អានតួអត្ថបទ

បារាំង​ប្រកាស​រឹតបន្តឹង​បម្រាម​មិន​ឱ្យ​​ពលរដ្ឋ​ចេញ​ក្រៅផ្ទះ និង​មានទោសដាក់ពន្ធនាគារ

នៅបារាំង រដ្ឋាភិបាល​បានបន្ត​​រឹត​បន្តឹង​បម្រាម​ហាម​មិន​ឱ្យ​ពលរដ្ឋ​ចេញពី​ផ្ទះ និង​បញ្ជាក់​កាន់តែ​លម្អិត​ពី​ករណី​ពិសេស​មួយ​ចំនួន​ ដូចជា​លំហាត់​ប្រាណ​ជាដើម។ ចំណែក​ការ​ផាកពិន័យ​ជាប្រាក់ ចំពោះ​ជន​ល្មើសបម្រាម​ គឺកាន់តែ​ធ្ងន់​ជាង​មុន និង​មានទោស​ដាក់​ពន្ធនាគារ​ថែមទៀត​ផង។ ការ​សម្រេច​ថ្មីនេះ ប្រកាស​ដោយ​លោកនាយករដ្ឋមន្ត្រី អេឌ័រ ហ្វីលីព (Edouard Philippe) នៅយប់ថ្ងៃ​ចន្ទ ទី​២៣មីនា​។

Le Premier ministre français Edouard Philippe dévoile les détails d'un plan de réforme des retraites à Paris, France le 11 décembre 2019.
Le Premier ministre français Edouard Philippe dévoile les détails d'un plan de réforme des retraites à Paris, France le 11 décembre 2019. Thomas Samson/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

មួយ​សប្តាហ៍​មកហើយ ដែល​ពលរដ្ឋ​បារាំង​ត្រូវ​បង្ខាំង​ឱ្យ​នៅ តែ​ក្នុងផ្ទះ​។ ​​ នាយករដ្ឋមន្ត្រីបារាំង​ ចេញ​មុខ​លម្អិត​ពី​បម្រាមបង្ខាំង​ពលរដ្ឋ​ ឱ្យ​កាន់តែ​ច្បាស់​ជាងមុន។ បើ​តាមលោក អេឌ័រ ហ្វីលីព, ការ​ធ្វើ​លំហាត់ប្រាណ ពិសេស​​ការ​រត់​ហាត់​ប្រាណ​ក្រៅគេហដ្ឋាន​​ ​អាច​ធ្វើ​ទៅបាន​ តែម្តង​គត់​ក្នុងមួយ​ថ្ងៃ  ដែល​រយៈពេល​យ៉ាងច្រើន​បំផុត កម្រិត​មួយ​ម៉ោងប៉ុណ្ណោះ​ ហើយ​ក្នុងរយៈចម្ងាយ​តែ​១គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទះ។​

​ផ្សារលក់ដូរ​នៅ​​តាម​ទីធ្លាសាធារណៈ​ ឬហៅសាមញ្ញថា ផ្សារមេឃ គឺត្រូវ​ហាម​ឃាត់។ មិនតែប៉ុណ្ណោះ ហាង​លក់​ទំនិញ​មួយ​ចំនួន ក៏​នឹង​បិទ​ដែរ។ ប្រមុខ​រដ្ឋាភិបាល បាន​ប្រគល់​សិទ្ធ​​សម្រេចមួយ​ចំនួន ទៅ​ថ្នាក់​​ឃុំ​សង្កាត់ ជា​អាជ្ញាធរ​មូលដ្ឋាន​ ​ថាត្រូវ​​បិទហាង​លក់ទំនិញណាមួយ ​ឬក៏​​កំណត់​ចំនួន​ម៉ោង​ ដែល​អាច​បើក​លក់​ដូរបាន។

បម្រាម​ថ្មី​របស់​រដ្ឋបារាំង ​រឹតតែ​តឹងតែង​​និង​ច្បាស់​លាស់​ជាងមុន។ ប្រសិន​បើ​ជន​ណា​មិន​គោរព​បម្រាម​បង្ខាំង​របស់​រដ្ឋអំណាច​នោះទេ ការ​ផាកពិន័យ​ គឺ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ​ទៅទៀត។ លោក​នាយករដ្ឋមន្ត្រីបារាំង បាន​បញ្ជាក់ថា ប្រាក់​ផាកពិន័យ​ចំពោះ​ជនល្មើស អាច​ចាប់​ពី​១៣៥អឺរ៉ូ ឡើង​ទៅ​ ១ពាន់​៥រយអឺរ៉ូ ក្នុងករណី​ល្មើស​ផ្ទួនគ្នា រង្វង់​រយៈ​ពេល​១៥ថ្ងៃ។ ប្រសិន​បើ​មិន​រៀងចាល ជនល្មើស​​ដែល​រំលោភ​បម្រាម​ ចំនួន​៤ដង ក្នុង​រយៈពេល​៣០ថ្ងៃ គឺ​អាច​ត្រូវ​ផាកពិន័យ​ដល់ ៣ពាន់​៧រយ​អឺរ៉ូ ហើយ​មាន​ទោស​ដាក់​ពន្ធនាគារ ​ចំនួន​៦ខែ ​ទៀត​ផង។

គួរ​ជ្រាបដែរថា ​ក្រុមប្រឹក្សារដ្ឋបារាំង ជាតុលាការ​កំពូល​​ផ្នែករដ្ឋបាល ពីថ្ងៃអាទិត្យ​កន្លងទៅ បានសម្រេច​​ឱ្យ​រដ្ឋាភិបាល​បញ្ជាក់​លម្អិត​ពីវិធានការ​រឹតត្បឹតក្នុង​​ការ​ធ្វើ​ដំណើរ ការបង្ខាំង​ និង​វិធានការ​សុខភាព ព្រោះថា ចំណាត់ការនិង​ពាក្យ​មួយ​ចំនួន​របស់​រដ្ឋអំណាច ហាក់​មាន​ន័យ​ទូលំទូលាយ​ពេក​។ ការសម្រេច​របស់​​ ក្រុមប្រឹក្សារដ្ឋបារាំង គឺ​ក្រោយ​មានការ​ប្តឹងពី​សំណាក់​សហជីព​វេជ្ជបណ្ឌិត​វ័យ​ក្មេង  ដែល​គិតថា ការដាក់បម្រាមលើកមុន ធូរស្រាល  ពេក វានាំឱ្យ​មេរោគរីករាលដាល ហើយនិង​​ប៉ះពាល់ដល់ជីវិតប្រជាជន។

មកទល់ពេលនេះ បារាំង បានប្រទេសក្នុងកម្រិតអាសន្នថ្នាក់ជាតិ ដ្បិតថា ចំនួនអ្នកឆ្លងកូវីដ១៩ ចំនួនសរុបបាន​កើនឡើងជិត២ម៉ឺននាក់ ហើយអ្នកស្លាប់ សរុបជាង៨៦០នាក់ ក្នុងនោះ មានគ្រូពេទ្យនិងវេជ្ជបណ្ឌិត ៥នាក់ផង បានស្លាប់។ ចំនួនអ្នកស្លាប់ នៅថ្ងៃចន្ទ ទី​២៣មីនា មានស្លាប់ ១៨៦នាក់ តែក្នុងមួយថ្ងៃ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ