្លាំង​ រហូត​ដល់​ប្រមាណ​ជា​ ៨ %​។ ទាក់ទង​រឿងនេះ​ អង្គការ​សហប្រជាជាតិ​ បាន​លើក​ឡើងថា​ ការ​បំភាយ​ឧស្ម័ន​កាបូនិក​ ត្រូវតែ​ធ្លាក់​ចុះ​ចំនួន​ ៧,៦%​  ជា​រៀងរាល់​ឆ្នាំ​រហូត​ដល់​ឆ្នាំ​ ២០៣០​ ដើម្បី​អាច​ទប់ស្កាត់​មិនឲ្យ​សីតុណ្ហភាព​មធ្យម​លើ​ភពផែនដី​កើនឡើង​លើស​ពី​ ១,៥ អង្សារ​ នៅចុង​សតវត្សរ៍​នេះ​ ស្របទៅ​តាម​មហិច្ឆតា​ដែល​មាន​នៅក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ​២០១៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ